តាមរយៈ Twitter លោកស្រី Li Ailan បានសរសេរដូច្នេះថា “សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កម្ពុជា ចំពោះការឆ្លើយតបយ៉ាងឆាប់រហ័សចំពោះករណីកូវីដ១៩ ដំបូង ចំនួន១២២ករណី និងការរីកចម្រើនល្អ ក្នុងការរៀបចំសម្រាប់ការបង្ករការឆ្លងជាសហគមន៍។”
លោកស្រី Li Ailan បានបន្តថា “ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ទំនងជាសមរភូមិរយៈពេលវែង។ យើងត្រូវតែមានការប្រុងប្រយ័ត្ននិងបន្តការខិតខំរបស់យើង។”
ការកត់សម្គាល់របស់លោកស្រី Li Ailan គឺបានធ្វើឡើងបន្ទាប់ពីពុំមានករណីចម្លងជំងឺកូវីដ១៩ថ្មី នៅកម្ពុជា ក្នុងរយៈពេលជាង ៣សប្តាហ៍មកហើយ។
ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២០នេះ ថា អ្នកព្យាបាលជាសះស្បើយសរុបមានចំនួនកើនឡើងដល់ ១២០នាក់ហើយ ខណៈដែលអ្នកកំពុងសម្រាកព្យាបាលសរុបបានថយចុះមកនៅត្រឹមតែ ០២នាក់។
កាលពីខែមុន លោកស្រី Li Ailan ក៏បាននិយាយម្តងហើយថា បើទោះបីកម្ពុជាបានឆ្លើយតបយ៉ាងឆាប់រហ័សនិងយ៉ាងចាស់ដៃចំពោះជំងឺកូវីដ១៩ កម្ពុជានៅតែស្ថិតក្នុងដំណាក់កាលដំបូងនៃការរីករាលដាលនៃជំងឺនេះនៅឡើយ ដែលទាមទារឲ្យមានការប្រុងប្រយ័ត្ន៕