ការផាកពិន័យ១ពាន់លានដុល្លារដោយធនាគារកណ្ដាលចិនចំពោះក្រុមហ៊ុន Ant Group របស់មហាសេដ្ឋីចិន លោក Jack Ma ដោយសារតែ ការពង្រីកដើមទុនគ្មានសណ្ដាប់ធ្នាប់របស់ក្រុមហ៊ុននេះ ដែលបង្កឲ្យមានហានិភ័យផ្នែហិរញ្ញវត្ថុ ចំពោះអាជីវកម្មដែលក្រុមហ៊ុនបានបង្កើតឡើង ពោលគឺ វាពាក់ព័ន្ធនឹងការ គម្រោងបោះផ្សាយលក់មូលបត្រតម្លៃ៣៧ពាន់លានដុល្លារកាលពី២ឆ្នាំមុន របស់ក្រុមហ៊ុន Ant Group ដែលត្រូវបានបញ្ជាឲ្យផ្អាកដោយអាជ្ញាធរ។
ប្រភពព័ត៌មានដែលដឹងរឿងនេះ បានបញ្ជាក់នៅក្នុងសារព័ត៌មានរ៉យទ័រថា ធនាគារកណ្តាលចិននេះ បានស្ថិតក្នុងទំនាក់ទំនងក្រៅផ្លូវការជាមួយក្រុមហ៊ុន Ant Group អំពីការផាកពិន័យនេះ កាលពីរបីខែមុន។ ធនាគារមួយនេះ ក៏គ្រោងនឹងបើកកិច្ចពិភាក្សាបន្ថែមទៀតជាមួយនិយ័តករផ្សេងៗ អំពីការកែតម្រូវរបស់ក្រុមហ៊ុន Ant Group ស្របតាមអ្វីដែលនិយ័តករទាមទារនៅចុងឆ្នាំនេះផងដែរ ហើយនឹងប្រកាសការផាកពិន័យជាផ្លូវការនៅត្រឹមត្រីមាសទី២ឆ្នាំក្រោយ
យ៉ាងណាក៏ដោយចុះ ការផាកពិន័យណាមួយទៅលើក្រុមហ៊ុន Ant Group អាចនឹងជួយបើកផ្លូវសម្រាប់ឱ្យក្រុមហ៊ុននេះ ធានាកាន់កាប់អាជ្ញាបណ្ណ ស្វែងរកភាពរីកចម្រើនជាថ្មីម្តងទៀត និងអាចពិនិត្យផែនការរបស់ខ្លួនឡើងវិញសម្រាប់ការបោះផ្សាយលក់មូលបត្រជាដើម។
ការផាកពិន័យនេះ នឹងក្លាយជាការដាក់ទោសទណ្ឌដ៏ធំបំផុតមួយទៀត របស់និយ័តករចិនទៅលើក្រុមហ៊ុនបច្ចេកវិទ្យាចិន បន្ទាប់ពីក្រុមហ៊ុន Didi Global ត្រូវបានផាកពិន័យប្រមាណ ១,២ពាន់លានដុល្លារ កាលពីខែកក្កដាកន្លងទៅ និងក្រុមហ៊ុន Alibaba ត្រូវបានបង្គាប់ឱ្យបង់ប្រាក់ពិន័យ ២,៥ពាន់លានដុល្លារកាលពីឆ្នាំមុន៕
អត្ថបទ៖ នៅ សំភី