បច្ចុប្បន្នអាជ្ញាធរអាមេរិក កំពុងរៀបចំនីតិវិធីត្រួតពិនិត្យ លើក្រុមហ៊ុនបរទេសទាំងឡាយ មិនថាតែក្រុមហ៊ុនចិននោះទេ ប្រសិនបើការធ្វើសវនកម្ម (Aduting) របស់ក្រុមហ៊ុនទាំងនោះ ឃើញថា មិនស្របតាមស្តង់ដារតម្រូវរបស់អាមេរិកទេ នោះគេនឹងពិចារណាលុបឈ្មោះក្រុមហ៊ុនទាំងនោះចោល ពីផ្សារហ៊ុនអាមេរិកតែម្ដង។
ជាមួយគ្នានេះ ក្រុមហ៊ុនគណនេយ្យករដែល ទទួលធ្វើសវនកម្មលើក្រុមហ៊ុនបរទេសក្នុងសហរដ្ឋអាមេរិក បានត្អូញត្អែរជាយូរណាស់មកហើយអំពីការខ្វះខាតលទ្ធភាព និងភាពបើកចំហរ ទទួលបានឯកសារការងារ ដើម្បីធ្វើសវនកម្មសម្រាប់ក្រុមហ៊ុនចិន ដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិក។ ការរិតត្បិតបែបនេះ ក៏ដោយសារតែអាជ្ញាធរចិនមានភាពស្ទាក់ស្ទើរក្នុងការអនុញ្ញាតឱ្យនិយតករក្រៅប្រទេស ត្រួតពិនិត្យឯកសារការងាររបស់ក្រុមហ៊ុនគណនេយ្យក្នុងស្រុករបស់ខ្លួន។
យ៉ាងណាមិញ ក្រោយអាជ្ញាធរអាមេរិកផ្តើមចាត់វិធានការលើបញ្ហានេះ បានធ្វើឲ្យនិយតករចិនញាប់ដៃញាប់ជើង រកវិធីដោះស្រាយជាមួយអាជ្ញាធរអាមេរិក ដើម្បីកុំឲ្យមានការលុបឈ្មោះក្រុមហ៊ុនចិន ចេញពីផ្សារហ៊ុនអាមេរិក។
ជាក់ស្តែងលោក សិន ប៊ីង (Shen Bing) អគ្គនាយកនៃនាយកដ្ឋានកិច្ចការអន្តរជាតិរបស់គណៈកម្មការគ្រប់គ្រងមូលបត្រចិនបាននិយាយថា វាមិនមែនជារឿងល្អនោះទេ ប្រសិនបើក្រុមហ៊ុនចិនត្រូវគេលុបឈ្មោះចេញពីបញ្ចីផ្សារហ៊ុនអាមេរិកដ៏ធំមែននោះ។ វាមិនមែនជារឿងល្អទាំងក្រុមហ៊ុន ទាំងសម្រាប់អ្នកវិនិយោគ និងសម្រាប់ទីផ្សារហ៊ុនសកលលោកទាំងមូល។
លោក សិន ប៊ីងបានបន្តថា ក្រុមការងាររបស់លោកកំពុង ធ្វើការយ៉ាងសកម្មដើម្បីដោះស្រាយបញ្ហាសវនកម្មជាមួយសមភាគីសហរដ្ឋអាមេរិក ហើយទំនាក់ទំនងកំពុងតែរលូន និងប្រកបដោយភាពបើកចំហ។ លោកអះអាងថា វាអាចមានហានិភ័យនៃការលុបឈ្មោះក្រុមហ៊ុនទាំងនេះ ប៉ុន្តែគេកំពុងព្យាយាមយ៉ាងខ្លាំងដើម្បីការពារកុំឱ្យវាកើតឡើង។
សូមជម្រាបថា ការដែលសហរដ្ឋអាមេរិកចាប់ផ្តើមសើរើ លើក្រុមហ៊ុនបរទេសចុះបញ្ចីក្នុងផ្សារហ៊ុនអាមេរិកដូចនេះ គឺធ្វើឡើងស្របតាមច្បាប់ថ្មីមួយ ដែលអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំបានចុះហត្ថលេខា កាលពីចុងខែធ្នូឆ្នាំ២០២០ គ្រាដែលលោកសល់ពេលមិនដល់មួយសប្តាហ៍ផង ក្នុងតំណែងរបស់លោក។ជាប្រធានាធិបតីអាមេរិក ទង្វើនេះត្រូវបានគេមើលឃើញថា ជាការដាក់សម្ពាធលើក្រុមហ៊ុនចិន ដែលរកស៊ីនៅអាមេរិកច្រើនជាង ទៅលើក្រុមហ៊ុនបរទេសដទៃ។
ច្បាប់ថ្មីនោះ បានផ្តើមអនុវត្តចាប់ពីខែកញ្ញាមក ហើយវាសំដៅដល់ការលុបឈ្មោះក្រុមហ៊ុនបរទេសចេញពីបញ្ជីផ្សារហ៊ុនអាមេរិក ប្រសិនបើក្រុមហ៊ុនទាំងនោះ មិនបានធ្វើសវនកម្មស្របតាមស្តង់ដារអាមេរិក ក្នុងពេល៣ឆ្នាំម្តង៕