ផ្អែកតាមសេចក្តីរាយការណ៍ដោយសារព័ត៌មាននានា នៅក្នុងតំបន់បានឲ្យដឹងថា រលក កម្ដៅដ៏ក្តៅបំផុតកំពុងវាយលុកតំបន់អាស៊ីអគ្នេយ៍ ដោយក្នុងនោះហ្វីលីពីន បានបង្ខំឲ្យសាលារៀនមួយចំនួនបិទដំណើរការបណ្តោះអាសន្ន ខណៈនៅសិង្ហបុរី បានបន្ធូរបន្ថយលើការស្លៀកឯកសណ្ឋានរបស់សិស្ស ដើម្បីឲ្យសិស្សានុសិស្សអាចបន្សំា នឹងបរិយាកាសដ៏ក្តៅនេះ។
ចំណែកនៅប្រទេសវៀតណាមឯណោះវិញមានសេចក្តីរាយការណ៍ថា មានកម្មវិធីផ្តល់ទឹកតែទឹកកកដល់ពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីបំពេញជាតិទឹកនៅក្នុងខ្លួន ហើយប្រកាសឲ្យពលរដ្ឋយកចិត្តទុកដាក់នឹងជំងឺមួយចំនួនដូចជាអស់កម្លាំង វិលមុខ ឈឺក្បាល វង្វេងស្មារតី ពិបាកដកដង្ហើម ការធ្លាក់ចុះសម្ពាធឈាម ចង្វាក់បេះដូងកើនឡើង និងការសន្លប់ជាដើម។
ដោយឡែកនៅម៉ាឡេស៊ី មានសេចក្តីរាយការណ៍អំពីករណីបាត់បង់ជីវិតមនុស្សចំនួន២៧នាក់ពាក់ព័ន្ធនឹងជំងឺដែលបណ្តាលមកពីកើនឡើងរលកកម្តៅនេះ។ នៅប្រទេសថៃ ឯណោះវិញ ជាពិសេសនៅឈៀងម៉ៃ មានសេចក្តីរាយការណ៍ថា បញ្ញវ័ន្តយ៉ាងហោចណាស់៤រូប បានបាត់បង់ជីវិតនៅពេលដែលអាកាសធាតុក្តៅខ្លាំង ហើយគុណភាពខ្យល់ធ្លាក់ចុះ គួបផ្សំពួកគេមានជំងឺប្រចាំកាយ។
លោក មូឌ ហ៊ីសេម ( Mohd Hisham) អគ្គនាយករងនៃនាយកដ្ឋានឧតុនិយមម៉ាឡេស៊ី បាននិយាយថា ដើម្បីទប់ទល់នឹងកំដៅ កុំដាក់ខ្លួននៅក្រោមព្រះអាទិត្យក្តៅនៅពេលរសៀល ជាពិសេសនៅបរិយាកាសខាងក្រៅ។
លោកស្រី រ៉ូស ប៉េរ៉េ (Rose Perez) អ្នកជំនាញការផ្នែកបម្រែបម្រួលអាកាសធាតុបានណែនាំប្រជាជនឱ្យយកចិត្តទុកដាក់បន្ថែមទៀតចំពោះសញ្ញាព្រមានជាមុនរបស់រដ្ឋាភិបាលពាក់ព័ន្ធនឹងសីតុណ្ហភាព ហើយប្រាប់សាធារណជនឱ្យរក្សាជាតិទឹក និងណែនាំក្រុមហ៊ុននានាអនុញ្ញាតឲ្យកម្មករដែលប្រឈមនឹងអាកាសធាតុក្តៅឈប់សម្រាកក្នុងអំឡុងពេលម៉ោងធ្វើការនៅក្រោមកម្ដៅ៕
ដោយៈ សរ សុជាតិ