
ដោយមើលឃើញពីសារៈសំខាន់នៃការរួមចំណែកក្នុងផ្សព្វផ្សាយអំពីទីផ្សារមូលបត្រ ក៏ដូចជាការបញ្ជ្រាបចំណេះដឹងកានតែទូលំទូលាយថែមទៀតទៅដល់ប្រជាពលរដ្ឋទាក់ទងនឹងវិស័យនេះ ផ្សារមូលបត្រកម្ពុជា និងអង្គភាពសារព័ត៌មានខេមបូណូមីស នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២២ បានសម្រេចចុះអនុស្សរណៈនៃការយោគយល់គ្នា ក្នុងគោលបំណងជំរុញការផ្សព្វផ្សាយ និងពង្រីកសក្ដានុពលនៃវិស័យទីផ្សារមូលបត្រកម្ពុជាឲ្យកាន់តែប្រសើរឡើង។
ថ្លែងក្នុងពិធីអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា និងអង្គភាពព័ត៌មានខេមបូណូមីស ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានគូសបញ្ជាក់ថា វិស័យផ្សារមូលបត្រកម្ពុជា ហាក់នៅមានកម្រិតនៅឡើយ ព្រោះប្រជាពលរដ្ឋមិនទាន់យល់ច្បាស់ពីវិស័យនេះ ដោយសារការផ្សព្វផ្សាយមិនទាន់ទូលំទូលាយ ដូច្នេះ ការចូលរួមនៃវិស័យព័ត៌មាន នឹងកាន់តែបង្កើនសក្ដានុពលបន្ថែមដល់វិស័យផ្សារមូលបត្រកម្ពុជា។

ឯកឧត្តម ហុង សុហួរ បានគូសបញ្ជាក់ទៀតដូច្នេះ វិស័យទីផ្សារមូលបត្រកម្ពុជា មានការរីកចម្រើនគួរឲ្យកត់សម្គាល់ នារយៈពេលចុងក្រោយនេះ។ ជាក់ស្ដែង រយៈពេល ២ខែដំបូង ក្នុងឆ្នាំ២០២២នេះ ទំហំជួយដូរជាមធ្យមប្រចាំថ្ងៃបានកើនដល់ជាង៤០ម៉ឺនដុល្លារក្នុងមួយថ្ងៃ ពិសេសនៅខែកុម្ភៈបានកើនដល់ទៅជិត១លានដុល្លារក្នុងមួយថ្ងៃ។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដីសម្រាប់កម្ពុជា ឯកឧត្តម ហុង សុហួរ បានកត់សម្គាល់ឃើញថា ហាក់នៅមានកម្រិតនៅឡើយ បើប្រៀបនឹងទីផ្សារប្រទេសដទៃ។ បើតាមថ្នាក់ដឹកនាំក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ដើម្បីធ្វើឲ្យវិស័យទីផ្សារមូលបត្រ កាន់តែមានការរីកចម្រើន ចាំបាច់មានការចូលរួមពីវិស័យផ្សព្វផ្សាយ ពិសេសស្ថាប័នព័ត៌មានដែលមានវិជ្ជាជីវៈ។

ឯកឧត្តម ហុង សុហួរ មានសុទិដ្ឋិនិយមថា តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា និងអង្គភាពព័ត៌មានខេមបូណូមីស សាធារណៈជន ម្ចាស់អាជីវកម្ម ក៏ដូចជា វិនិយោគិន ជាដើម នឹងយល់ដឹងកាន់តែច្បាស់ ពីវិស័យCSX។ ជាមួយគ្នានោះ ឯកឧត្តម ក៏មានក្ដីរំពឹងទៀតថា ក្រោយប្រជាជនកម្ពុជា កាន់តែទទួលបានព័ត៌មានទូលំទូលាយទាក់ទងនឹងផ្សារមូលបត្រ ហើយវាក៏នឹងជំរុញឲ្យទំហំវិនិយោគនៅក្នុងទីផ្សារនេះ នឹងកាន់តែកើនឡើងផងដែរ។
លោក ស៊ឺន សាយ អគ្គនាយកនៃអង្គភាពសារព័ត៌មានខេមបូណូមីស បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយក្រៃលែង ដែលសារព័ត៌មានឌីជីថលខេមបូណូមីស បានរួមចំណែក ជាមួយផ្សារមូលបត្រកម្ពុជា នៅក្នុងបេសកកម្មផ្សាព្វផ្សាយព័ត៌មានអំពីវិស័យថ្មីនេះ ទៅដល់សាធារណៈជន។

បើតាមលោក ស៊ឺន សាយ ទីផ្សារមូលបត្រកម្ពុជា គឺជាស្ថាប័នមួយដែលបានកៀងរគរនូវប្រភពហិរញ្ញវត្ថុដ៏សំខាន់ណាស់សម្រាប់ជំរុញដល់ការលូតលាស់នៃកំណើនសេដ្ឋកិច្ច។ ដូច្នេះ តាមរយៈ ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ សារព័ត៌មានឌីជីថលខេមបូណូមីស នឹងខិតខំផ្សព្វផ្សាយ និងពន្យល់ដល់សាធារណៈជន ពិសេសម្ចាស់អាជីវកម្ម និងអ្នកវិនិយោគ ឲ្យបានស្វែងយល់កាន់តែច្បាស់ និងទូលំទូលាយពីវិស័យទីផ្សារមូលបត្រ។
សូមបញ្ជាក់ថា បច្ចុប្បន្ន មានក្រុមហ៊ុនចំនួន១៥ ដែលបានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុន ដែលក្នុងនោះមាន ៩ក្រុមហ៊ុនបានចុះបញ្ជីជាភាគហ៊ុន និង៦ក្រុមហ៊ុនបានចុះបញ្ជីជាសញ្ញាបណ្ណ។ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នៅតែបង្ហាញនូវគំនិតសុទិដ្ឋិនិយមថា វិស័យផ្សារមូលបត្រនៅកម្ពុជា នៅតែមានភាពរឹងមាំនឹងបន្តកើនឡើង ខណៈនៅឆ្នាំ២០២១ ទំហំនៃការជួញដូរជាមធ្យមបានកើនឡើងរហូត ២៧ម៉ឺនដុល្លារក្នុងមួយថ្ងៃ៕ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ហុង សុហួរ៕