នាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) បានលើកឡើងនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោករដូវក្ដៅលើកទី១៤ នៅឯទីក្រុងធានជិនភាគខាងជើងនៃប្រទេសចិន ថា ដោយបានឆ្លងកាត់ឧបទ្រពចង្រៃពីវិបត្តិសកល យើងទាំងអស់គ្នាគួរតែលើកតម្កើងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការបន្ថែមទៀត។
លោកនាយករដ្ឋមន្ត្រីចិនបានកត់សម្គាល់ថា ក្នុងរយៈពេល ៣ ឆ្នាំកន្លងទៅ ប្រទេសទាំងអស់បានប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងក្លាទល់នឹងជំងឺរាតត្បាតកូវីដ-១៩ ជាការបង្ហាញឱ្យឃើញនូវកម្លាំងដ៏ខ្លាំងក្លារបស់មនុស្សជាតិដែលចូលមករួបរួមគ្នា និងជួយមើលគ្នាទៅវិញទៅមកក្នុងគ្រាលំបាក។
នាយករដ្ឋមន្ត្រីចិន បានគូសបញ្ជាក់ថា នៅពេលប្រឈមមុខនឹងវិបត្តិធំៗ ពុំមានប្រទេសណាមួយអាចនៅស្ងៀម ឬដោះស្រាយបញ្ហាដោយដៃម្ខាងបានទេ ហើយលោក លី កាង បានបន្ថែមថា មនុស្សជាតិក៏ត្រូវប្រឈមមុខនឹងបញ្ហាប្រឈមសកលនានា ដូចជាការប្រែប្រួលអាកាសធាតុ ហានិភ័យបំណុល កំណើនយឺតនៃសេដ្ឋកិច្ច ព្រមទាំងគម្លាតរវាងប្រទេសជឿនលឿននិងប្រទេសក្រីក្រ។
នាយករដ្ឋមន្ត្រីចិនបានបញ្ជាក់យ៉ាងដូច្នេះថា "ក្នុងនាមជាសហគមន៍ដែលមានអនាគតរួមគ្នា យើងត្រូវលើកកម្ពស់ផលប្រយោជន៍ពីកិច្ចសហប្រតិបត្តិការ, ទទួលយកទស្សនៈស្ដីពីកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ហើយធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមជាសកលទាំងនេះ ព្រមទាំងលើកកម្ពស់វឌ្ឍនភាពរបស់មនុស្សជាតិ"។
សូមបញ្ជាក់ថា កិច្ចប្រជុំប្រចាំឆ្នាំលើកទី ១៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោករដូវក្ដៅ ត្រូវបានរៀបចំឡើងក្រោមមូលបទ "សហគ្រិនភាពជាកម្លាំងជំរុញនៃសេដ្ឋកិច្ចសកល"។ ព្រឹត្តិការណ៍នេះគ្របដណ្តប់លើប្រធានបទសំខាន់ៗចំនួន ៦ ពោលគឺការរៀបចំប្រព័ន្ធកំណើនសេដ្ឋកិច្ចឡើងវិញ, ប្រទេសចិនក្នុងបរិការណ៍សកល, ការផ្លាស់ប្តូរថាមពលនិងវត្ថុធាតុដើម, អ្នកប្រើប្រាស់ក្រោយពេលមានជំងឺរាតត្បាត, ការការពារធម្មជាតិនិងអាកាសធាតុ, និងការដាក់ឱ្យប្រើប្រាស់នវានុវត្តន៍។
ក្នុងឱកាសនោះ អ្នកចូលរួមក៏បានគិតទុកជាមុនថានឹងមានការពិភាក្សាអំពីគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវរបស់ប្រទេសចិនដែរ។ សូមរម្លឹកថា ក្នុងឆ្នាំ ២០១៣ ប្រទេសចិនបានដាក់ចេញនូវគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (BRI) ដើម្បីជំរុញកម្លាំងអូសទាញថ្មីនៃការអភិវឌ្ឍក្នុងពិភពលោក។ មានប្រទេសជាង ១៥០ និងអង្គការអន្តរជាតិជាង ៣០ បានចុះហត្ថលេខាលើឯកសារនានាក្នុងក្របខ័ណ្ឌគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួដែលបានកត់សម្គាល់ថា វាបាននាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចសម្រាប់ប្រទេសដែលចូលរួមក្នុងគំនិតផ្ដើមនេះ។ ក្រៅពីនេះ អ្នកចូលរួមទាំងឡាយក៏នឹងពិភាក្សាគ្នាអំពីការព្យាករសេដ្ឋកិច្ចពិភពលោក បច្ចេកវិទ្យាបញ្ញាសប្បនិម្មិត និងទីផ្សាកាបូនសកលលោកដែរ
ប្រែសម្រួលដោយ៖ ឯម មាឃ