ក្រុមហ៊ុន ជីប ម៉ុង លែន ត្រូវបានបង្កើតឡើងក្នុងគោលបំណងអភិវឌ្ឍ លំនៅដ្ឋានដែលប្រកបដោយប្រណីតភាព គុណភាព និងភាពជឿជាក់ក្នុងការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាទូទៅ។ ចំណែកឯ ក្រុមហ៊ុន ជីប ម៉ុង រីថេល វិនិយោគលើផ្សារទំនើបគ្រប់ប្រភេទ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដើម្បីនាំយកភាពទាន់សម័យ និងរបៀបរស់នៅទំនើបៗ ជូនដល់សាធារណជនដែលនិយមភាពស៊ីវីល័យ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី ការប្រកាសភាពជាដៃគូរវាងជីប ម៉ុង លែន និងជីប ម៉ុង រីថេល ក្នុងការបង្កើតផ្សារទំនើបលោក លាង ហេនរី អគ្គនាយកក្រុមហ៊ុនជីបម៉ុងលែន បានប្រាប់ឲ្យដឹងថា ស្របពេលដែលប្រជាពលរដ្ឋកម្ពុជានិយមរស់នៅក្នុងតំបន់ដែលមានភាពងាយស្រួល និងទាន់សម័យ យើងយល់កាន់តែច្បាស់ថា ការចាប់ដៃគូជាមួយក្រុមហ៊ុន ជីប ម៉ុង រីថេល គឺជាជម្រើសយុទ្ធសាស្ត្រដ៏ល្អបំផុតក្នុងការនាំយកភាពជឿជាក់ និងភាពទាន់សម័យជូនប្រជាពលរដ្ឋ តាមរយៈការបង្កើតមណ្ឌលផ្សារទំនើបក្នុងបរិវេណគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានរបស់ ក្រុមហ៊ុន ជីប ម៉ុង លែន។
លោកបានបន្តថា ការសហការជាមួយក្រុមហ៊ុន ជីប ម៉ុង រីថេល ដើម្បីបង្កើតមណ្ឌលផ្សារទំនើបក្នុងតំបន់លំនៅដ្ឋានរបស់យើង កាន់តែធ្វើឲ្យតំបន់នោះមានសក្តានុពលខ្ពស់ និងផ្តល់ភាពងាយស្រួលក្នុងការរស់នៅ ក៏ដូចជា អនុញ្ញាតឲ្យអតិថិជនដែលរស់នៅក្នុង និងក្រៅគម្រោង ជីប ម៉ុង លែន អាចមកកម្សាន្តនៅតាមមជ្ឈមណ្ឌលពាណិជ្ជកម្មនានារបស់ ជីប ម៉ុង រីថេល បានដោយងាយស្រួល។
សព្វថ្ងៃ ក្រុមហ៊ុន ជីប ម៉ុង លែនមានគម្រោងលំនៅដ្ឋានបីប្រភេទធំៗ រួមមាន The Landmark, The Park Land និង The Land Riche។
គួរបញ្ជាក់ថាក្រុមហ៊ុន ជីប ម៉ុង នាពេលថ្មីៗនេះ ក៏ទើបបានបើកមុខជំនួញថ្មីមួយទៀតហើយនៅក្នុងវិស័យធនាគារ និង ហិរញ្ញវត្ថុនៅកម្ពុជា។ ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង បានបើកអាជីវកម្មផ្លូវការហើយ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធទី ១២ របស់ខ្លួន ហើយវានឹងក្លាយជា ធនាគារឌីជីថលពេញលេញដំបូងគេនៅកម្ពុជា ដោយរំពឹងនឹងចូលរួមចំណែកពន្លឿនសេដ្ឋកិច្ចជាតិ តាមរយៈប្រព័ន្ធឌីជីថល និងបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់។