លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេចរណ៍កម្ពុជាបានលើកឡើងថា ស្ថិតនៅក្នុងដំណាក់កាលនៃវិបត្តិធ្ងន់ធ្ងរនេះ សង្កេតឃើញថា ភ្ញៀវទេសចរក្នុងស្រុកបានសម្រេចលុបចោលនូវផែនការដំណើរកម្សាន្ដរបស់ខ្លួននាដំណាច់ឆ្នាំនេះ ខណៈភ្ញៀវបរទេសក៏កំពុងត្រូវបានរឹតបន្តឹង ដោយតម្រូវឲ្យធ្វើចត្តាឡីស័កពេញលេញរយៈពេល១៤ ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
លោកបញ្ជាក់ថា វិស័យទេសចរណ៍កម្ពុជាត្រូវការពេលវេលាយូរ ក្នុងការងើបឡើងវិញ ដោយយ៉ាងហោចណាស់ក៏ប្រើរយៈពេលពី ៥ទៅ៧ឆ្នាំផងដែរ ទើបត្រឡប់ទៅរកសភាពដើមវិញបាន។ លោកស្រីអះអាងទៀតថា ភ្ញៀវទេសចរមានការធ្លាក់ចុះខ្លាំងជាងគេ គឺចាប់តាំងពីព្រឹត្តិការណ៍ថ្ងៃទី ២៨ វិច្ឆិកាមកម្ល៉េះ ទាំងនៅក្នុងរាជធានី និងនៅតាមតំបន់ទេសចរណ៍នានាគឺមានភាពស្ងប់ស្ងត់ជាងពេលធម្មតា។
លោកស្រីបន្តទៀតថា យ៉ាងណាប្រសិនមិនមានការរីករាលដាលជំងឺកូវីដ ១៩ ក្នុងរយៈពេល២ សប្តាហ៍ក្រោយនេះ អាចសង្ឃឹមថា មានសកម្មភាពទេសចរណ៍ធ្វើដំណើរកម្សាន្តខ្លះៗឡើងវិញ ប៉ុន្តែ បើជំងឺនេះ នៅបន្តរីករាលដាលឆ្លងកើនតទៅទៀត ច្បាស់ណាស់ពលរដ្ឋនឹងមិនចេញធ្វើដំណើរកម្សាន្ដទៅណានោះឡើយ។
របាយការណ៍របស់ក្រសួងទេសចរណ៍បង្ហាញថា ចំនួនភ្ញៀវទេសចរបរទេសដែលធ្វើដំណើរមកកម្ពុជានៅក្នុងរយៈពេល ១០ខែដើមឆ្នាំ២០២០ មានចំនួនសរុបជាង ១ លាន២ សែននាក់ ធ្លាក់ចុះជាង ៧៦ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។
តាមការព្យាកររបស់ក្រសួងទេសចរណ៍ ឆ្នាំ២០២០ កម្ពុជានឹងទទួលទេសចរផ្ទៃក្នុងបានប្រមាណ ៩លាននាក់ ថយចុះ ២០ភាគរយ ធៀបនឹងឆ្នាំ២០១៩ ខណៈទេសចរផ្ទៃក្នុងនឹងវិលមករកប្រក្រតីភាពឡើងវិញក្នុងរយៈពេល ៣ឆ្នាំ ពោលគឺឆ្នាំ២០២៣ កម្ពុជានឹងទទួលបាន ១១លាននាក់៕