អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ភ្ញៀវទេសចរនឹងមកកម្សាន្តខេត្តកោះកុង ពិសេសក្រុងខេមរភូមិន្ទ កាន់តែច្រើន បន្ទាប់ពីផ្លូវជាតិលេខ៤៨ និងផ្លូវជាតិលេខ១០ បានស្ថាបនារួចរាល់។
តែយ៉ាងណាអ្នកឧកញ៉ា សង្កេតឃើញថា ឆ្នេរសមុទ្រនៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង ហាក់មិនទាន់មានការរៀបចំឱ្យបានល្អប្រសើរ និងមានភាពទាក់ទាញនៅឡើយទេសម្រាប់ទទួលភ្ញៀវទេសចរ។
កត្តានេះបានជំរុញឱ្យអ្នកឧកញ៉ា សួរ វីរៈ ដាក់ពាក្យស្នើសុំសិទ្ធិក្នុងការវិនិយោគ និងអភិវឌ្ឍន៍តំបន់ឆ្នេរកោះស្នេហ៍ ដែលមានប្រវែងប្រមាណ២គីឡូម៉ែត្រ ក្នុងក្រុងខេមរភូមិន្ទខេត្តកោះកុង ដើម្បីរៀបចំឱ្យទៅជាតំបន់ទេសចរណ៍ឆ្នេរសមុទ្រថ្មីមួយដ៏ទាក់ទាញ។
តាមគម្រាង នៅក្នុងការអភិវឌ្ឍន៍ឆ្នេរកោះស្នេហ៍នេះ អ្នកឧកញ៉ា សួរ វីរៈ នឹងមានការអភិវឌ្ឍរីស៊ត សណ្ឋាគារ ភោជនីយដ្ឋាន កន្លែងកម្សាន្ត បន្ទប់ទឹកស្អាតតាមបណ្តោយឆ្នេរ និងកន្លែងផ្សេងៗទៀត។
យ៉ាងណាមិញខេត្តដែលស្ថិតនៅប៉ែកនីរតីនៃប្រទេសកម្ពុជា មួយនេះ ត្រូវបានលោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា អះអាងថា ខេត្តនេះនឹងក្លាយជាខេត្តគោលដៅទេសចរណ៍ធម្មជាតិ ដ៏មានសក្ដានុពលខ្លាំងជាងគេ បើធៀបនឹងបណ្ដាខេត្តជាប់មាត់សមុទ្រដទៃទៀតនាថ្ងៃអនាគត ដោយសារតែខេត្តកោះកុង សម្បូរដោយធនធានធម្មជាតិ ជីវៈចម្រុះ និងមានឆ្នេរខ្សាច់វែងជាងគេ បើធៀបនឹងខេត្តជាប់មាត់សមុទ្រផ្សេងៗទៀតដូចជាខេត្តព្រះសីហនុ កែប និងកំពត។
បើតាមអ្នកឧកញ៉ា សួរ វីរៈ គម្រោងអភិវឌ្ឍន៍តំបន់ឆ្នេរកោះស្នេហ៍នេះ គឺទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់រដ្ឋបាលខេត្ត ហើយមកទល់ពេលនេះ គឺស្ថិតនៅក្នុងដំណាក់កាលសិក្សារៀបចំនីតិវិធីផ្សេងៗ ដើម្បីចាប់ផ្តើមអភិវឌ្ឍតំបន់ទេសចរណ៍ឆ្នេរសមុទ្រមួយនេះ ដោយតាមគម្រោង គឺត្រូវការចំណាយទុនប្រមាណ៤លានដុល្លារ និងចំណាយពេលជាង១ឆ្នាំសម្រាប់ការអភិវឌ្ឍន៍៕