យ៉ាងណាក៏ដោយ សម្ដេចក៏បានជំរុញឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បន្តការយកចិត្តទុកដាក់ដោះស្រាយបញ្ហានានា នៅក្នុងវិស័យកសិកម្មបន្ថែមទៀត ជាពិសេសទាក់ទិននឹងបញ្ហាបច្ចេកទេសតែម្ដង។
ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីប្រមាណ ៣ពាន់នាក់ របស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ពីការរួមចំណែកយ៉ាងសំខាន់នៃវិស័យកសិកម្ម ក្នុងសេដ្ឋកិច្ចជាតិ។ សម្ដេចបានគូសបញ្ជាក់ថា ដ្បិតកម្រិតអត្រានៃវិស័យកសិកម្មក្នុងសេដ្ឋកិច្ចជាតិមានទាបក្ដី ប៉ុន្តែមិនមានន័យថាវិស័យកសិកម្មរួមតូចឡើយ ព្រោះតែវិស័យនេះបានរួមចំណែកយ៉ាងសំខាន់សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងការនាំចេញ។ យ៉ាងណាក៏ដោយ ដើម្បីដោះស្រាយបញ្ហាកសិកម្មឱ្យមានប្រសិទ្ធិភាពខ្ពស់ សម្ដេចក៏បានជំរុញឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បន្តការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបន្ថែមទៀត ដូចជា ដោះស្រាយបញ្ហាប្រភពទឹក និងបណ្ដុះបណ្ដាលជំនាញបច្ចេកទេសបន្ថែម ដើម្បីពង្រីកការដាំដុះ។ លើសពីនោះ សម្ដេចក៏បានជំរុញឱ្យក្រសួងកសិកម្ម និងភាគីពាក់ព័ន្ធរៀបចំឱ្យមានក្រុមការងារ ដើម្បីពង្រឹងកម្លាំងកសិករលើការដាំដុះ ការផលិត និងការស្វែងរកទីផ្សារ ជាដើម។
ជាមួយគ្នានេះ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅតែបង្ហាញក្ដីរំពឹងខ្ពស់ចំពោះវិស័យកសិកម្មរបស់កម្ពុជា ក្នុងការរួមចំណែកក្នុងសេដ្ឋកិច្ចជាតិ បើទោះបី កន្លងមក វិស័យនេះបានជួបប្រឈមនូវបញ្ហាមួយចំនួន ក៏ពិតមែន។ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា វិស័យកសិកម្ម នៅតែដើរតួរនាទីដ៏សំខាន់ក្នុងការជំរុញនូវកំណើនសេដ្ឋកិច្ចជាតិ ជាពិសេសក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត នៅក្នុងឆមាសទី២ឆ្នាំ២០២៣នេះ។ កត្តាដែលធ្វើឲ្យបើអ្នកជំនាញសេដ្ឋកិច្ចរូបនេះជឿជាក់ថា វិស័យកសិកម្មនៅតែរួមចំណែកសំខាន់ក្នុងសេដ្ឋកិច្ចជាតិ ព្រោះលោកបានកត់សម្គាល់ឃើញថា បច្ចុប្បន្ន ក្រៅពីមានលទ្ធភាពផ្គត់ផ្គង់ផលិតផលកសិកម្មក្នុងស្រុកដោយខ្លួនឯងហើយនោះ កម្ពុជាក៏បាននាំចេញកសិផលសក្ដានុពលមួយចំនួនទៅកាន់ទីផ្សារអន្តរជាតិ ដោយកសិផលកម្ពុជាបាននិងទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីទីផ្សារអន្តរជាតិ។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា វិស័យកសិកម្មបានរីកចម្រើនយ៉ាងឆាប់រហ័ស និងបានរួមចំណែក ២២% នៃផលិតផល(GDP)សរុបក្នុងស្រុក ប៉ុន្ដែ វិស័យនេះក៏បាននិងកំពុងជួបប្រទះនូវបញ្ហាប្រឈមមួយចំនួននៅឡើយ ដែលទាមទារឲ្យមានការដោះស្រាយឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាពខ្ពស់។ បញ្ហាប្រឈមទាំងនោះ រួមមាន កត្តាថ្លៃដើមផលិតកម្មខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធគាំទ្រផលិតកម្មនៅមានកម្រិត និងពាណិជ្ជូបនីយកម្មលើកសិផលមួយចំនួនពុំទាន់ប្រើប្រាស់ឲ្យអស់សក្ដានុពលនៅឡើយ។ សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២២កន្លងទៅ កម្ពុជានាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិបានក្នុងបរិមាណ ៨,៦លានតោន កើនជាង ៧% ធៀបនឹងឆ្នាំ២០២១ គិតតម្លៃទឹកប្រាក់វិញ មានដល់ទៅជិត៥ពាន់លានដុល្លារ៕