 
      លោក ហ្វីលីប ប្រេហ្សែន ប្រធានក្រុមហ៊ុន ជីបម៉ុង រីថេល ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន ជីបម៉ុង គ្រុប បានលើកឡើងថា ការងាកមកវិនិយោគនៅក្នុងវិស័យលក់រាយរបស់ក្រុមហ៊ុន ជីបម៉ុងនាពេលនេះ ក៏ជាយុទ្ធសាស្ត្របំពេញបន្ថែមមួយ សម្រាប់ការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យរបស់ក្រុមហ៊ុននេះ ខណៈដែលកន្លងមក ក្រុមហ៊ុន ជីបម៉ុង បានអភិវឌ្ឍគម្រោងលំនៅដ្ឋានជាច្រើនកន្លែងរួចមកហើយ។
លោក ហ្វីលីប បានបន្ថែមទៀតថា នៅក្នុងឆ្នាំ២០១៨នេះ ក្រុមហ៊ុនជីបម៉ុង បាននិងកំពុង បុកគ្រឹះសាងសង់ ផ្សារទំនើបធំៗចំនួន៣ ទីតាំង ដ្បិត ក្រុមហ៊ុននេះ បានសម្លឹងឃើញពីតម្រូវការ និងឱកាសទីផ្សារក្នុងវិស័យលក់រាយនៅកម្ពុជាកំពុងមានការកើនឡើង។ជាក់ស្ដែង ក្រោយពីបានបុកគ្រឹះសាងសង់ផ្សារទំនើប ជីបម៉ុង សាខាទី១ នៅក្នុងអគារមជ្ឍមណ្ឌលពាណិជ្ជកម្មបាក់ទូក កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនក្នុងស្រុកមួយនេះ បានសម្រេចបុកគ្រឹះសាងសង់ផ្សារទំនើបធំមួយទៀត ដែលជាសាខាទី២របស់ខ្លួន នៅតំបន់សែនសុខ ដែលមានទំហំអគារ ៤ម៉ឺនម៉ែត្រការ៉េ និងកម្ពស់ ៤ជាន់។ គម្រោងផ្សារទំនើប ជីបម៉ុង សែនសុខមួយនេះ ត្រូវបានលោក ហ្វីលីប ដែលជាប្រធានក្រុមហ៊ុនជីបម៉ុង រីថេល បានអះអាងថា នឹងបញ្ចប់រួចរាល់នៅចុងឆ្នាំ ២០១៩ខាងមុខនេះ។
បើតាមការបង្ហើបឲ្យដឹងពី ប្រធានក្រុមហ៊ុនផ្សារទំនើបមួយនេះ ក្រុមហ៊ុន ជីបម៉ុង នឹងបើកសម្ពោធបុកគ្រឹះសាងសង់ផ្សារទំនើបជីបម៉ុង មេហ្គាម៉ល សាខាទី៣ របស់ខ្លួនបន្ថែមមួយទៀត នៅក្នុងខែសីហា ខាងមុខនេះ ខណៈដែលសាខាទី៣នេះ មានទីតាំងនៅតាមបណ្ដោយផ្លូវ ២៧១ និងមានទំហំធំជាងសាខាមុនៗទៅទៀត។ គម្រោងផ្សារទំនើបទី៣នេះ ត្រូវបានដឹងថា គ្រោងនឹងបញ្ចប់នៅរយៈពេល ១ឆ្នាំ ឬ៨ខែក្រោយពីការបុកគ្រឹះសាងសង់។ យ៉ាងណាក៏ដោយចុះ ក្រុមហ៊ុននេះ មិនបានបញ្ចេញព័ត៌មានអំពីទំហំដើមទុនវិនិយោគសរុប របស់ផ្សារទំនើបទាំងបីទីតាំង នោះទេ។
សូមជម្រាបថា នារយៈចុងក្រោយនេះ ការសាងសង់ផ្សារទំនើប ត្រូវបានគេកត់សម្គាល់ឃើញថា មានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់ ពិសេសនៅតំបន់សែនសុខតែម្ដង ខណៈដែលកាលពីពេលថ្មីៗនេះមានផ្សារទំនើបធំៗជាច្រើនត្រូវបានបើកដំណើរការ ដូចជា ផ្សារលក់ទំនិញបោះដុំដ៏ធំ ម៉ាក្រូ ផ្សារទំនើបអ៊ីអន២ និងផ្សារទំនើបជីបម៉ុង សែនសុខ ដែលទើបបានសម្ពោធបុកគ្រឹះសាងសង់នាពេលថ្មីៗនេះជាដើម។
កាលពីពេលកន្លងទៅថ្មីៗនេះដែរ ក្រុមហ៊ុនបុរី ប៉េង ហួត ក៏ទើបតែបើកសម្ពោធបុកគ្រឹះផ្សារទំនើបជាច្រើនទីតាំងផងដែរ ដែលមានតម្លៃវិនិយោគរាប់រយលានដុល្លារអាមេរិក៕ 
              
              
             
              
              
             
              
              
             
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
              