ជាលទ្ធផលជាក់ស្តែងដែលបាបបញ្ជាក់នៅ ក្នុងខែកុម្ភៈដើមឆ្នាំ២០២០នេះ រដ្ឋប្រមូលប្រាក់ ចំណួលគយបានប្រមាណ ២៣៥លានដុល្លារអាមេរិក ពោលគឺទាបជាងផែនការ ដែលបានកំណត់ មានរហូត ២៥០លានដុល្លារ។
ជុំវិញទៅនឹងការដាំក្បាលចុះចំណូលពន្ធគយដើមឆ្នាំនេះ ត្រូវបាន ឯកឧត្តម គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បញ្ជាក់អះអាងថា នៅក្នុងឆ្នាំ២០២០នេះ ជាផែនការដែលបានកំណត់ក្នុងច្បាប់ហិរញ្ញវត្ថុ គឺអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាត្រូវប្រមូលចំណូលឲ្យបានជាង ២.៩០០ លានដុល្លារ ក្នុងនោះ គិតជាមធ្យមប្រចាំខែ តម្រូវប្រមូលឲ្យបានជាង ២៥០លានដុល្លារអាមេរិកក្នុងមួយខែ។ ជាលទ្ធផលនៃការប្រមូលចំណូលគយក្នុងខែមករាលើសផែនការដែលមានចំនួន ២៥៥លានដុល្លារ ប៉ុន្តែខែកុម្ភៈវិញ ប្រមូលចំណូលបានតិចជាងផែនការដែលមានចំនួន ២៣៥លានដុល្លារ។
ជាការណែនាំពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាកំពុងតែរិះរកគ្រប់មធ្យោបាយ និងវិធានការបន្ថែមក្នុងការគៀងប្រមូលចំណូលពន្ធគយបន្ថែម ខណៈការប្រមូលចំណូលបច្ចុប្បន្ននេះ កំពុងជួបបញ្ហាប្រឈមច្រើនដោយទំនិញមួយចំនួនដែលបម្រើឲ្យវិស័យកាត់ដេរ និង វិស័យទេសចរ គឺមានតម្រូវការថយចុះយ៉ាងខ្លាំង ដែលនេះជាមូលហេតុធ្វើឲ្យចំណូលពន្ធគយក្នុងខែ កុម្ភៈថយចុះជាផែនការកំណត់ ។
គួរជម្រាបផងដែរថា កាលពីឆ្នាំ២០១៩ រដ្ឋបានប្រមូលប្រាក់ចំណូលពន្ធគយសរុបបានប្រមាណជាង ៣.២១៥ លានដុល្លារអាមេរិក កើនឡើងជាង ៣០ភាគរយ ធៀបនឹងឆ្នាំ២០១៨ ដែលលើសផែនការដែលបានកំណត់ជាង ៤២ ភាគរយ៕