ការនាំចេញស្រូវ​តាមព្រំដែន

ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បារម្ភពីការនាំចេញស្រូវតាមច្រកព្រំដែន


លំហូរនៃការនាំចេញស្រូវទៅក្រៅប្រទេសនៅមួយរយៈចុងក្រោយនេះ កំពុងធ្វើឲ្យសហព័ន្ធស្រូវអង្ករកម្ពុជាមានក្ដីបារម្ភ ខណៈដែលបញ្ហាកូវីដ-១៩ នៅតែជាបញ្ហាចោទនៅឡើយសម្រាប់កម្ពុជា។ តួយ៉ាង នៅ៧ខែមកនេះ ការនាំចេញស្រូវទៅកាន់ប្រទេសវៀតណាមបានកើនឡើងដល់ជាង១លានតោន។ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានស្នើដល់រាជរដ្ឋាភិបាលឲ្យពិចារណាកាត់បន្ថយការនាំចេញស្រូវនេះ។
សកម្មភាព​នាំ​ស្រូវ​ខ្មែរ​ចេញ​ទៅ​វៀតណាម​យ៉ាង​គគ្រឹគ​គគ្រេង​នៅ​ច្រក​អន្តរជាតិ​បន្ទាយ​ចក្រី ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង។
ដោយ

បើតាមផ្អែក​ទៅលើទិន្នន័យ​ពីអគ្គនាយកដ្ឋាន​កសិកម្ម​បានបង្ហាញ​ថា ការនាំចេញ​ស្រូវ​ទៅកាន់​ប្រទេស​វៀតណាម​ក្នុងរយៈពេល ៧ខែ ១០ថ្ងៃ នៃឆ្នាំ២០២០នេះ មានចំនួន ១,១៦ លាន​តោន។

លោកឧកញ៉ា សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​គូសបញ្ជាក់ថា គិតរហូត​មកដល់​ពេលនេះ តម្លៃទីផ្សារ​ស្រូវ​អង្ករកម្ពុជា​មិនមាន​ការប្រែប្រួល​កើនឡើង ឬក៏ចុះថ្លៃនោះទេ ស្ថានភាព​បែបនេះ​បានឆ្លុះ​បញ្ចាំង​ឲ្យឃើញថា ការផ្គត់ផ្គង់​អង្ករ​នៅក្នុងស្រុក គឺគ្រប់គ្រាន់​សម្រាប់​តម្រូវ​ការ​ប្រើប្រាស់ ប៉ុន្តែសម្រាប់​រយៈពេលមធ្យម និង វែង អាចនឹង​រងផល​ប៉ះពាល់​ខ្លះ ប្រសិនបើ​នៅតែបន្ត​នាំចេញ​ស្រូវកាន់តែ​ច្រើន​ទៅ​កាន់​ប្រទេស​ជិតខាង។

លោកឧកញ៉ា សុង សារ៉ន​ អះអាងបន្តថា ស្ថានភាព​លក់អង្ករ​នៅក្នុង​ស្រុកនៅ​តែរក្សា​ស្ថានភាព​តម្លៃអង្ករ​នៅដដែល​មិនបាន​បង្ហាញពី​ការកើន​ឡើង​ឬធ្លាក់ចុះ​នោះទេ ខណៈតម្លៃ​អង្ករនៅ​ក្រៅប្រទេស​មួយរយៈ​នេះ មានការឡើង​ចុះមិន​ទៀង ដោយសារតែ​ស្ថានភាព​កូវីដ-១៩។ ប៉ុន្តែបើស្ថាន​ភាពជំងឺនេះ​នៅបន្ត​ផ្ទុះឡើង​កាន់ច្រើន​ថែមទៀត​នោះ ប្រទេស​រងឥទ្ធិពល​ខ្លាំង​ច្បាស់​នឹងមាន​តម្រូវការ​ស្បៀង​កើនឡើង ដែលជា​ហេតុធ្វើ​ឲ្យអង្ករ​មានការ​កើន​ឡើង​ភ្លាមៗ។

 

អ្នកជំនាញ​ផ្នែកស្រូវ​អង្ករ​រូបនេះ បន្តទៀត​ថា ក្នុងនាម​ជាវិស័យឯកជន​មិនមាន​លទ្ធភាព​អាចធ្វើការ​ទស្សន៍ទាយ​អំពីតម្រូវការ​ស្បៀង​បានសម្រាប់​ទូទាំង​ប្រទេស​បានទេ ​មានតែ​ស្ថាប័នរដ្ឋ​ដែលពាក់ព័ន្ធ​ប៉ុណ្ណោះ ដែលមាន​លទ្ធភាព​ត្រួត​ពិនិត្យ​ពីស្ថានភាព​ស្បៀង​អាហារ​ទូទាំង​ប្រទេសបាន។

ប៉ុន្តែអ្វីដែល​ប្រធាន​សហព័ន្ធ​ស្រូវអង្ករ​រូបនេះចង់​បញ្ជាក់ គឺ​ភាគច្រើន​អង្ករកម្ពុជា​នាំចេញ​ជាប្រភេទ​អង្ករ​ក្រអូប អង្ករផ្ការំដួល និងអង្ករ​ស​ល្អប្រណិត ប៉ុន្តែសម្រាប់​អង្ករនាំចេញ​ទៅវៀតណាម​ភាគច្រើនជា អង្ករសធម្មតា (ដូចជា​អង្ករ​ស្រូវអ៊ីអ៊ែរ) ដែលភាគ​ច្រើន​ពលរដ្ឋ​ក្នុងស្រុក​ក៏និយម​ប្រើប្រាស់​ច្រើន​ជាងគេដែរ ដូច្នេះ វាអាច​ជះឥទ្ធិពល​ផងដែរ​ប្រសិន​បើសិន​ជាកម្ពុជា​បន្តនាំចេញ​កាន់តែច្រើន​ក្នុង​រយៈពេល​វែង​កម្ពុជា​អាចនឹង​រងផលប៉ះពាល់​ចំពោះ​តម្រូវការ​ស្បៀង​ប្រភេទ​នេះ។ ប៉ុន្តែ សម្រាប់រយៈពេល​ខ្លីមិន​ទាន់​មាន​សញ្ញា​នៃផលប៉ះពាល់​ណាមួយ​នៅឡើយទេ។

យ៉ាងណាក៏ដោយចុះ ប្រធានសហព័ន្ធ​ស្រូវ​អង្ករកម្ពុជា សម្តែង​នូវការ​ព្រួយបារម្ភ បើស្ថានភាព​កូវីដ-១៩ នៅបន្ត​អូស​បន្លាយ​​រយៈពេលវែង រដ្ឋាភិបាល​គួរតែ​ពិចារណា​កាត់បន្ថយ​ការនាំ​ចេញ​ស្រូវទៅ​កាន់​ប្រទេស​ជិតខាង តាមច្រក​ព្រំដែន​កម្ពុជាថៃ និង វៀតណាម បើមិនដូច្នេះ​ទេ វាអាច​នឹងយឺត​ពេល វាអាច​នឹង​ជួបបញ្ហា នៅពេល​ដែល​លំហូរ​ស្រូវ​ចេញ​ទៅអស់។

 

ជុំវិញទៅ​នឹងបញ្ហា​ស្បៀងអាហារនេះ​ដែរ រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​កម្ពុជា ​ឯកឧត្តម វេង សាខុន បានបញ្ជាក់​អះអាងថា កម្ពុជា​នៅតែ​អាចធានា​បាននូវ​ស្បៀង​អាហារ​គ្រប់គ្រាន់​សម្រាប់​តម្រូវការ​ស្បៀង​ក្នុងស្រុក និង​ការនាំចេញ​នៅក្នុង​ឆ្នាំ២០២០នេះ បើទោះបីជា កម្ពុជា​នៅពេលនេះ​កំពុង​ប្រឈម​ជាមួយ​នឹងវិបត្តិ​សកល​ជំងឺ​កូវីដ-១៩ក៏ដោយចុះ។

ឯកឧត្តម វេង សាខុន បន្តថា ការបង្ក​បង្កើន​ផលស្រូវ​នៅឆ្នាំ២០២០ នេះតាម​ការប៉ាន់ស្មាន​គឺអាចមាន​ចំនួន​ច្រើនលើស​កាលពី​ឆ្នាំទៅមិញ មិនតិចជាង ១២លាន​តោន​ស្រូវឡើយ ខណៈកាល​ពីឆ្នាំ២០១៩ ការបង្ក​បង្កើន​ផល​ស្រូវ​សម្រេច​បាន​ជិត ១១លានតោន ដូច្នេះ នៅឆ្នាំនេះ​កម្ពុជា នឹងពុំ​មាន​បញ្ហា​ខ្វះ​ស្បៀង​អាហារ​នោះឡើយ៕

None



អត្ថបទបន្ទាប់


TikTok នឹងប្ដឹងតបតរដ្ឋបាលលោកត្រាំវិញ ជុំវិញករណីបញ្ជាឲ្យបិទកម្មវិធីTikTok នៅអាមេរិក

ក្រោយពីលោកដូណាល់ត្រាំបានប្រកាស នាពេលថ្មីៗនេះ ដោយបានគំរាមបិទកម្មវិធី TikTok នៅអាមេរិកចោល បើមិនលក់ទៅឲ្យក្រុមហ៊ុន Microsoft នៅក្នុងរយៈព…

វៀតណាមកំពុងមានអាជីវកម្មក្ស័យធន បន្តកើនឡើងខ្លាំង

មានសហគ្រាសអាជីវកម្មនៅវៀតណាម​ជាង ៦ម៉ឺនកន្លែង បានផ្អាកដំណើរការអាជីវកម្មរបស់ពួកគេ គិតមកទល់នឹងខែសីហានេះ ដោយចំនួននេះ កើនឡើង ១១% ធៀបនឹង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ