លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានសម្តែងកង្វល់ចំពោះការប្រែប្រួលអាកាសធាតុ ដែលលោកមើលឃើញថា នៅមិនទាន់មានការចូលរួមសស្រាក់សស្រាំពិតប្រាកដនោះទេ។ លោកបានអំពាវនាវឱ្យអ្នកចូលរួមក្នុងវេទិកានេះដែលជាម្ចាស់ក្រុមហ៊ុនអាជីវកម្មទាំងអស់ អនុវត្តតាមគោលការណ៍ឱ្យបានខ្ជាប់ខ្ជួនឆ្ពោះទៅរកការមិនបញ្ចេញផ្សែងកាបូនឌីអ៊ុកស៊ីត។ បើតាមការកត់សម្គាល់របស់អគ្គលេខាធិការ UN រូបនេះបង្ហាញថា ក្នុងពេលដែលបណ្តាក្រុមហ៊ុនបានបង្កើនការសន្យារបស់ខ្លួន ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដល់ចំណុចសូន្យនោះ ប៉ុន្តែអ្វីដែលពួកគេបានធ្វើនោះគឺគួរឱ្យសង្ស័យ និងមិនច្បាស់លាស់ឡើយ ពោលគឺផលិតផលរបស់ក្រុមហ៊ុនមួយចំនួន នៅតែផលិត និងប៉ះពាល់ដល់បរិស្ថាន។
ជាមួយគ្នានោះលោកបានជំរុញឱ្យអ្នកចូលរួមទាំងអស់ ធ្វើផែនការឱ្យបានច្បាស់លាស់ក្នុងការលុបបំបាត់ការបញ្ចេញផ្សែងទាំងស្រុង និងបញ្ជូនគម្រោងទាំងនោះឱ្យបាននៅមុនដំណាច់ឆ្នាំ២០២៣នេះ។ ចំណែករឿងដ៏ធំមួយទៀតគឺបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ដែលនៅតែជាបញ្ហារសើបក្នុងកិច្ចប្រជុំនេះដដែល។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានថ្លែងតាមប្រព័ន្ធវីដេអូទៅកាន់កិច្ចប្រជុំនេះថា ការផ្គត់ផ្គង់រថក្រោះ និងប្រព័ន្ធការពារដែនអាកាសរបស់លោកខាងលិច គួរតែធ្វើឡើងឱ្យបានកាន់តែឆាប់ជាងនេះ ហើយគួរតែបញ្ជូនឱ្យបានលឿន មុនការបើការវាយប្រហាររបស់រុស្ស៊ី មកលើអ៊ុយក្រែន។
លោកប្រធានាធិបតីលើកឡើងថា ជារៀងរាល់ថ្ងៃ មានការប្រយុទ្ធគ្នានៅភាគខាងកើតអ៊ុយក្រែន ប៉ុន្តែកងទ័ពអ៊ុយក្រែន នៅតែឈរការពារយ៉ាងរឹងមាំ។ លោកបានចោទប្រកាន់រុស្ស៊ីថា ជាភេរវកដែលបានបាញ់មីស៊ីលបំផ្លាញអគារមួយកន្លែងធ្វើឱ្យមនុស្សស្លាប់ហោចណាស់ ៤៥នាក់។ រឿងមួយទៀត គឺអនុប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Gita Gopinath បានបង្ហាញការសាទរចំពោះសញ្ញាវិជ្ជមាននូវការបើកទ្វាររបស់ប្រទេសចិនឡើងវិញ និងការតភ្ជាប់គ្នាជាមួយពិភពលោក បន្ទាប់ពីការថ្លែងបញ្ជាក់របស់ឧបនាយករដ្ឋមន្រ្តីចិន។
លោកស្រីបានបង្ហាញក្តីរំពឹងថា កំណើនសេដ្ឋកិច្ចប្រទេសចិន នឹងងើបឡើងវិញយ៉ាងឆាប់រហ័ស ចាប់ពីត្រីមាសទី២ នៃឆ្នាំ២០២៣នេះតទៅ។ រឿងចុងក្រោយមួយទៀតពាក់ព័ន្ធនឹងប្រទេសចិនផងដែរ ដែលលោក Stephane Bancel ប្រធានប្រតិបត្តិក្រុមហ៊ុន Moderna បានប្រាប់ឱ្យដឹងថា ក្រុមហ៊ុនលោកកំពុងពិភាក្សាយ៉ាងសកម្មក្នុងការផ្គត់ផ្គង់វ៉ាក់សាំងទៅប្រទេសចិន។ លោកបញ្ជាក់ថា លោកពិតជាចង់យល់ដឹងថាតើក្រុមហ៊ុនលោកអាចជួយរដ្ឋាភិបាលចិនដោយរបៀបណា ហើយពួកគេត្រូវការអ្វីជាចាំបាច់ សម្រាប់ការថែទាំសុខភាព ក្នុងអំឡុងមានករណីឆ្លងកូវីដកើនឡើងវិញនេះ៕