ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានគូសបញ្ជាក់ថា ផ្អែកលើលទ្ធផលនៃការតាមដាន និងត្រួតពិនិត្យនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រចាំឆមាសទី១ ឆ្នាំ២០២២ នេះ ការអនុវត្តការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈកំពុងវិវត្តទៅរកប្រក្រតីភាព និងភាពល្អប្រសើរឡើងវិញ បន្ទាប់ពីស្ថានភាពជំងឺកូវីត-១៩ មានភាពថមថយ ក្នុងរយៈពេលចុងក្រោយនេះ ដែលឆ្លុះបញ្ចាំងពីភាពធន់នៃសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ ភាពបត់បែននៃការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រ និងចីរភាពនៃការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។
ជាក់ស្តែង ក្នុងរយៈពេល ៨ខែ នៃឆ្នាំ២០២២ ការប្រមូលចំណូលថវិការដ្ឋសម្រេចបានប្រមាណជាង ៤ពាន់លានដុល្លារ ស្មើនឹង ៧០% ធៀបនឹងច្បាប់ថវិកាជាតិ ខណៈដែលចំណូលសារពើពន្ធនៅតែបន្តរួមចំណែកខ្ពស់រហូតដល់ ៩៣% នៃចំណូលសរុប ដោយឡែកចំពោះការអនុវត្តចំណាយថវិកាជាតិសម្រេចបានជាង ៣ពាន់៨រយលានដុល្លារ ស្មើនឹង ៥៧% ធៀបនឹងច្បាប់ថវិកាជាតិផងដែរ។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបានបញ្ជាក់បន្ថែមថា សកម្មភាពកែទម្រង់គន្លឹះៗ ដូចជាការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ការកសាង និងកែលម្អប្រព័ន្ធ និងការរៀបចំលិខិតបទដ្ឋានគតិយុត្តស្នូលសំខាន់ៗនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈភាគច្រើនបន្តមានវឌ្ឍនភាព ក៏ដូចជាសម្រេចបាននូវលទ្ធផលជាយុទ្ធសាស្ត្រផងដែរ ។ ក្នុងនោះ ការរៀបចំច្បាប់សំខាន់ៗ ដូចជា «សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ» (ថ្មី) ត្រូវបានរៀបចំ និងដាក់ឆ្លងពិគ្រោះយោបល់ជាមួយក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល ខណៈដែល «សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ» ត្រូវបានអនុម័ត និងដាក់ឱ្យអនុវត្ត ។
សូមបញ្ជាក់ថា ក្រោមការត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ បូក២ ប្រចាំឆមាសទី១ ឆ្នាំ២០២២ បានឆ្លុះបញ្ចាំងឱ្យឃើញថាភាពជឿទុកចិត្តនៃថវិកានៅរក្សាភាពធន់ និងអាចទុកចិត្តបាន តាមរយៈការបន្តពង្រឹងការគ្រប់គ្រងការប្រមូលចំណូល ការធ្វើទំនើបកម្មរដ្ឋបាលចំណូល និងគោលនយោបាយពន្ធ និងការពង្រឹងលើប្រសិទ្ធភាពចំណាយ៕