ក្រោយធនាការកណ្តាលអាម៉េរិក សម្រេចបញ្ចុះអត្រាការប្រាក់លើកដំបូងរហូតដល់០,៥០% កាលពីពេលថ្មីៗ តម្លៃលុយដុល្លារអាម៉េរិក បានធ្លាក់ចុះគួរឱ្យកត់សម្គាល់បើធៀបនឹងរូបិយប័ណ្ណធំៗនៅលើពិភពលោក។ ជាក់ស្តែងនៅថ្ងៃសុក្រសប្តាហ៍នេះ តម្លៃលុយដុល្លារអាម៉េរិក បានធ្លាក់ក្នុងស្ថានភាពធាក់ថយ ទោះបីជាទិន្នន័យកាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញថា ទីផ្សារការងារនៅប្រទេសមហាអំណាចនេះនៅតែមានសុខភាពល្អ ហើយប្រាក់ចំណេញសាជីវកម្មបានកើនឡើងក្នុងល្បឿនដ៏រឹងមាំជាងការគិតដំបូងនៅក្នុងត្រីមាសទី២ ដោយបង្ហាញពីទស្សនវិស័យសេដ្ឋកិច្ច ដែលមានការកើនឡើងក៏ដោយចុះ។
នៅក្នុងស្ថានភាពបែបនេះសន្ទស្សន៍លុយដុល្លារធៀបនឹងប្រាក់យ៉េនរបស់ជប៉ុន បានធ្លាក់ចុះបន្តិច គឺ០,០៦% គឺស្ថិតនៅក្នុងកម្រិត១ដុល្លារ ស្មើនឹង១៤៥,៥២យ៉េន ដោយឡែកប្រាក់អឺរ៉ូ មានស្ថិរភាពនៅតម្លៃ ១អឺរ៉ូ ស្មើនឹង១,១១ដុល្លារ។
លោក រីយ៉ាន ប្រាដាម ( Ryan Brandham ) ប្រធានទីផ្សារមូលធនសកលសម្រាប់តំបន់អាម៉េរិកខាងជើង នៃក្រុមហ៊ុន Validus Risk Management បាននិយាយថា ទិន្នន័យបង្ហាញថា សេដ្ឋកិច្ចអាម៉េរិកកំពុងកើនឡើងក្នុងល្បឿនដ៏ខ្លាំងមួយ ហើយស្ថានភាពនេះបង្ហាញសញ្ញឱ្យមានការប្រុងប្រយ័ត្នបន្ថែមទៀតចំពោះការកាត់បន្ថយអត្រាការប្រាក់ ដោយផ្តល់អាទិភាពដល់តុល្យភាពរវាងការងាររបស់ធនាគារកណ្តាល និងការតាមដានហានិភ័យអតិផរណា។
នៅក្នុងស្ថានភាពបែបនេះ ក្រុមអ្នកសេដ្ឋវិទូចិន មិននៅស្ងៀមឡើយ ហើយបាននិងកំពុងតែសិក្សាអំពីវិធានការជំរុញសេដ្ឋកិច្ច ដើម្បីធ្វើយ៉ាងណាអាចរក្សាបាននូវស្ថិរភាពលុយយន់របស់ខ្លួន។ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ មេដឹកនាំរបស់ទីក្រុងប៉េកាំង បានសន្យាថា នឹងដាក់ចេញនូវវិធានការថ្មីៗបន្ថែមទៀត ដើម្បីគាំទ្រដល់ស្ថិរភាពសេដ្ឋកិច្ច ដែលកំពុងជួបការលំបាកតាមរយៈការកាត់បន្ថយអត្រាការប្រាក់ និងការកែសម្រួលគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុ ដោយធ្វើឱ្យមានការរំពឹងទុកបន្ថែមទៀតសម្រាប់ការជំរុញវិស័យពាណិជ្ជកម្ម។
ក្រៅពីនេះក៏លេចធ្លាយនូវព័ត៌មានថា មន្រ្តីកំពូលនៃបក្សកុម្មុយនីស្តចិន កំពុងរៀបចំដាក់ចេញនូវគោលនយោបាយថ្មីៗ ដើម្បីគាំទ្រនិងលើកកម្ពស់ស្ថិរភាពទីផ្សារអចលនទ្រព្យដែលកំពុងជួបបញ្ហាផងដែរ។
តាមការរំពឹងទុក ទីក្រុងប៉េកាំង អាចនឹងដាក់ចេញនូវគោលនយោបាយនេះ នៅក្នុងរង្វង់ចុងខែកញ្ញា នេះ ជាជាងរង់ចាំការសម្រេចនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំ ដែលតែងតែធ្វើនៅក្នុងខែធ្នូ ដើម្បីធានាថា ចិនត្រូវតែសម្រេចបាននូវគោលដៅជំរុញកំណើនសេដ្ឋកិច្ចឲ្យបាន៥% នៅក្នុងឆ្នាំ២០២៤នេះ៕