តាមគម្រោងផ្លូវនេះ គ្រោងបញ្ចប់ការសាងសង់តាំងពីចុងឆ្នាំ២០២២ មកម្ល៉េះ តែត្រូវបានពន្យារពេលដោយសារមានការយឺតយ៉ាវក្នុងការដោះស្រាយសំណងជូនប្រជាពលរដ្ឋ គួបផ្សំបញ្ហាអាកាសធាតុ និងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។
បើគ្មានការប្រែប្រួលទេ ផ្លូវក្រវាត់ក្រុងទី៣ ដែលមានតម្លៃប្រមាណ៣០០លានដុល្លារាអាមេរិកនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ ក្រោមវត្តមានរបសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នេះបើតាមការគូសបញ្ជាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ តាមគម្រោងផ្លូវដែលមានប្រវែងប្រមាណ៥៣គីឡូម៉ែត្រនេះ គ្រោងសម្ពោធដាក់ឲ្យប្រើប្រាស់តាំងពីថ្ងៃទី៣០ ខែមិថុនា មកម្ល៉េះ តែត្រូវបានលើកពេល ដោយសារសម្តេចតេជោ ហ៊ុន សែន យកថ្ងៃនោះ ដើម្បីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីនៅខេត្តពោធិ៍សាត់។ រាជរដ្ឋាភិបាលជឿជាក់ថា ផ្លូវក្រវាត់ក្រុងទី៣នេះ នឹងដើរតួនាទីដ៏សំខាន់ក្នុងការជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងដឹកជញ្ជូនទំនិញ ក៏ដូចជាជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។
ក្រៅពីផ្លូវក្រវាត់ក្រុងទី៣ រាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងរកពេលវេលា ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ២និងលេខ២២ ដែលកំពុងសម្រុកលើការងារបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ បំពាក់ស្លាកសញ្ញាចរាចរណ៍ និងគូសគំនូសទ្រូងផ្លូវ និងបែងចែកចំណែកផ្លូវមួយខ្សែទៀតផងដែរ។
អ្នកជំនាញក្នុងវិស័យដឹកជញ្ជូនយល់ឃើញថា ផ្លូវក្រវាត់ក្រុងទី៣ មិនត្រឹមតែជួយសម្រួលដល់ការធ្វើការដំណើរ និងកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ តែវាជាផ្លូវមួយដ៏សំខាន់ក្នុងការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពីរាជធានីភ្នំពេញទៅកាន់បណ្តាខេត្តផ្សេងៗផងដែរ។ អ្នកជំនាញជឿជាក់ថា តាមររយៈផ្លូវនេះវានឹងជួយធ្វើឲ្យការដឹកជញ្ជូនទំនិញពីរាជធានីភ្នំពេញទៅកាន់ខេត្តផ្សេងៗកាន់តែមានភាពល្អប្រសើរ និងលឿនជាងមុនបន្ថែមទៀត។
គួរបញ្ជាក់ថា ផ្លូវក្រវាត់ក្រុងទី៣ ដែលមានប្រវែងប្រមាណ៥៣គីឡូម៉ែត្រសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃគ្រុប និងត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ដែលមានតម្លៃវិនិយោគប្រមាណ៣រយលានដុល្លារអាមេរិក និងគ្រោងចំណាយពេលសាងសង់ចំនួន៤២ខែ។ តាមគម្រោងផ្លូវនេះគ្រោងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២២ តែត្រូវបានពន្យារពេលដោយសារការដោះស្រាយសំណងផលប៉ះពាល់ជូនប្រជាពលរដ្ឋមានភាពយឺតយ៉ាវ គួបផ្សំបញ្ហាអាកាសធាតុ និងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩៕