 
      ក្រុមអ្នកស្រាវជ្រាវ ផ្លេ នុម គ្រុប បានពន្យល់ថា រដ្ឋាភិបាលចិន បានដាក់ចេញនូវ វិធានការជាច្រើន ដើម្បីគ្រប់គ្រងលើស្ថានការណ៍នៃ ការរីករាលដាលនៃមេរោគ ដូចជា ការហាមឃាត់ប្រជាពលរដ្ឋ មិនឲ្យធ្វើដំណើរកម្សាន្តទៅក្រៅប្រទេស និងការបិទច្រកចេញចូលខេត្តហ៊ូប៉ី ជាដើម ដែលវាប៉ះពាល់ដល់ សេដ្ឋកិច្ចជាតិចិន យ៉ាងពិតប្រាកដ។
គ្រាន់តែការបិទច្រកចេញចូលនៃខេត្តហ៊ូប៉ី ដែលមាន ១៤ទីក្រុង គឺបានជះឥទ្ធិពលអវិជ្ជមានដល់ វិស័យទេសចរណ៍ វិស័យដឹកជញ្ជូន និងការលក់ដុំនិងរាយទូទាំងប្រទេស ជាពិសេសគឺ វិស័យដឹកជញ្ជូនតែម្តង ទាំងផ្លូវអាកាស និងផ្លូវដែក ដែលអាចនឹងបាត់បង់ចំណូលប្រចាំឆ្នាំ ជាង ៩ពាន់លានដុល្លារអាមេរិក។
អង្គភាពស៊ើបការណ៍សេដ្ឋកិច្ចចិន ក៏បានព្យាករណ៍ដែរថា មេរោគកូរ៉ូណានេះ នឹងកាត់បន្ថយកំណើនសេដ្ឋកិច្ចចិន ចន្លោះពី ០,៥% ទៅ ១% សម្រាប់ឆ្នាំ ២០២០នេះ ដែលពីមុន កំណើនសេដ្ឋកិច្ចចិន រំពឹងនឹងសម្រេចបាន ៥,៩%។
លើសពីនេះ រដ្ឋាភិបាលចិន ក៏បានបន្ថែមថ្ងៃឈប់សម្រាកចំនួន ៣ថ្ងៃបន្ថែមទៀត សម្រាប់បុណ្យចូលឆ្នាំចិន ដែលធ្វើឲ្យខាតបង់ដល់ ផលិតភាព ហើយទីផ្សារភាគហ៊ុននៅទីក្រុងសៀងហៃ និង ស៊ិនជិន ក៏កំពុងតែឃ្លាំមើល សភាពការណ៍នៃការពន្យារពេលឈប់សម្រាកនេះដែរ ព្រោះអាចនឹងមានការពន្យារពេលបន្ថែមទៀត។
ក្រុមហ៊ុនផលិតរថយន្តធំៗ ដែលមានមូលដ្ឋាននៅក្នុងទីក្រុងវូហាន ដូចជា ក្រុមហ៊ុន HONDA, TOYOTA, NISSAN ជាដើម ក៏បានដកបុគ្គលិករបស់ពួកគេ ចេញពីតំបន់នោះ នឹងផ្អាកប្រតិបត្តិការអាជីវកម្មថែមទៀតផង ដើម្បីធានានូវ សុខភាព និងសុវត្ថិភាពរបស់បុគ្គលិកពួកគេ។
បន្ថែមពីលើនេះ ហាងលក់ចំណីអាហារ និងភេសជ្ជៈជាច្រើន ក៏សម្រេចចិត្តផ្អាកអាជីវកម្មរបស់ខ្លួន នៅក្នុងទីក្រុងវូហាន ដូចជា ហាងកាហ្វេ Starbucks ហាងសាច់មាន់ KFC ហាង McDonald’s ជាដើម សូម្បីតែសួនកម្សាន្តយក្ស Disney Land ក៏បានផ្អាកមិនដំណើរការដែរ។
យ៉ាងណាក៏ដោយ ព្រឹត្តិការណ៍នេះ ត្រូវបានគេប្រដូចទៅនឹង ការផ្ទុះមេរោគផ្តាសាយ SARS កាលពីឆ្នាំ ២០០២-២០០៣ ដែល GDP របស់ចិន ធ្លាក់ចុះពី ១១% មកនៅត្រឹម ៩% ក្នុងត្រីមាសទី ២ ឆ្នាំ ២០០៣ តែវាក៏ប្រសើរឡើងវិញ ក្នុងរង្វង់ ១០% នៅឆមាសទី ២ ឆ្នាំ ២០០៣ផងដែរ។
ក្រុមអ្នកវិភាគអះអាងថា ផលប៉ះពាល់សេដ្ឋកិច្ចដោយមេរោគ កូរ៉ូណា អាចនឹងធូរស្រាលជាង មេរោគ SARS ដោយតែអាជ្ញាធរ ចាត់វិធានគារបានឆាប់រហ័សជាង និងប្រកបដោយតម្លាភាព ហើយក្រុមហ៊ុនឯកជន ក៏ចូលរួមអនុវត្តភ្លាមៗ ដើម្បីបន្ធូរបន្ថយភាពតានតឹង។
ជាចុងក្រោយ សេដ្ឋកិច្ចវិទូចិន ហួង យីពីង បានអះអាងថា ដោយសារតែ បញ្ហាមេរោគកូរ៉ូណា ទើបតែចាប់ផ្តើមបានមួយរយៈពេលខ្លី ដូច្នេះហើយ យើងមិនទាន់អាចប្រៀបធៀបផលប៉ះពាល់ ជាមួយនឹងមេរោគផ្តាសាយ SARS បាននៅឡើយទេ ហើយបច្ចុប្បន្នការគ្រប់គ្រងលើបញ្ហានេះ ជាអាទិភាពទីមួយរបស់ រដ្ឋាភិបាលចិន អាស្រ័យហេតុនេះ ផលប៉ះពាល់ដល់សេដ្ឋកិច្ច ប្រាកដជាកើតមានដូចជា តម្រូវការសេវាកម្ម និងផលិតផលនានា មានការធ្លាក់ចុះ ហើយបញ្ហាជាច្រើននឹងកើតមាន ក្នុងខ្សែចង្វាក់ផលិតកម្ម ការវិនិយោគ និងការនាំចេញទំនិញ៕
 
              
              
             
              
              
             
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
              