នៅក្នុងខ្សែវីដេអូប្រមាណ១៥នាទី ដែលបានថតទុករួចជាស្រេច និងត្រូវបានយកទៅចាក់ផ្សាយនៅក្នុងកិច្ចប្រជុំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា APEC លោកស៊ី បានថ្លែងទៅកាន់ថ្នាក់ដឹកនាំប្រទេសទាំងអស់ដែលបានចូលរួមថា តំបន់អាស៊ីប៉ាស៊ីហ្វិច មិនអាច ហើយក៏មិនគួរត្រឡប់ទៅរកការប្រឈមមុខដាក់គ្នា ព្រមទាំងបែងចែកបក្សពួកដូចសម័យសង្រ្គាមត្រជាក់ទៀតទេ។
ការគូសបញ្ជាក់របស់លោក ស៊ី ជីងពីង ធ្វើឡើងនៅមុនកិច្ចប្រជុំមេដឹកនាំកំពូលរបស់វេទិកា APEC តាមប្រព័ន្ធអនឡាញ មានសមាជិកទាំងអស់ ២១ ហើយក៏ជាពេលដែលលោក ស៊ី និង ប្រធានាធិបតីអាមេរិក ចូ បៃឌិន ព្រមទាំងសមភាគីរបស់ពួកគេនឹងពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ចសំខាន់ៗនៅក្នុងតំបន់។
សមភាគីទាំងពីរ គឺ ចិន និង អាមេរិក ក៏គ្រោងនឹងជួបពិភាក្សាគ្នាលក្ខណៈទ្វេភាគី តាមប្រព័ន្ធអនឡាញនៅសប្តាហ៍ក្រោយ បន្ទាប់ពីកិច្ចប្រជុំ APEC ផងដែរ។ ខណៈពេលដែលសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិក កំពុងងើបឡើងវិញបន្តិចម្តងៗពីជំងឺរាតត្បាត កូវីដ-១៩ ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកំពុងកើនឡើងខ្ពស់ ដោយសារតែការប្រជែងគ្នារវាងទីក្រុងប៉េកាំង និង ទីក្រុងវ៉ាស៊ីនតោន។ រដ្ឋបាលលោក បៃឌិន បានស្វែងរកការពង្រឹងសម្ព័ន្ធភាពសន្តិសុខនៅក្នុងតំបន់តាមរយៈកិច្ចសហការក្នុងចំណងចតុភាគី ជាមួយ អូស្ត្រាលី ជប៉ុន និង ឥណ្ឌា ហៅកាត់ថា ខ្វត (Quad) ហើយថ្មីៗនេះទៀតសោត បានលេចចេញនូវកិច្ចព្រមព្រៀង AUKUS ថ្មីមួយទៀតជាមួយ ចក្រភពអង់គ្លេស និងអូស្ត្រាលី។
ទាំងអស់នេះហើយ ត្រូវបានមេដឹកនាំក្រុងប៉េកាំងស្តីបន្ទោសថា ជាការព្យាយាមគូសបន្ទាត់មនោគមវិជ្ជា ឬ បង្កើតជាក្រុមបក្សពួកតូចៗ ឈរលើមូលដ្ឋានប្រើប្រាស់ភូមិសាស្ត្រនយោបាយជាយុទ្ធសាស្ត្រ តែលោកស៊ី ជីនពីង ជឿថា វានឹងត្រូវបរាជ័យជាមិនខាន។
សូមជម្រាបថា កិច្ចប្រជុំកំពូល APEC រយៈពេលពីរថ្ងៃ ចាប់ពី ថ្ងៃព្រហស្បតិ៍ ដល់សុក្រសប្តាហ៍នេះ នឹងពិភាក្សាគ្របដណ្តប់លើបញ្ហាជាច្រើន ដូចជា ឌីជីថលភាវូបនីយកម្ម ការប្រែប្រួលអាកាសធាតុ និង បញ្ហាប្រឈមផ្សេងទៀត តាមរយៈការថ្លែងសុន្ទរកថា គន្លឹះ និងការចូលរួមកិច្ចសន្ទនារវាងមេដឹកនាំប្រទេសក្នុងតំបន់ទាំង២១ប្រទេស៕