
អក្សរឡូហ្គោធំៗរបស់ក្រុមហ៊ុនអចលនទ្រព្យចិនដ៏ធំលំដាប់ទី២ Evergrande ជាភាសាចិនចំនួន ៤តួត្រូវបានគេដកចេញពីកំពូលអគារដ៏ខ្ពស់នៅក្នុងទីក្រុង ស៊ិន ជិន ដែលជាអគារស្នាក់ការកណ្ដាលរបស់ខ្លួន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
នៅយប់ថ្ងៃចន្ទដដែល ក្រុមហ៊ុនបានចេញសេចក្តីប្រកាសព័ត៌មានដ៏ភ្ញាក់ផ្អើលមួយថា ក្រុមហ៊ុន Evergrande នឹងផ្លាស់ប្តូរទីតាំងស្នាក់ការកណ្តាលទៅកាន់អគារមួយផ្សេងទៀត នៅក្នុងទីក្រុងស៊ិនជិនដដែល ដែលវាជាកម្មសិទ្ធិរបស់ក្រុមហ៊ុនផ្ទាល់។ ការរុះរើទីតាំងរបស់ Evergrande ត្រូវបានក្រុមហ៊ុនអះអាងថា ដើមសន្សំសំចៃថ្លៃឈ្នួលជួលអគារ អំឡុងពេលដែលក្រុមហ៊ុនកំពុងជួបវិបត្តិហិរញ្ញវត្ថុ។ទោះយ៉ាងណា ក្រុមហ៊ុនមិនបានប្រាប់ពីព័ត៌មានលម្អិតនៃថ្ងៃរុះរើចុងក្រោយ និងពេលវេលាដែលខ្លួននឹងត្រូវចូលទៅកាន់ទីតាំងថ្មីនោះទេ។
សូមជម្រាបថា ទោះបីចូលដល់ឆ្នាំ២០២២ហើយក៏ដោយ Evergrande នៅតែបន្តត្រដាបត្រដួសក្នុងបំណុលសរុបប្រមាណ ៣០០ពាន់លានដុល្លារ ដែលរួមបញ្ចូលទាំងប្រាក់ប្រហែល ២០ពាន់លានដុល្លារទៀត នៃបណ្ណបំណុលនៅក្រៅប្រទេស។ កាលពីខែមុន ក្រុមហ៊ុននេះត្រូវបានរដ្ឋចិន ដកឲ្យមកស្ថិតក្រោមការត្រួតពិនិត្យដោយផ្ទាល់ពីរដ្ឋបាលខេត្តក្វាងទុង ជាមួយនឹងគណៈកម្មាធិការគ្រប់គ្រងហានិភ័យថ្មីមួយ ដែលគ្រប់គ្រងដោយមន្ត្រីក្នុងតំបន់។ វិធានការនេះធ្វើឡើង ដើម្បីជួយជ្រោមជ្រែង Evergrande ក្នុងការដោះស្រាយបញ្ហាបំណុល និងបញ្ចៀសភាពក្ស័យធន៕None