ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានអះអាងកាលពីពេលថ្មីៗថា លោកនឹងបង្កើតទីភ្នាក់ងាររដ្ឋាភិបាលថ្មីមួយ ដែលមានឈ្មោះថា សេវាប្រាក់ចំណូលខាងក្រៅ ដើម្បីប្រមូលពន្ធកាតព្វកិច្ច និងប្រាក់ចំណូលទាំងអស់ពីប្រភពបរទេស។ លោក ត្រាំ បានបង្ហើបពីគោលបំណងនេះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមថា លោកនឹងបង្កើតការិយាល័យពិសេសនេះនៅថ្ងៃទី២០ ខែមករា ដែលជាថ្ងៃដែលលោកចូលកាន់តំណែងជាប្រធានាធិបតីសម្រាប់អាណត្តិទីពីរ។
ពាក់ព័ន្ធនឹងការប្រកាសខាងលើ សារព័ត៌មានធំៗនៅមិនទាន់ដឹងច្បាស់ទេថា ការិយល័យនៃទីភ្នាក់ងារប្រមូលមូលនិធិថ្មីនេះនឹងដំណើរការយ៉ាងណាឲ្យច្បាស់លាស់នៅឡើយទេ ហើយលោក ត្រាំ ផ្ទាល់ក៏នៅមិនទាន់ពន្យល់លម្អិតជុំវិញបញ្ហានេះដែរ។ តែពាក់ព័ន្ធនឹងបញ្ហានេះ លោក ត្រាំ ធ្លាប់បាននិយាយខ្លះៗក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត។
នៅក្នុងអំឡុងពេលនោះលោក ត្រាំ ជារឿយៗបានបង្ហើបពីគោលគំនិតនេះ នៅក្នុងគោលបំណងទាញយកចំណូលបន្ថែមពីប្រទេសដៃគូពាណិជ្ជកម្មរបស់ខ្លួន។ នៅគ្រានោះ អ្វីដែលគេកត់សម្គាល់ គឺត្រឹមការកំណត់ពន្ធ២០% ពីក្រុមប្រទេសនាំចូលមកកាន់សហរដ្ឋអាម៉េរិកតែប៉ុណ្ណោះ៕
ដោយៈ សរ សុជាតិ