ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងថា ការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចពិភពលោក រួមទាំងសេដ្ឋកិច្ចកម្ពុជាក៏រងផលប៉ះពាល់ខ្លាំងក្លាដែរ ដែលបញ្ហានេះបាន ធ្វើឲ្យការប្រមូលចំណូលពន្ធដារនៅក្នុងឆ្នាំ២០២០នេះ មានការថមថយទៅតាមនោះផងដែរ ប៉ុន្តែយ៉ាងណាអគ្គនាយកដ្ឋានពន្ធដារនៅតែសង្ឃឹមជឿជាក់ថា នឹងអាចប្រមូលចំណូលពន្ធដារបានលើសកម្រិតនៃការរំពឹងទុករបស់ក្រសួងសេដ្ឋកិច្ចដែលថា ចំណូលពន្ធដារប្រមូលបានជុំវិញ ៨៥ភាគរយ។
ឯកឧត្តម គង់ វិបុល ការប្រមូលចំណូលពន្ធដារនៅក្នុងឆ្នាំ២០២០ នេះ មិនប្រាកដថា នឹងលើសផែនការដូចឆ្នាំមុនៗទៀតនោះបានឡើយ ខណៈការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតែជាវិបតិ្តមួយដ៏ធំធេង ដែលបានរាំងដល់ដំណើរការនៃសេដ្ឋកិច្ចសកល។
ទោះជាបែបនេះក្ដី ឯកឧត្តម គង់ វិបុល បានគូសបញ្ជាក់ថា សម្រាប់រយៈពេលជិត៩ខែ មកនេះ តាមការបូកសរុបត្រួសៗមកឃើញថា ការប្រមូលចំណូលពន្ធដារ បានសម្រេចដល់ ៧៧ ទៅ៧៨ ភាគរយនៃផែន។ ដូច្នេះ តាមការរំពឹងទុករបស់ឯកឧត្តម សម្រាប់ឆ្នាំ២០២០នេះ ការប្រមូលចំណូលពន្ធដារ អាចមានដល់ប្រមាណ ៨៥ ទៅ៩០% នៃផែនការប្រចាំឆ្នាំ។
ជាផែនការបន្តដើម្បីទប់លំនឹងសេដ្ឋកិច្ច ក៏ដូចជាផែនការប្រមូលចំណូលពន្ធដាររាជរដ្ឋាភិបាលតាមរយៈអគ្គនាយកដ្ឋានពន្ធដារដែលជាសេនាធិការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានដាក់ចេញនូវវិធានការមួយចំនួនផងដែរ នាពេលកន្លងមក ដើម្បីប៉ះប៉ូវដូចជាវិស័យទេសចរណ៍ វិស័យធនាគារ និងហិរញ្ញវត្ថុ និងវិស័យអលនទ្រព្យជាដើម ហើយការដាក់ចេញនូវវិធានការនេះ បានធ្វើឲ្យចំណូលពន្ធដារមានការថមថយ។ទោះយ៉ាងណា ក្នុងកាលៈទេសៈនេះ វិស័យមួយចំនួនផ្សេងទៀតដូចជាពុំទាន់មានការថមថយចំពោះការប្រមូលពន្ធដារទេ ដូចជាវិស័យទូរគមនាគមន៍ វិស័យផលិតគ្រឿងភេសជ្ជៈ និងចំណីអាហារ និងមួយផ្នែកទៀតអគ្គនាយកដ្ឋានពន្ធដារកំពុងបានរឹតបន្តឹងចំពោះគ្រឿងស្រវឹង និងថ្នាំជក់។
ឯកឧត្តម គង់ វិបុល បញ្ជាក់ថា វិធានការដែលត្រូវបន្តពង្រឹង គឺការគ្រប់គ្រងការលក់ផលិតផលតាមអនឡាញ និងកំពុងពិនិត្យពិចារណារៀបចំរចនាសម្ព័ន្ធលើអាករពិសេសចំពោះទំនិញទំនើបមួយចំនួនដូចជាបារី និងស្រាបៀរជាដើម និងព្រមទាំងកំពុងរៀបចំវិធានការគ្រប់គ្រងការផលិតស្រាបៀរក្នុងស្រុកឲ្យមានតម្លាភាពនៃការបង់ពន្ធស្មើៗគ្នា៕