បើទោះបីជាមិនទាន់អាចបញ្ជាក់ពីតម្លៃចំណាយសាងសង់ផ្លូវនេះក៏ពិតមែន ប៉ុន្ដែបើតាមការគូសបញ្ជាក់ពីអ្នកឧកញ៉ា ម៉ុង ឬទ្ធី បានប្រាប់សារព័ត៌មាន ខេមបូណូមីស ឲ្យដឹងថា ឧកញ៉ាម៉ុង ឬទ្ធី នឹងត្រូវចំណាយដី និងកាប់ដូងប្រេងចោលប្រហែល១ម៉ឺនដើម ដើម្បីឲ្យអ្នកឧកញ៉ា សុខ គង់ សាងសង់ផ្លូវទៅកាន់មរណីដ្ឋានឧទ្យានជាតិភ្នំបូកគោនេះ។ ក្រោយផ្លូវនេះសាងសង់រួចរាល់ អ្នកឧកញ៉ា ម៉ុង ឫទ្ធី ជឿជាក់ថា វានឹងជួយជំរុញកំណើនភ្ញៀវទេសចរទៅកម្សាន្តនៅរមណីយដ្ឋាន ឋានសួគ៌បូកគោកាន់តែច្រើន ហើយតម្លៃអចលនទ្រព្យនៅតំបន់នោះ ក៏មានភាពល្អប្រសើរផងដែរ។
មហាសេដ្ឋីគ្រាក់ៗចំនួន២រូប គឺអ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប និងអ្នកឧកញ៉ា សុខ គង់ ដែលគេស្គាល់ថា ជាម្ចាស់សណ្ឋាគារសុខា និងវិនិយោគលើរម្យណីយដ្ឋានឋានសួគ៌បូកគោនោះ បានចាប់ដៃគ្នានឹងសាងសង់ផ្លូវមួយខ្សែប្រវែង២៧គីឡូម៉ែត្រតភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅកាន់រម្យណីយដ្ឋានឋានសួគ៌បូកគោ។
បើតាមការវាយតម្លៃរបស់អ្នកឧកញ៉ា ម៉ុង ឬទ្ធី ការស្ថាបនាផ្លូវឡើងភ្នំបូកគេថ្មីនេះ ឆ្លងកាត់ដីរបស់អ្នកឧកញ៉ា ជាង៤០ហិកតា និងប៉ះពាល់ដល់ដើមដូងប្រេងប្រមាណ១ម៉ឺនដើម៕
អ្នកឧកញ៉ា ម៉ុង ឬទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប បានបញ្ជាក់ប្រាប់ខេមបូណូមីសថា ក្រោយផ្លូវឡើងភ្នំបូកគោថ្មី ដែលតភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រូវបានស្ថាបនារួច វានឹងជួយជំរុញកំណើនភ្ញៀវទេសចរទៅកម្សាន្តនៅរមណីយដ្ឋានភ្នំបូកគោឲ្យកាន់តែច្រើនថែមទៀត។ លើសពីនេះ វាក៏នឹងអាចធ្វើឲ្យតម្លៃអចលនទ្រព្យនៅក្បែរតំបន់ផ្លូវមានភាពល្អប្រសើរផងដែរ។ តែអ្នកឧកញ៉ា ម៉ុង ឬទ្ធី អះអាងថា នៅតំបន់នោះទំនងជាមិនសូវមានដីប្រជាពលរដ្ឋនោះទេ ព្រោះភាគច្រើនជាដីសម្បទានដូងប្រេង និងដីសម្បទានភ្នំបូកគោ។
ផ្លូវឡើងភ្នំបូកគោថ្មីនេះមានប្រវែងប្រមាណ២៧គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៤ត្រង់គីឡូម៉ែត្រ១៥៨-២០០ ឆ្ពោះត្រង់ទៅភ្នំបូកគោឆ្លងកាត់ដីសម្បទានសេដ្ឋកិច្ចចម្ការដូងប្រេងរបស់អ្នកឧកញ៉ា ម៉ុង ឬទ្ធី។ បើតាមអ្នកឧកញ៉ា ម៉ុង ឬទ្ធី សម្រាប់សាងសង់ផ្លូវនេះអ្នកឧកញ៉ា សុខ គង់ ជាអ្នករ៉ាប់រងការចំណាយ ឬឯអ្នកឧកញ៉ាជាអ្នកជួយសម្របសម្រួលឈូសឆាយដើមបូងប្រេងបើកផ្លូវ។ ទោះបីមិនបានបញ្ជាក់ពីពេលវេលា និងទំហំចំណាយជាក់លាក់ ប៉ុន្ដែអ្នកឧកញ៉ា ម៉ុង ឬទី បានគូសបញ្ជាក់ថា គម្រោងផ្លូវនេះនឹងបើកការដ្ឋានក្នុងពេលឆាប់ៗខាងមុខនេះ ។
សូមបញ្ជាក់ថា ការសាងសង់គម្រោងផ្លូវឡើងបូកគោថ្មីភ្ជាប់ពីផ្លូវជាតិលេខ៤នេះ គឺជាការអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២១ ដោយក្នុងនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមទាំង ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុក៏បានចូលរួមសម្របសម្រួលជាមួយអ្នកឧកញ៉ា សុខ គង់ និងអ្នកឧកញ៉ា ម៉ុង ឫទ្ធីផងដែរ៕