នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែល បានឲ្យដឹងទៀតថា ការចុះយុទ្ធនាការផាកពិន័យនៅនឹងកន្លែងគោលដៅត្រួតពិនិត្យក្នុងក្របខណ្ឌទូទាំងប្រទេសនេះ បានចាប់ផ្តើមឡើងកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០។ ការចុះអនុវត្តនេះ ដោយសារតែអគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា មានរថយន្តដែលមិនទាន់បានប្រកាសបង់ពន្ធ នៅតែបន្តធ្វើចរាចរណ៍នៅលើដងផ្លូវនៅឡើយ ដូចនេះក្រុមការងារចម្រុះ នៃអគ្គនាយកដ្ឋានពន្ធដារ នៅតែបន្តយុទ្ធនាការចុះត្រួតពិនិត្យយានយន្តណា ដែលមិនទាន់បានបង់ពន្ធប្រភេទនេះ ដើម្បីឲ្យច្បាស់ថា យានយន្តទាំងអស់បានបំពេញកាតព្វកិច្ចបង់ពន្ធដោយស្មើភាពគ្នាតាមការកំណត់ដោយច្បាប់។
យ៉ាងណាមិញ អគ្គនាយកដ្ឋានពន្ធដារ បានក្រើនរំលឹកម្ចាស់ក្រុមហ៊ុន ម្ចាស់សហគ្រាស សាធារណៈជន ម្ចាស់រថយន្តទាំងអស់រួសរាន់ទៅបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៩ ដើម្បីចៀសវាង ការឃាត់យានយន្តតាមដងផ្លូវដោយមន្ត្រីពន្ធដារ និងកងកម្លាំងសមត្ថកិច្ច នាំអោយមានការកកស្ទះចរាចរណ៍ ខាតពេលវេលា និងអាចកើតមាននូវបាតុភាពអសកម្មដោយប្រការណាមួយជាយថាហេតុ៕