លោក សយ សុភាព បាននិយាយថា ៖ «ក្រោយស្តាប់រឿងហេតុផលគាត់ទៅ រឿងនេះ វាមិនធំទេ អាចដោះស្រាយគ្នាបាន ពីព្រោះទីមួយរឿងហ្នឹងវាអត់ពាក់ព័ន្ធនឹងរឿងនយោបាយទេ។ វាទាក់ទងនឹងរឿងបច្ចេកទេសទេ»។
លោក សយ សុភាព បាននិយាយថា គាត់បានផ្តល់គំនិតទៅលោក ដូក្លាស ស្ទាល ដែលជានាយកចាត់ចែងទូទៅរបស់ ខេមដូឌាដេលីអស់រយៈពេលប្រហែលមួយម៉ោង ហើយថា ខេមបូឌាដេលី ទទួលយកគំនិតទៅពិចារណាសិន។
លោក សយ សុភាព សុំមិនធ្វើអត្ថាធិប្បាយអំពីគំនិតអ្វីខ្លះដែលលោកបានផ្តល់ទៅលោក ដូក្លាស ស្ទាល នោះទេ។
លោក សយ សុភាព បាននិយាយថា៖ «ខេមបូឌាដេលី នឹងអាចបន្តបោះផ្សាយទៀត និយាយទៅ អ្វីៗអាចដោះស្រាយបាន សំខាន់នៅលើ ខេមបូឌាដេលី ខ្លួនឯងទេ។ បើ ខេមបូឌាដេលី ធ្វើឲ្យលឿនទៅ រឿងហ្នឹងវានឹងអាចមានច្រកចេញ វាអត់ធំទេ រឿងហ្នឹងគ្រាន់តែបញ្ជាក់ថា មិនមែនជារឿងនយោបាយទេ»។
លោក សយ សុភាព បាននិយាយបន្តថា លក្ខណៈធ្វើការរបស់ខ្មែរ គឺគ្មានអីក្រៅពីការនិយាយជជែកគ្នា គោរពនូវអ្វីដែលជាខ្មែរ ហើយបញ្ហាវានឹងដោះចេញហើយ។
កាលពីថ្ងៃពុធ លោក សយ សុភាព បាននិយាយថា ខេមបូឌាដេលី ត្រូវតែជជែកគ្នាជាមួយខាងពន្ធដារបន្ត ហើយគួរតែសរសេរសំបុត្រទៅសម្តេច ហ៊ុន សែន ដើម្បីបង្ហាញពីភាពទន់ភ្លន់។ លោក សយ សុភាព ជាចាងហ្វាងសារព័ត៌មានដើមអំពិល និងជាពិធីករព័ត៌មាននៅស្ថានីយទូរទស្សន៍បាយ័នផងដែរ។
លោក សយ សុភាព កន្លងមក ត្រូវបានគេមើលឃើញថា ជាអ្នកនាំសាររបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយដែលប៉ុន្មានឆ្នាំមកនេះ ក៏បានជួយស្វែងរកដំណោះស្រាយខ្លះក្នុងជម្លោះនយោបាយកម្ពុជាផងដែរ។
ខេមបូឌាដេលី ជាកាសែតប្រចាំថ្ងៃភាសាអង់គ្លេសដំបូងគេបង្អស់ដែលបង្កើតនៅឆ្នាំ១៩៩៣ ហើយដែលបានបង្កើតដោយអ្នកកាសែតជើងចាស់ជនជាតិអាមេរិកគឺលោក Bernard Krisher៕