ការបិទខ្ទប់ដ៏តឹងរឹងនៃជំងឺកូវីដ១៩ ចាប់តាំងពីខែមិថុនានៅក្នុងប្រទេសចិនបានធ្វើឱ្យសកម្មភាពរោងចក្រនៅក្នុងទីក្រុងប៉េកាំងត្រូវបានផ្អាក ខណៈប្រទេសនេះជាអ្នកនាំចូលប្រេងឆៅធំបំផុតមួយរបស់ពិភពលោក។ ទិន្នន័យបានបង្ហាញកាលពីថ្ងៃច័ន្ទសប្តាហ៍នេះថា សន្ទស្សន៍នៃតម្រូវការប្រេងឆៅក្នុងប្រទេសចិនបានធ្លាក់ចុះទាបជាងការរំពឹងទុករបស់អ្នកវិភាគ ខណៈសកម្មភាពផលិតកម្មរបស់ជប៉ុនក៏បានធ្លាក់ចុះក្នុងអត្រាទាបបំផុតក្នុងខែកក្កដាផងដែរ បើធៀបក្នុងរយៈពេល ១០ ខែកន្លងមកនេះ។
លោក Tina Teng អ្នកវិភាគទីផ្សារមកពីក្រុមហ៊ុន CMC Markets បាននិយាយថា ទិន្នន័យបានបង្ហាញពីការធ្លាក់ចុះដ៏គួរឱ្យភ្ញាក់ផ្អើលនៃសកម្មភាពសេដ្ឋកិច្ចរបស់ទីក្រុងប៉េកាំងដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី ២ របស់ពិភពលោក ដោយសារការចាត់វិធានការបិទខ្ទប់ដ៏តឹងរ៉ឹង ដើម្បីទប់ស្កាត់កូវីដ ១៩ ដែលបានធ្វើឱ្យទស្សនវិស័យតម្រូវការនៃទីផ្សារប្រេងឆៅមានការធ្លាក់ចុះជាលំដាប់។ តម្លៃប្រេងឆៅនៅអង់គ្លេសនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ បានធ្លាក់ចុះ ៨២សេន មកនៅត្រឹមតម្លៃ ១០៣ដុល្លារ ១៥សេនក្នុងមួយធុងបារ៉ែល ខណៈប្រេងឆៅរបស់អាមេរិកវិញ មានតម្លៃ ៩៧ ដុល្លារ៤៤សេន ក្នុងមួយបារ៉ែល ធ្លាក់ចុះ ១ ដុល្លារ១៨ សេន។
អ្នកវិភាគបានគូសបញ្ចាក់នៅក្នុងការស្ទង់មតិរបស់ Reuters បានកាត់បន្ថយការព្យាករជាលើកដំបូងចាប់តាំងពីខែមេសាមក ដោយគេបានព្យាករថា តម្លៃប្រេងឆៅអង់គ្លេសជាមធ្យមសម្រាប់ឆ្នាំ ២០២២ នឹងមានមកនៅត្រឹម ១០៥ ដុល្លារ ៧៥ សេន ក្នុងមួយបារ៉ែល ខណៈប៉ាន់ស្មានសម្រាប់ប្រេងឆៅអាមេរិកមានតម្លៃ ១០១ ដុល្លារ ២៨ សេន ក្នុងមួយបារ៉ែល។
គួរជម្រាបថា អង្គការនៃប្រទេសនាំចេញប្រេង (OPEC) និង សម្ព័ន្ធមិត្តរួមទាំងរុស្ស៊ី ដែលជាក្រុមដែលគេស្គាល់ថាជា OPEC+ នឹងជួបប្រជុំគ្នានៅថ្ងៃពុធ ទី ៣ ខែ សីហាសប្តាហ៍នេះ ដើម្បីសម្រេចកំណត់បរិមាណទិន្នផលប្រេងសម្រាប់ខែកញ្ញា៕