
ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ថា ការបញ្ជូនពលរដ្ឋមួយចំនួនរស់នៅខុសច្បាប់នៅសហរដ្ឋអាម៉េរិក មកប្រទេសកំណើតវិញ គឺជារឿងទ្វេភាគីរវាងប្រទេសជាសមាជិកអាស៊ាននីមួយៗជាមួយសហរដ្ឋអាម៉េរិកប៉ុណ្ណោះ។ ជាក់ស្ដែងនាពេលកន្លងមក សហរដ្ឋអាម៉េរិក ក៏ធ្លាប់បញ្ជូនពលរដ្ឋខ្មែររស់នៅខុសច្បាប់មកកម្ពុជា ជាបន្តបន្ទាប់ផងដែរ ហើយគេក៏មិនអាចវាយតម្លៃក្នុងកម្រិតកិច្ចសហប្រតិបត្តិការរួមរបស់តំបន់ជាមួយសហរដ្ឋអាម៉េរិក នោះដែរ។ ជាមួយគ្នានេះឯកឧត្តម កៅ គឹមហួន បានចាត់ទុកការបញ្ជូនអ្នករស់នៅខុសច្បាប់នៅសហរដ្ឋអាម៉េរិក មកប្រទេសកំណើតវិញវាជាការអនុវត្តច្បាប់អន្តោប្រវេសន៍ប៉ុណ្ណោះ ខណៈប្រទេសនានា ក៏មានច្បាប់ និងធ្លាប់អនុវត្តវិធានការនេះលើជនបរទេសដែលរស់នៅក្នុងទឹកដីខ្លួនដោយខុសច្បាប់ផងដែរ។
ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាយល់ឃើញថា ការបញ្ជូនពលរដ្ឋរស់នៅខុសច្បាប់នៅសហរដ្ឋអាម៉េរិក ឱ្យត្រលប់មកប្រទេសកំណើតវិញ គ្រាន់តែជាការអនុវត្តច្បាប់ ដែលសហរដ្ឋអាម៉េរិក បានអនុវត្តជាយូរមកហើយតែប៉ុណ្ណោះ។ តែយ៉ាងណាអ្នកជំនាញរូបនេះយល់ឃើញថា ការបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់រាប់ម៉ឺននាក់របស់រដ្ឋបាលលោក ដូណាល់ ត្រាំ វានឹងប៉ះពាល់ដល់សិទ្ធិមនុស្ស និងទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាម៉េរិក និងបណ្ដាប្រទេសផ្សេងទៀតជាសមាជិកអាស៊ាន។
យោងតាមទន្នន័យពីអាជ្ញាធរគយ និងអន្ដោប្រវេសន៍សហរដ្ឋអាម៉េរិកបានឱ្យដឹងថា ចំនួនជនអន្តោប្រវេសន៍ខុសច្បាប់រាប់ម៉ឺននាក់របស់បណ្តាអាស៊ានទាំង១០ស្ថិតក្នុងបញ្ជីឈ្មោះ ដែលត្រូវបណ្ដេញចេញពីសហរដ្ឋអាម៉េរិកដោយអាជ្ញាធរគយ និងអន្តោប្រវេសន៍។ ក្នុងចំណោមប្រទេសទាំង១០នេះ ពលរដ្ឋវៀតណាមមានរហូតដល់ជិត៩ពាន់នាក់ ឡាវមានចំនួនជិត៥ពាន់នាក់ និងប្រទេសឥណ្ឌូនេស៊ីមានចំនួនជាង៤ពាន់នាក់៕
អត្ថបទ៖ បូ ដូឡា