សិក្ខាសាលានេះ ចូលរួមដោយភាគី រាជរដ្ឋាភិបាល, ដៃគូអភិវឌ្ឍន៍, ស្ថាប័នហិរញ្ញវត្ថុ, និងតំណាងម្ចាស់អាជីវកម្ម ដើម្បីពិភាក្សាអំពីអត្ថប្រយោជន៍ និងឱកាស នៃការប្រើប្រាស់សេវាធានាឥណទាន ក្នុងការគាំទ្រដល់ការងើបឡើងវិញ និងការពង្រីកអាជីវកម្ម។
សេវាធានាឥណទាន អាចរួមចំណែកដល់ការស្តារសេដ្ឋកិច្ចឡើងវិញបានកម្រិតណា គឺអាស្រ័យលើទស្សនៈរបស់ស្ថាប័នផ្តល់កម្ចី និងអ្នកខ្ចីទៅលើសេវាធានាឥណទាននេះ។ ដូច្នេះ សិក្ខាសាលានេះ ផ្តោតការពិភាក្សាលើទស្សនៈរបស់ភាគីពាក់ព័ន្ធចំពោះសេវាធានាឥណទាន។ វាគ្មិនទាំងអស់បានបង្ហាញការយល់ឃើញដូចគ្នាថា កង្វះទ្រព្យបញ្ចាំគឺជាបញ្ហាប្រឈមចម្បងមួយ ក្នុងការទទួលបានប្រាក់កម្ចីផ្លូវការរបស់ក្រុមហ៊ុនអាជីវកម្ម។ វាគ្មិនទាំងអស់ក៏បានយល់ស្របគ្នាដែរថា សេវាធានាឥណទាន អាចគាំទ្រធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងការផ្តល់កម្ចីច្រើនជាងមុនដល់ក្រុមហ៊ុនអាជីវកម្ម ជាពិសេស អាជីវកម្មដែលខ្វះទ្រព្យបញ្ចាំ។
លើសពីនេះ វាគ្មិនកិត្តិយស ក៏បានជជីកវែកញែកអំពីកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នពាក់ព័ន្ធ ក្នុងការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់សហគ្រាសធុនតូច និងមធ្យម ក្នុងបរិបទនៃការបើកសេដ្ឋកិច្ចឡើងវិញ នៅក្នុងប្រទេសកម្ពុជាផងដែរ។ កិច្ចពិភាក្សាបានលើកឡើងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមក្នុងការទទួលបានហិរញ្ញប្បទាន។ លើសពីនេះ ភាគីពាក់ព័ន្ធ បានចូលរួមក្នុងបេសកកម្មនេះ តាមរយៈការបង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុ ការបង្កើតផលិតផលហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធនៃវិស័យហិរញ្ញវត្ថុ ជាដើម។ អ្នកចូលរួមបាន បង្ហាញឆន្ទៈក្នុងការបន្តផ្តល់ការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមក្នុងការទទួលបានសេវាហិរញ្ញវត្ថុ។
វាគ្មិនកិត្តិយសនៅក្នុងសិក្ខាសាលានេះ រួមមាន ប្រធានសហព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC), អនុប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA), ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC), ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងជានាយកប្រតិបត្តិនៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ នាយកប្រតិបត្តិធនាគារកាណាឌីយ៉ា, អគ្គនាយករងនៃអគ្គនាយកដ្ឋានគោលនយោបាយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អ្នកជំនាញផ្នែកវិស័យហិរញ្ញវត្ថុជាន់ខ្ពស់ពី ADB, ទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់ប្រចាំតំបន់ពី UNCDF និងថ្នាក់ដឹកនាំរបស់ ស.ធ.ក.។
សិក្ខាសាលានេះ បានទាក់ទាញអ្នកចូលរួមប្រមាណជាង ៣០០នាក់មកពីស្ថាប័នផ្សេងៗ ដូចជា រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ ស្ថាប័នហិរញ្ញវត្ថុ និងសហគមន៍ធុរកិច្ច។
គួរបញ្ជាក់ថា ស.ធ.ក. គឺជាសហគ្រាសសាធារណៈ ស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បេសកកម្មចម្បងរបស់ ស.ធ.ក. គឺផ្តល់ការធានាឥណទានលើកម្ចីដែលផ្តល់ឱ្យក្រុមហ៊ុនអាជីវកម្ម។ គិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ស.ធ.ក. បានផ្តល់ការធានាលើកម្ចីចំនួន ១៧៣ ដែលមាន ទឹកប្រាក់សរុបជាង ២០ លានដុល្លារ៕