ថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សារាជធានីភ្នំពេញ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេច ស ខេង បានមានប្រសាសន៍ថា វាជាអំពើឃុបឃិតគ្នា ដែលផ្តល់ផលប្រយោជន៍ដល់មនុស្សមួយក្រុមតែប៉ុណ្ណោះ។
សម្តេច ស ខេង បានថ្លែងដូច្នេះថា ៖ «ខ្ញុំយល់ថា អ្នកឃុបឃិតរកស៊ីរឿងនេះបានផលប្រយោជន៍ ក៏ប៉ុន្តែ បានតែមនុស្សមួយក្រុមហ្នឹងទេ យកមកទិញដីទិញធ្លីអ៊ីចឹងទៅ បានអីអ៊ីចឹងទៅ ឬក៏ទីផ្សាដី វាអាចឡើងថ្លៃ។ ប៉ុន្តែ វាងាប់ ងាប់នឹងប្រទេសហ្មង។»
សម្តេច ស ខេង បានបន្តថា ៖ «ប៉ុន្តែវាងាប់ ងាប់នឹងប្រទេសហ្មង។ ងាប់ប្រទេសជាតិត្រង់ណា? ត្រង់ថា បើថ្ងៃណាមួយដល់កម្រិតមួយ ចាត់ប្រទេសកម្ពុជាជាប្រទេសខ្មៅ ជាប្រទេសលាងលុយ ចប់។ ចរាចរណ៍លុយកាក់ពីធនាគារណាទាំងអស់ ខ្ញុំមិនហ៊ានថា ១០០ភាគរយចប់ទេ ប៉ុន្តែ វាពិតជាប្រឈមនឹងការលំបាកដ៏ធំហើយ នោះហានិភ័យដ៏ធំបំផុត។»
ប្រសាសន៍របស់សម្តេច ស ខេង ធ្វើឡើងបន្ទាប់ពីអង្គការឃ្លាំមើលការលាងលុយកខ្វក់ពិភពលោក កាលពីខែកុម្ភៈ បានដាក់ប្រទេសកម្ពុជាក្នុងបញ្ជីពណ៌ប្រផេះ ដោយសារតែមានការព្រួយបារម្ភថា មានភាពងាយរងគ្រោះដោយសារការលាងលុយកខ្វក់។
ជាទូទៅ កាលណាស្ថិតក្នុងបញ្ជីពណ៌ប្រផេះនេះ វាអាចមានផលលំបាកមួយចំនួនសម្រាប់ប្រទេស ដូចជា អាចកាត់បន្ថយលំហូរហិរញ្ញវត្ថុនានានៃការវិនិយោគនិងការធ្វើពាណិជ្ជកម្មអន្តរជាតិផ្សេងៗ ជាដើម។
សម្តេច ស ខេង បានអះអាងថា បើសិនជាមិនមានការបង្រ្កាបទេ អាចឈានដល់ការដាក់កម្ពុជាក្នុងបញ្ជីខ្មៅ។
សម្តេច ស ខេង បាននិយាយដូច្នេះថា ៖ «គេចាត់ទុក ឥឡូវ កម្ពុជាយើងវាស្ថិតក្នុងចំណាត់ថា្នក់ប្រទេសប្រផេះ។ អ៊ីចឹង គេឃ្លាំមើលហើយ។ ម៉ាជំហានទៀតវាទៅខ្មៅនោះ បើសិនណាជាយើងមិនបានយកចិត្តទុកដាក់បង្រ្កាប។»
កាលពីចុងខែឧសភា ជនជាតិចិនម្នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីត្រូវបានគេរកឃើញកាន់លុយសុទ្ធចូលកម្ពុជាចំនួនជាង ៨៥ម៉ឺនដុល្លារ។ កាលពីខែមេសា ផងដែរ អាជ្ញាធរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក៏បានចាប់ខ្លួនជនជាតិចិនបីនាក់ផ្សេងទៀត ដែលបានកាន់លុយសុទ្ធចូលប្រទេសកម្ពុជា ចំនួន ៣,៥លានដុល្លារ ពីហុងកុង ដោយមិនមានប្រភពច្បាស់លាស់។
នៅថ្ងៃពុធនេះដែរ សម្តេច ស ខេង ក៏បានបញ្ជាឲ្យមានការរាយការណ៍មកសម្តេចភ្លាមៗ បើសិនជាមានករណីដូចគ្នានេះ លើកក្រោយៗទៀត ដើម្បីឲ្យស៊ើបអង្កេតពីប្រភពលុយទាំងនេះ៕