ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង នាព្រឹកថ្ងៃទី ១៤ ខែមីនានេះ បានដឹកនាំកិច្ចប្រជុំលើកទី២ ដើម្បីពិនិត្យ និងពិភាក្សាផ្ដល់អនុសាសន៍លើ «សេចក្តីព្រាងរបាយការណ៍ដំណាក់កាលទី២ នៃការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង»។ ក្នុងនោះ អង្គប្រជុំ បានស្នើឱ្យមានការយកចិត្តទុកដាក់ខ្ពស់ លើការរៀបចំក្របខណ្ឌស្ថាប័ន, យន្តការប្រើប្រាស់ និងគ្រប់គ្រងដីធ្លី, ធនធានហិរញ្ញវត្ថុ និងធនធានមនុស្ស ដែលជាកត្តាកំណត់ភាពជោគជ័យនៃការអនុវត្តផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ លើសពីនេះ តាមការគ្រោងទុក សេចក្តីព្រាង «ផែនការមេ» នេះ គ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ ២០២៣ នេះ។
បើតាម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សេចក្តីព្រាងរបាយការណ៍ « ផែនការមេ» ដំណាក់កាលទី២នេះ រួមមាន ទី១.ការអភិវឌ្ឍសេដ្ឋកិច្ច, ឧស្សាហកម្ម និងការគ្រប់គ្រងដីឧស្សាហកម្ម, ទី២.ទីផ្សារកំលាំងពលកម្ម និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទី៣.គំរូអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ទី៤.បរិក្ខារសាធារណ ទី៥.មធ្យោបាយដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ ទី៦.ទេសចរណ៍ និងជីវចម្រុះ ទី៧.ការរស់នៅ និងសុខមាលភាព ទី៨.ការរចនាទីក្រុង ទី៩.ការគ្រប់គ្រងការប្រើប្រាស់ដី ទី១០.ការគ្រប់គ្រងខ្សែក្រវ៉ាត់បៃតង ទី១១.ក្របខ័ណ្ឌស្ថាប័ន និង ទី១២.របាយការណ៍ផែនការសកម្មភាព ។
បើតាមក្រសួងសេដ្ឋកិច្ច «ផែនការមេ អភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង» គឺមានគោលដៅដើម្បីប្រែក្លាយខេត្តព្រះសីហនុ ទៅជា ប៉ូលនៃការអភិវឌ្ឍថ្មី ជាទីក្រុងឆ្លាតវៃ មានការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងជាទីក្រុងបៃតង ព្រមទាំងជាមជ្ឈមណ្ឌលពាណិជ្ជកម្ម សេវាកម្ម និងឡូជីស្ទីកដ៏រស់រវើកនៅក្នុងតំបន់អាស៊ាន ដើម្បីភ្ជាប់ខេត្តព្រះសីហនុនៅនឹងខ្សែច្រវាក់ផលិតកម្ម និងការផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក៕