នាកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកញ្ញា និងប្រចាំត្រីមាសទី៣ឆ្នាំ២០២៣ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានគូសបញ្ជាក់ថា គិតត្រឹមត្រីមាសទី៣ឆ្នាំនេះអគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធអាករបានជាង២ពាន់៨រយលានដុល្លារ ស្មើនឹងជាង៧៨% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។
ប៉ុន្តែបើគិតត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធអាករបានជាង៣ពាន់លានដុល្លារ ស្មើនឹងជិត៨៦% នៃច្បាប់គ្រប់គ្រងថ្នាក់ថវិកាសម្រាប់ឆ្នាំនេះ។
តាមរយៈលទ្ធផលដែលអគ្គនាយកដ្ឋានពន្ធដារសម្រេចបាននៅពេលនេះ អាចសបញ្ជាក់ឱ្យឃើញថា បញ្ហាភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកលរួមទាំងកម្ពុជា ដែលបង្កឡើងដោយវិបត្តិកូវីដ-១៩ បញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងជម្លោះពាណិជ្ជកម្មរវាងប្រទេសមហាអំណាចធំៗ មិនបានជះឥទ្ធិពលធ្ងន់ធ្ងរដល់ដំណើរការប្រមូលចំណូលពន្ធអាកររបស់អគ្គនាយកដ្ឋានពន្ធដារកម្ពុជានោះទេ។
ជាមួយគ្នានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីទាំងអស់នៃអគ្គនាយកដ្ឋានពន្ធដារក្នុងការចូលរួមចំណែកបំពេញភារកិច្ចអស់ពីកម្លាំងកាយចិត្ត និងសម្រេចបានលទ្ធផលការងារគ្រប់គ្រងប្រមូលចំណូលពន្ធយ៉ាងល្អប្រសើរសម្រាប់រយៈពេល៩ខែ ឆ្នាំ២០២៣នេះ។
បន្ថែមលើនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍គន្លឹះ និងណែនាំសម្រាប់ជាទិសដៅអនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារមួយចំនួនផងដែរ សំដៅពង្រឹង និងធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាអ្នកជាប់ពន្ធ ការដាក់ចេញនូវអាទិភាពការងារ និងដោះស្រាយនូវបញ្ហាប្រឈមនានារបស់វិស័យឯកជន ក៏ដូចជាសាធារណជនទូទៅ ការលើកកម្ពស់ការយល់ដឹង និងការអប់រំអំពីពន្ធដារជាដើម។
សូមជម្រាបថា បើតាមការអះអាងរបស់ឯកឧត្តម គង់ វិបុល នាពេលកន្លងមក អគ្គនាយកដ្ឋានពន្ធដារ មានបេសកកម្មក្នុងការប្រមូលចំណូលពន្ធប្រមាណជាង៣ពាន់៥រយលានដុល្លារនៅក្នុងឆ្នាំ២០២៣ នេះ ដែលមានការកើនឡើងជាង២៦% បើធៀបនឹងឆ្នាំ២០២២ ខណៈនៅឆ្នាំ២០២៤ អគ្គនាយកដ្ឋានពន្ធដារដាក់ផែនការប្រមូលចំណូលពន្ធឱ្យបានជាង៤ពាន់លានដុល្លារ៕