តើហេតុអ្វីបានជាអ៊ីរ៉ង់ទាញលោក Elon Musk ចូលក្នុងល្បែងសង្គ្រាមដ៏គ្រោះថ្នាក់នេះ?
សារព័ត៌មាន CNBC បានរាយការណ៍ថា ទីក្រុងតេអេរ៉ង់ កំពុងដាក់រាល់ផលប្រយោជន៍អាជីវកម្ម និងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចទាំងអស់ ដែលគ្រប់គ្រងដោយកំពូលមហាសេដ្ឋី អេឡិន ម៉ាស់ នៅក្នុងតំបន់អាស៊ីខាងលិច និងមជ្ឈិមបូព៌ាទៅក្នុងផ្ទាំងស៊ីបយោធា រួមទាំងស្ថានីយនៅលើដីទាំងអស់របស់ប្រព័ន្ធផ្កាយរណប Starlink ផងដែរ។ មូលហេតុចម្បងដែលនាំឱ្យអ៊ីរ៉ង់ខឹងសម្បារយ៉ាងខ្លាំងបែបនេះ គឺដោយសារប្រព័ន្ធអ៊ីនធឺណិតផ្កាយរណប Starlink របស់ក្រុមហ៊ុន SpaceX កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រប្រតិបត្តិការយោធារបស់សហរដ្ឋអាម៉េរិក ប្រឆាំងនឹងអ៊ីរ៉ង់។ ផ្កាយរណបទាំងនេះត្រូវបានគេរាយការណ៍ថា បានផ្តល់ការគាំទ្របច្ចេកវិទ្យាដល់អាវុធយុទ្ធភណ្ឌទំនើបៗចាប់តាំងពីយន្តហោះដ្រូនវាយប្រហារតាមអាកាសរហូតដល់នាវាស៊ើបការណ៍ និងនាវាអត្តឃាតគ្មានមនុស្សបើករបស់អាម៉េរិក។
ប្រភពច្បាស់ការណ៍បានទម្លាយឱ្យដឹងថា សហរដ្ឋអាម៉េរិកបានប្រព្រឹត្តអំពើឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ ដោយមានការចូលដៃ និងគាំទ្រយ៉ាងពេញទំហឹងពីបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យារបស់លោក Elon Musk។ ហេតុដូច្នេះហើយ ទើបរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ប្រកាសថា ខ្លួនមានសិទ្ធិស្របច្បាប់ក្នុងការវាយប្រហារលើគ្រប់ទីតាំងទាំងអស់ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់កំពូលមហាសេដ្ឋីរូបនេះនៅក្នុងតំបន់ទាំងមូល។ គួរបញ្ជាក់ថា ក្រៅពីលោក Elon Musk កន្លងមក កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ក៏ធ្លាប់បានចេញមុខគំរាមកំហែងដល់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗដទៃទៀតរបស់អាម៉េរិកផងដែរដូចជា Nvidia, Apple, Microsoft និង Google ជាដើម។
ព្រឹត្តិការណ៍ដ៏ក្តៅគគុកនេះបានកើតឡើង ចំពេលដែលប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានបង្ហោះសារព្រមានធ្ងន់ៗនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់លោកថា សហរដ្ឋអាម៉េរិកនឹងបើកការវាយប្រហារតបតលើអ៊ីរ៉ង់វិញឱ្យខ្លាំងក្លាបំផុតនៅយប់នេះ។ លើសពីនេះលោក ត្រាំ ថែមទាំងបានគំរាមទៀតថា កងទ័ពអាម៉េរិកនឹងវាយដណ្តើមយកកោះខាក ដែលជាបេះដូងនិងជាមជ្ឈមណ្ឌលកណ្ដាលនៃការនាំចេញប្រេងដ៏សំខាន់បំផុតរបស់អ៊ីរ៉ង់ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធប្រេងសំខាន់ៗផ្សេងទៀត មកគ្រប់គ្រងក្នុងពេលឆាប់ៗខាងមុខនេះ។
គិតមកទល់ពេលនេះ ទាំងក្រុមហ៊ុន SpaceX របស់លោក Elon Musk និងសេតវិមានរបស់អាម៉េរិកនៅមិនទាន់បានចេញមុខឆ្លើយតប ឬធ្វើអត្ថាធិប្បាយណាមួយជុំវិញការគំរាមកំហែងរបស់អ៊ីរ៉ង់នៅឡើយទេ។ ការប្រឈមមុខដាក់គ្នាយ៉ាងតានតឹងរវាងមហាអំណាចទាំងពីរនេះ បានធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងបង្កើតកិច្ចព្រមព្រៀងសន្តិភាព និងបទឈប់បាញ់កាលពីពេលកន្លងទៅ ត្រូវរលាយរលត់ក្លាយជាអសារបង់ និងកំពុងរុញច្រានតំបន់មជ្ឈិមបូព៌ាឱ្យខិតជិតទៅរកសង្គ្រាមទ្រង់ទ្រាយធំដែលមិនអាចជៀសរួច៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស