ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃនិយ័តមូលបត្រកម្ពុជា បានប្រាប់ក្រុមការងារខេមបូណូមីសថា ក្រោយពីនិយ័តមូលបត្រកម្ពុជា បានអនុម័តការចុះបញ្ជីសាធារណៈរបស់ក្រុមហ៊ុន DBD Engineering Plc រួចហើយ ក្រុមហ៊ុននេះ គ្រោងនឹងចុះបញ្ជីក្នុងផ្សារមូលបត្រក្នុងឆ្នាំនេះ ដោយក្រុមហ៊ុននេះ នឹងជូនដំណឹងឆាប់ៗ នូវនីតិវិធីបន្តទៀត។
បើតាមឯកឧត្តម ស៊ូ សុជាតិ នៅឆ្នាំ២០២១នេះដែរ លោករំពឹងថា អាចមានក្រុមហ៊ុន ១ឬ២ ទៀត ដែលចុះបញ្ជីក្នុងផ្សារមូលបត្រ ប៉ុន្តែយ៉ាងណាមិញ គឺអាស្រ័យលើការអនុវត្តជាក់ស្តែងរបស់ក្រុមហ៊ុនទាំងនោះដែរ។
យ៉ាងណាក៏ដោយចុះ ទោះបីជាមានភាពប្រឈមពីកូវីដ-១៩ តែការខិតខំរបស់និយ័តករមូលបត្រនៅតែបន្ត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយដើម្បីអាចអូសទាញក្រុមហ៊ុនថ្មីៗ ឲ្យចូលចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជាកាន់តែច្រើន ឯកឧត្តម ស៊ូ សុជាតិ អះអាង បាននិងកំពុងរៀបចំកម្មវិធីឧត្តមភាពលើកទី២ ក្នុងទិសដៅជួយដល់ក្រុមហ៊ុនសម្រាប់ការរៀបចំតាមស្តង់ដាក្រុមហ៊ុនចុះបញ្ជី។
ទាក់ទិនទៅនឹងការចុះអនុម័តការចុះបញ្ជីសាធារណៈរបស់ក្រុមហ៊ុនថ្មីៗនេះដែរ ឯកឧត្តម ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា យល់ឃើញថា នេះជាការបង្ហាញថា ទោះស្ថិតនៅក្នុងស្ថានភាពកូវីដ-១៩ ក៏ផ្សារមូលបត្រកម្ពុជា នៅតែបន្តដំណើរទៅមុខជានិច្ច ហើយនៅមានក្រុមហ៊ុនថ្មីៗជាច្រើនទៀត កំពុងត្រៀមខ្លួនក្នុងការចូលមកចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជាបន្តបន្ទាប់នៅក្នុងឆ្នាំនេះ។
ឯកឧត្តម ហុង សុហួរ បានវាយតម្លៃថា ទោះនៅក្នុងរយៈពេល៦ខែកន្លងទៅនេះ ស្ថិតនៅក្នុងវិបត្តិខ្លាំង ដោយសារជំងឺកូវីដ-១៩ក៏ដោយ តែសកម្មភាពនៃការជួញដូរក្នុងផ្សារហ៊ុននៅតែល្អ ហើយរហូតដល់ដំណាច់ឆ្នាំ២០២១នេះ ក៏រំពឹងថានឹងកាន់តែប្រសើរឡើងថែមទៀតដែរ។
តាមការបង្ហើបឲ្យដឹងពីអគ្គនាយកផ្សារមូលបត្រកម្ពុជារូបនេះ
សម្រាប់ឆ្នាំនេះ នឹងមានក្រុមហ៊ុនចុះបញ្ជីប្រហាក់ប្រហែល ឬអាចច្រើនជាងឆ្នាំមុនទៅទៀត
ដែលវានឹងធ្វើឲ្យទីផ្សារមូលបត្រកាន់តែមានភាពអ៊ូអរ និងមានការប្រកួតប្រជែងកាន់ខ្លាំង៕