ខេមបូណូមីស សូមធ្វើការលើកយកនូវស្ថានភាពទូទៅមួយចំនួនទាក់ទងនឹងការឆ្លងរីករាលដាលកូវីដ-១៩ នៅប្រទេសកម្ពុជា រួមទាំងប្រទេសជិតខាងទាំងបី ថាតើបច្ចុប្បន្នប្រទេសទាំងអស់នេះ កំពុងជួបប្រទះបញ្ហាអ្វីខ្លះ?
ករណីឆ្លងថ្មីនៅកម្ពុជានៅតែមានខ្ពស់ជិត១ពាន់នាក់ក្នុងមួយថ្ងៃ នៅមិនទាន់ស្រាកស្រាន្ដនៅឡើយ
កម្ពុជាជាប់ឈ្មោះនៅលេខរៀងទី២ បន្ទាប់ពីសិង្ហបុរី ជាប្រទេសសម្រេចបានការចាក់វ៉ាក់សាំងច្រើនជាងគេនៅក្នុងតំបន់អាស៊ាន ដែលមានប្រទេសជាសមាជិកទាំង១០ ពោលបើគេគិតត្រឹមថ្ងៃទី១៧ ខែកក្កដា យុទ្ធនាការចាក់វ៉ាក់សាំងនៅកម្ពុជាសម្រេចបានជិត ៦០% ហើយ។ នេះបើតាមតួលេខពីក្រសួងសុខាភិបាល។ ដោយឡែក សិង្ហបុរីវិញ មានពលរដ្ឋប្រមាណ ៧១%នៃពលរដ្ឋសរុប ដែលយ៉ាងហោចណាស់ទទួលបានវ៉ាក់សាំងចំនួនមួយដូស។ នេះបើតាមទិន្នន័យដែលតាមដាន និងចងក្រងដោយសារព័ត៌មាន Reuters។
ជាមួយនឹងការចាក់វ៉ាក់សាំងបានក្នុងចំនួនដ៏ច្រើនបែបនេះ សិង្ហបុរីបានមើលឃើញពីការថមថយឥទ្ធិពលរបស់កូវីដ១៩រួចទៅហើយ នៅឡើយតែកម្ពុជាដែលកំពុងផុងខ្លួនងើបមិនទាន់រួចពីរលកឆ្លងដែលចាប់ផ្តើមបោកបក់ចាប់តាំងពីថ្ងៃទី២០ខែកុម្ភៈមកម្ល៉េះ។
កម្ពុជាកត់ត្រាពីចំនួនអ្នកឆ្លងថ្មីៗប្រចាំថ្ងៃក្នុងតួលេខជិត១ពាន់ករណី អស់រយៈពេលជាច្រើនថ្ងៃជាប់ៗគ្នាមកហើយ ខណៈដែលអ្នកស្លាប់វិញមានចន្លោះពី២០ ទៅ៣០នាក់ជារៀងរាល់ថ្ងៃដូចគ្នា។ ប្រការនេះបានធ្វើឲ្យចំនួនអ្នកស្លាប់សរុបដោយសារកូវីដ១៩នៅកម្ពុជាបានហក់ឡើងមកតួលេខ៤ខ្ទង់ ពោលគឺមានជាង ១ពាន់នាក់ ខណៈដែលអ្នកជំងឺជាច្រើនពាន់នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ និងមួយចំនួនទៀតសម្រាកព្យាបាលនៅតាមផ្ទះដោយខ្លួនឯង។
តាមរយៈគណនីបណ្តាញសង្គម Twitter ផ្ទាល់ខ្លួនលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលរមែងក្រើនរំឭក ព្រមាននិងទាញសញ្ញាអាសន្នជារឿយៗថា កម្ពុជាកំពុងប្រឈមការឆ្លងផុតបន្ទាត់ក្រហម ដោយសោកនាដកម្មនៃសុខភាពសាធារណៈនៅកម្ពុជាក៏អាចនឹងកើតឡើងក្នុងពេលខាងមុខផងដែរ។
ការចេញមុខព្រមានរបស់លោកមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលកម្ពុជា ធ្វើឡើងបន្ទាប់ពីមានការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី «ឌែលតា» កាន់តែច្រើនឡើងពីពលករកម្ពុជា ដែលត្រលប់ពីប្រទេសថៃ ខណៈវីរុសកូវីដ-១៩ បំប្លែងថ្មី «អាល់ហ្វា» វិញបាននិងកំពុងចរាចរយ៉ាងសកម្មនៅកម្ពុជារួចទៅហើយ។
សូមបញ្ជាក់ថា កម្ពុជាបានរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី«ឌែលតា» សរុប ៧៥ករណី ដែលសុទ្ធតែជាករណីនាំចូល គិតតាំងពីថ្ងៃទី ៣១ខែមីនា ឆ្នាំ ២០២១ រហូតដល់ថ្ងៃទី ១៤ខែកក្កដា ឆ្នាំ ២០២១។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃសុក្រទី១៦ខែកក្កដា។
ប្រទេសវៀតណាមកំពុងមានការផ្ទុះឆ្លងកើនឡើងខ្ពស់មិនធ្លាប់មាន ខណៈការរឹតត្បិតបន្ដដាក់ចេញជាបន្ដបន្ទាប់
វៀតណាមនៅថ្ងៃអាទិត្យទី ១៨កក្កដាម្សិលមិញនេះ បានកត់ត្រាពីចំនួនអ្នកឆ្លងថ្មីប្រចាំថ្ងៃប្រមាណជិត២.៥០០ករណីបន្ថែមទៀត ដែលតួលេខនេះធ្វើឲ្យអ្នកឆ្លងសរុបនៅវៀតណាមបានកើនឡើងដល់ជាង ៥ម៉ឺននាក់ ខណៈអ្នកស្លាប់មានប្រមាណ២០០នាក់។
កូវីដ-១៩បានរាលដាលទៅក្នុង៥៨ខេត្តក្រុងនៃប្រទេសវៀតណាមរួចទៅហើយ ប៉ុន្តែទីក្រុងហូជីមីញ និងខេត្តភាពខាងត្បូងនៃប្រទេសវៀតណាម ត្រូវបានសង្កេតឃើញថា ជាតំបន់ក្រហមដែលមានការឆ្លងរីរាលដាលច្រើនជាងគេបំផុត។
ជាក់ស្តែង នៅក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ ក្រុងហូជីមិញរកឃើញករណីវិជ្ជមានកូវីដ១៩ដល់ទៅជិត ៧ពាន់ករណីទៅហើយ ដែលភាគត្រូវបានគេរកឃើញនៅក្នុងទីផ្សារលក់បោះដុំ និងតំបន់ឧស្សាហកម្ម ក៏ដូចជាតំបន់លំនៅដ្ឋានដែលមានប្រជាជនរស់នៅច្រើនកកកុះនៃទីក្រុងហូជីមិញ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
ប្រការទាំងនេះ បាននិងកំពុងជំរុញឲ្យក្រុងហូជីមិញជួបប្រទះនឹងមហន្តរាយសុខាភិបាល ព្រមទាំងសេដ្ឋកិច្ចនៅក្នុងទីក្រុងពាណិជ្ជកម្មដ៏ធំរបស់វៀតណាមមួយនេះ។ ជាក់ស្តែង បើតាមការចុះផ្សាយដោយសារព័ត៌មានក្នុងស្រុកវៀតណាម VN Express បានឲ្យដឹងថា ក្រុងហូជីមិញកំពុងជួបកង្វះខាត បន្លែផ្លែឈើ និងស្បៀងអាហារសំខាន់ៗជាច្រើទៀត ដោយសារវិធានការទប់ស្កាត់កូវីដ១៩បានបង្កផលប៉ពាល់យ៉ាងខ្លាំងដល់ខ្សែចង្វាក់ផ្គត់ផ្គង់ស្បៀងអាហារក្នុងទីក្រុងមួយនេះ។
បើតាមការព្រមានពីលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម ក្រុងហូជីមិញនឹងបន្តកត់ត្រាពីករណីឆ្លងថ្មីៗកាន់ច្រើនបន្ថែមទៀតនៅថ្ងៃខាងមុខ ដោយលោកបានប្រកាសឲ្យអាជ្ញាធរក្រុងមួយនេះ ត្រៀមលក្ខណៈឲ្យបានរួចស្រេច តាមរយៈការបន្ថែមចំនួនក្រុមគ្រូពេទ្យ និងបន្តសាងសង់បន្ថែមនូវមន្ទីរពេទ្យចល័តសម្រាប់ទទួលអ្នកជំងឺកូវីដ១៩។
ប្រទេសថៃកំពុងរងទុក្ខកាន់តែខ្លាំង ខណៈឆ្លងប្រចាំថ្ងៃហក់ឡើងដល់ជាង១ម៉ឺននាក់ក្នុងមួយថ្ងៃ
ថៃក៏ជាប្រទេសក្បែរខាងកម្ពុជាមួយ ដែលរងគ្រោះខ្លាំងណាស់ដែរពីជំងឺកូវីដ១៩ ហើយថែមទាំងរងគ្រោះខ្លាំងជាងគេទៀតផង។
ជាតួលេខមួយគួរឲ្យភ្ញាក់ផ្អើលមែនទែន សម្រាប់ប្រទេសថៃដែលនៅថ្ងៃអាទិត្យទី១៨កក្កដាម្សិលមិញ ថៃបានរកឃើញករណីឆ្លងថ្មីដល់ទៅជាង១ម៉ឺន១ពាន់ករណី ខណៈអ្នកស្លាប់មានដល់ជាង ១០០នាក់។ នេះបើតាមទិន្នន័យពីក្រសួងសុខាភិបាលថៃ ហើយត្រូវបានយកមកចុះផ្សាយដោយសារព័ត៌មានបាងកកបុស្តិ៍។
នៅចំពោះមុខការឆ្លងរាលដាលកាន់តែខ្លាំងឡើងៗ រដ្ឋាភិបាលថៃបានសម្រេចពង្រីកវិសាលភាពនៃវិធានការទប់ស្កាត់កូវីដ១៩ទៅកាន់ខេត្តចំនួនបីបន្ថែមទៀតរួមមាន ឈុនបុរី អយុធ្យា និងខេត្ត ចរឆាងសៅ ខណៈដែលទីក្រុងបាងកក និងខេត្តទាំង១០ដែលបាននិងកំពុងអនុវត្តវិធានការរដ្ឋបាលរួចហើយនោះ ត្រូវបន្ថែមការហាមប្រាមមួយចំនួនទៀតដូចជា ការបិទដំណើរការអាជីវកម្មស្ទើរតែគ្រប់ប្រភេទទៅហើយ លើកលែងតែកន្លែងលក់ម្ហូបអាហារ ថ្នាំសង្កូវ និងការដឹកជញ្ជូនទំនិញប៉ុណ្ណោះ។ ជាមួយគ្នានេះ កន្លែងលក់ទំនិញក៏ត្រូវបិទទ្វារនៅត្រឹមម៉ោងចាប់ពីម៉ោង ៩យប់រហូតដល់ម៉ោង ៤ភ្លឺផងដែរ។
សូមជម្រាបថា ករណីឆ្លងសរុបនៅប្រទេសថៃកើនឡើងដល់ជាង ៤០ម៉ឺនករណីហើយ ស្របពេលដែលអ្នកស្លាប់សរុបមានជាង ៣.៣០០នាក់។ ភាគច្រើននៃករណីឆ្លងដ៏ច្រើននិងលឿនរហ័សទាំងនេះ គឺដោយសារតែវត្តមាននៃមេរោគកូវីដ១៩បំប្លែងថ្មី អាល់ហ្វា និងឌែលតា ដែលកំពុងចរាចរយ៉ាងសកម្មក្នុងប្រទេសថៃ។
ប្រទេសឡាវកំពុងព្រួយបារម្ភពីករណីកូវីដ-១៩នាំចូលពីប្រទេសជិតខាង
ឡាវកំពុងព្រួយបារម្ភពីការកំណើនករណីឆ្លងកូវីដ១៩ ដែលភាគច្រើនត្រូវបានគេរកឃើញលើពលករចំណាកស្រុក ដែលត្រលប់ចូលប្រទេសឡាវវិញ ស្របពេលដែលប្រទេសក្បែរខាងរបស់ឡាវទាំងអស់កំពុងរងគ្រោះដោយកូវីដ១៩យ៉ាងខ្លាំក្លា។ បើតាមតួលេខពីអាជ្ញាធរឡាវ មាន១៥%នៃពលករឡាវត្រលប់ពីប្រទេសថៃ ត្រូវបានរកឃើញថាផ្ទុកជំងឺកូវីដ១៩។
អាជ្ញាធរនៅតាមព្រំដែន មានការព្រួយបារម្ភអំពីលទ្ធភាពនៃការផ្ទុះទ្រង់ទ្រាយធំមួយនៅក្នុងប្រទេសឡាវ ប្រសិនបើការត្រួតពិនិត្យ និងការល្បាតតាមព្រំដែនមិនត្រូវបានអនុវត្តឱ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវ ដើម្បីរារាំងការឆ្លងព្រំដែនដោយខុសច្បាប់ទេនោះ។
កាលពីថ្ងៃសៅរ៍សប្តាហ៍មុន អាជ្ញាធរឡាវបានកត់ត្រាពីករណីវិជ្ជមានថ្មីចំនួន ១០៨ករណី ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីការផ្ទុះរាលដាលឡើងក្នុងសហគមន៍កាលពីពាក់កណ្តាលខែមេសាមក។ ក្នុងចំណោមករណីថ្មីទាំងនេះ មានតែ៤ករណីប៉ុណ្ណោះ ជាការចម្លងក្នុងសហគមន៍ រីឯចំនួនក្រៅពីនោះ សុទ្ធសឹងជាករណីនាំចូល។
សូមបញ្ជាក់ថា ប្រទេសឡាវបានរកឃើញកូវីដ១៩ក្នុងចំនួនមួយតិចតួចនៅឡើយបើធៀបនឹងប្រទេសក្បែរខាងជាមួយគ្នា ពោលឡាវមានអ្នកឆ្លងកូវីដ១៩សរុបជាង ៣ពាន់នាក់ ស្លាប់៥នាក់ និងជាង១ពាន់នាក់កំពុងសម្រាកព្យាបាល។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ១៧ ខែកក្កដា ករណីឆ្លងកូវីដ-១៩សរុបនៅក្នុងប្រទេសទាំង១០នៅអាស៊ាន បានកើនដល់ប្រមាណជាង៦លាននាក់ហើយ ដោយក្នុងនោះ ករណីស្លាប់មានជាង១១ម៉ឺននាក់។ ក្នុងនោះ ប្រទេសដែលមានករណីឆ្លងច្រើនជាងគេ គឺឥណ្ឌូនេស៊ី ហ្វីលីពីន ម៉ាឡេស៊ី និងប្រទេសថៃជាដើម៕