ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានអះអាងថា ទោះបីរាជរដ្ឋាភិបាលដាក់ចេញវិធានការហាមអ្នកដំណើរ និងផ្អាកការនាំចូលទំនិញបង្កកនានា ពីឥណ្ឌាចូលមកកម្ពុជាក៏ដោយ តែទំនាក់ទំនងពាណិជ្ជកម្ម និងការធ្វើពាណិជ្ជកម្មផ្សេងៗទៀតនៅដំណើរការធម្មតា។
ឯកឧត្តមបានគូសបញ្ជាក់ថា ការដាក់ចេញវិធានការហាមឃាត់ទាំងនេះរបស់រាជរដ្ឋាភិបាល ធ្វើឡើងដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ខណៈដែលប្រទេសមួយចំនួនក្នុងតំបន់អាស៊ានកំពុងទទួលរងការឆ្លងជំងឺកូវីដ-១៩ បំលែងខ្លួនថ្មី ដែលមានប្រភពមកពីឥណ្ឌាផងដែរ។
ទោះបីយ៉ាងនេះក្តី ឯកឧត្តម ប៉ែន សុវិជាតិគូសបញ្ជាក់ទៀតថា ការហាមអ្នកដំណើរជនឥណ្ឌា និងអ្នកមានប្រវត្តិធ្លាប់ឆ្លងកាត់ប្រទេសឥណ្ឌាចូលមកកម្ពុជាបណ្តោះអាសន្នរយៈពេល៣ខែ និងផ្អាកការនាំចូលទំនិញបង្កកនានាពីឥណ្ឌាបណ្តោះអាសន្ន ចង់មិនចង់ វានឹងធ្វើឲ្យប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងកម្រិតណាមួយជាក់ជាមិនខានឡើយ។ ទោះយ៉ាងណា ចំពោះផលប៉ះពាល់ពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌាមានកម្រិតណានោះ គិតមកទល់ពេលនេះ គឺពុំទាន់លេចចេញជារូបរាងភ្លាមៗនៅឡើយទេ ហើយក៏ពុំអាចទាន់វាយតម្លៃបាននោះ។
ប្រទេសកម្ពុជា កន្លងមកក៏ធ្លាប់លើកឡើងពីការចរចាកិច្ចព្រៀមព្រៀងពាណិជ្ជកម្មសេរីរជាមួយប្រទេសឥណ្ឌាផងដែរ។ បើតាមឯកឧត្តម ប៉ែន សុវិជាតិ ការរៀបចំចរចាលើដំណើរការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរនេះ គឺកំពុងប្រព្រឹត្តទៅធម្មតា និងជិតបិទបញ្ចប់ហើយ ខណៈបច្ចុប្បន្នកម្ពុជាកំពុងត្រៀមរៀបចំសេចក្តីព្រាងឯកសារពាក់ព័ន្ធនានា។
របាយការណ៍ក្រសួងពាណិជ្ជកម្មបង្ហាញថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងឥណ្ឌាកាលពីឆ្នាំ២០២០ សម្រេចបានជាង១៩០លានដុល្លារអាមេរិកប៉ុណ្ណោះ ធ្លាក់ចុះជិត២៦% ធៀបនឹងឆ្នាំ២០១៩ ដែលធ្លាប់មានដល់ទៅជាង២៥៦លានដុល្លារ។
គួរបញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ-១៩ នៅឥណ្ឌាបានកើនឡើងដល់ជាង ២០លាននាក់ហើយ ខណៈក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ឥណ្ឌារកឃើញករណីឆ្លងថ្មីជាង ៣០ម៉ឺននាក់ក្នុង១ថ្ងៃ។ អ្នកស្លាប់ដោយសារកូវីដ-១៩ នៅប្រទេសមួយនេះបានកើនឡើងដល់ជាង ២២ម៉ឺននាក់ហើយ៕