នាយករដ្ឋមន្ត្រីឆេក អះអាងដូច្នេះ ដោយសំអាងថា ប្រទេសភាគច្រើននៅអឺរ៉ុប នឹងមិនអាចទប់ស្កាត់ការនាំចូលឧស្ម័នពីរុស្ស៊ីបានឡើយ ដោយសារតែតម្រូវការក្នុងស្រុកមិនអាចខ្វះថាមពលរុស្ស៊ីបាន ហើយប្រទេសទាំងនេះមិនមានអ្វីមកជំនួសភ្លាមៗបាននោះដែរ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
បើតាមលោក ហ្វីឡានាយករដ្ឋមន្ត្រីឆេក ឥឡូវទណ្ឌកម្មលើកទី៧របស់សហភាពអឺរ៉ុប ដែលនឹងត្រូវបន្ដដាក់សង្កត់លើរុស្ស៊ីនោះ កំពុងត្រូវបានត្រួតពិនិត្យសម្រេចដោយនាយកប្រតិបត្តិរបស់សហភាពអឺរ៉ុបហើយ។ ក្នុងទណ្ឌកម្មលើកទី៧នេះ នឹងរួមបញ្ចូលការហាមឃាត់ការនាំចូលមាស ពង្រីកបញ្ជីមុខទំនិញប្រើប្រាស់ដែលត្រូវហាមឃាត់សម្រាប់ការនាំចេញទៅកាន់ប្រទេសរុស្ស៊ី និងកំណត់គោលដៅទណ្ឌកម្មលើបុគ្គលឯកជននៅរុស្ស៊ីបន្ថែមទៀត។
យ៉ាងណាមិញ ការដាក់ទណ្ឌកម្មកញ្ចប់ថ្មីនេះ នឹងមិនមានរួមបញ្ចូលទណ្ឌកម្មលើថាមពលរុស្ស៊ីដូចជាការនាំចូលឧស្ម័នឡើយ។ លោកហ្វីឡាអះអាងយ៉ាងដូច្នេះថា៖ «ខ្ញុំគិតថាវាមិនគួរមានទេ ព្រោះប្រទេសមួយចំនួនពឹងផ្អែកខ្លាំងណាស់លើឧស្ម័នរបស់រុស្ស៊ី ខ្វះមិនបាន»។
បើតាមនាយករដ្ឋមន្ត្រីឆេករូបនេះ គណៈកម្មការអឺរ៉ុបនឹងត្រៀមខ្លួនជាស្រេច ដើម្បីបង្ហាញកញ្ចប់ទណ្ឌកម្មថ្មីនេះនៅក្នុងប៉ុន្មានថ្ងៃខាងមុខ ហើយរដ្ឋជាសមាជិកក៏អាចនឹងយល់ព្រមភ្លាមៗបន្ទាប់ពីនោះដែរ។
គួរកត់សម្គាល់ថា សាធារណរដ្ឋឆេកដែលបានចូលកាន់តំណែងជាប្រធានប្តូរវេនក្នុងរយៈពេល៦ខែម្តងរបស់សហភាពអឺរ៉ុបកាលពីថ្ងៃទី០១ខែកក្កដា គឺជារដ្ឋមួយក្នុងចំណោមប្រទេសផ្សេងទៀតដែលពឹងផ្អែកលើប្រទេសរុស្ស៊ីខ្លាំងសម្រាប់តម្រូវការឧស្ម័នស្ទើរតែទាំងអស់នៃការប្រើប្រាស់ក្នុងស្រុក។
បើគិតជារួម សហភាពអឺរ៉ុបទាំងមូលបានពឹងផ្អែកលើឧស្ម័នរុស្ស៊ីចំនួន ៤០% នៃការតម្រូវការប្រើប្រាស់សរុប។ នេះបើយោងតាមទិន្នន័យនៅមុនពេលដែលទីក្រុងម៉ូស្គូបានចូលឈ្លានពានអ៊ុយក្រែន។
យ៉ាងក៏ដោយ នាយករដ្ឋមន្ត្រីឆេក ធ្លាប់បានសន្យាថាខ្លួននឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើបានដើម្បីកាត់បន្ថយការពឹងផ្អែកលើថាមពលរបស់រុស្ស៊ី ប៉ុន្តែបានដាក់លក្ខខណ្ឌឱ្យចប់រដូវរងានេះសិន ដោយហេតុថារដូវរងាជាពេលដែលគេត្រូវការប្រើថាមពលច្រើន ពិសេសគឺម៉ាស៊ីនកំដៅ។
គួររំឭកថា ការដាក់ទណ្ឌកម្មទាំងប្រាំមួយជុំដំបូងកន្លងមក រួមមានការបង្កកទ្រព្យ និងការហាមប្រាមទិដ្ឋាការលើមន្ត្រីរុស្ស៊ី ការរិតត្បិតការនាំចេញ ការបង្កកទ្រព្យសម្បត្តិធនាគារកណ្តាល ការកាត់ធនាគាររុស្ស៊ីចេញពីប្រព័ន្ធទូទាត់សកល SWIFT និងការហាមឃាត់ការនាំចូលធ្យូងថ្ម និងប្រេងរបស់រុស្ស៊ី៕