នៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០១៩នេះ ធនាគារ ជីប ម៉ុង បានធ្វើការបើកសម្ពោធសាខាថ្មីចំនួន ៣ ទីតាំងក្នុងថ្ងៃ តែមួយ បន្ថែមពីលើសាខាចំនួនពីរដែលមានស្រាប់ដែលបានធ្វើឲ្យចំនួនសាខារបស់ធនាគារឌីជិថលមួយនេះ បានកើនឡើងដល់៥ សាខាហើយ ខណៈដែលធនាគារនេះបានបើកប្រតិបត្តិការនៅក្នុងទីផ្សារផ្លូវការមិនទាល់បានគ្រប់រយៈពេលមួយឆ្នាំនៅឡើយ។
លោក យូ វ៉ាន់កាប់ អគ្គនាយកធនាគារ ជីប ម៉ុង បានលើកឡើងថា បើទោះបី ធនាគារជីបម៉ុងទើបតែបើកដំណើរការជាផ្លូវការ បានត្រឹមតែ៩ខែក្ដី ប៉ុន្តែអតិថិជនជាច្រើនបានគាំទ្រសេវាកម្មធនាគារគួរឲ្យគត់សម្គាល់ ដូច្នេះថ្ងៃនេះ ទើបធនាគារបានពង្រីកសាខាបន្ថែមទៀត សរុបទៅបច្ចុប្បន្នមាន ៥ទីតាំងហើយនៅរាជធានីភ្នំពេញ។ លោក វ៉ាន់កាប់ បញ្ជាក់ថា ការពង្រីកសាខាបន្ថែមយ៉ាងឆាប់រហ័សរបស់ធនាគារជីប ម៉ុងគឺធ្វើឡើងស្របទៅតាមតម្រូវការនៃកំណើនអតិថិជនរបស់ខ្លួន។
លោក យូ វ៉ាន់កាប់ មានប្រសាសន៍ថា៖ «ប្រជាពលរដ្ឋកម្ពុជាជាច្រើនបានជ្រើសរើសប្រើប្រាស់សេវាកម្មធនាគាររបស់យើង សម្រាប់ប្រតិបត្តិការចរន្តសាច់ប្រាក់ ក្នុងការដោះដូរពាណិជ្ជកម្មរបស់ពួកគេ។ ដោយសារទំនុកចិត្ត និងការគាំទ្រដ៏ខ្លាំងនេះ ថ្នាក់ដឹកនាំធនាគារ ជីប ម៉ុង បានសម្រេចចិត្តធ្វើការវិនិយោគបន្ថែមទៀត ដោយពង្រីក៣សាខាថ្មីបន្ថែមក្នុងការប្រតិបត្តិការសេវាកម្មធនាគាររបស់ខ្លួន ដើម្បីផ្តល់ភាពងាយស្រួលជូនដល់អតិថិជនបច្ចុប្បន្ន និងអតិថិជនដទៃទៀត ដែលមានបំណងចង់ប្រើប្រាស់សេវាកម្មធនាគារ ជីប ម៉ុង ដែរ»។
សាខាថ្មីទាំង៣ទីតាំង ដែលបានបើកប្រតិបត្តិការក្នុងថ្ងៃតែមួយនោះ រួមមាន នៅសាខាបឹងសាឡាង ស្ថិតនៅអគារលេខ១៩H ផ្លូវ២៧១ សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក។ សាខាផ្សារដើមថ្កូវ ស្ថិតនៅអគារលេខ៣៧ ផ្លូវ២៧១ សង្កាត់ បឹងទំពុនទី១ ខណ្ឌមានជ័យ។ និងសាខាទួលគោក ស្ថិតនៅអគារលេខ១៦ និង ១៨ ផ្លូវ១៩២៨ សង្កាត់ ទួលសង្កែ២ ខណ្ឌឬស្សីកែវ។
ដោយឡែកសាខាមានស្រាប់ចំនួន២ចំនួន២ទៀត គឺមានទីតាំងទីនៅទីស្នាក់ការកណ្ដាល ស្ថិតនៅលើមហាវិថី ម៉ៅសេទុង និងមួយទៀតគឺសាខាព្រះនរោត្តម ស្ថិតនៅលើមហាវិថី ព្រះនរោត្តម៕