យោងតាមការវិភាគរបស់អង្គការសុខភាពពិភពលោក លើហានិភ័យនៃការស្លាប់ក្នុងរយៈពេល ២៨ ថ្ងៃចំពោះអ្នកជំងឺដែលបានប្រើថ្នាំរលាកសន្លាក់ណាមួយ នៃក្រុមហ៊ុន រ៉ូចឆ៍ និងក្រុមហ៊ុន Sanofi ជាមួយនឹងថ្នាំ ខ័រទីខូស្ទែរ៉យ (Corticosteroids គឺមានហានិភ័យនៃការស្លាប់តែ ២១ ភាគរយប៉ុណ្ណោះ បើធៀបនឹងហានិភ័យ ២៥ ភាគរយដែលមានក្នុងចំណោមអ្នកទទួលការថែទាំស្ដង់ដារទូទៅ។ ការណែនាំឲ្យប្រើថ្នាំរបស់ក្រុមហ៊ុនទាំងពីរនេះ បន្ទាប់ពីទិន្នន័យដែលបានសិក្សាលើមនុស្សប្រហែល១ម៉ឺន១ពាន់នាក់បានបង្ហាញថា អ្នកជំងឺកូវីដ-១៩ ដែលបានប្រើថ្នាំនេះ គឺជួយកាត់បន្ថយការស្លាប់។
គួរបញ្ជាក់ផងដែរ តាមការផ្ដល់អនុសាសន៍របស់ WHO ត្រូវបានធ្វើឡើងដោយមានការចូលរួមពីស្ថាប័នជំនាញ និង មហាវិទ្យាល័យជាច្រើនផងដែរ ដោយបានធ្វើការសិក្សាទៅលើអ្នកជំងឺកូវីដ-១៩ ជាង១ម៉ឺននាក់ ដោយក្នុងនោះ មានអ្នកជំងឺ ជាង៦ពាន់នាក់បានសាកល្បងប្រើប្រាស់ថ្នាំពីក្រុមហ៊ុន រ៉ូចឆ៍ និង ក្រុមហ៊ុនសាណូហ្វីនេះ និងមានជាង៤ពាន់នាក់ទៀត គឺមានការព្យាបាលតាមស្ដង់ទូទៅ។
កាលពីសប្ដាហ៍មុននេះ រដ្ឋបាលស្បៀងអាហារ និង ឱសថអាមេរិក ក៏បានដាក់ចេញការអនុម័តឲ្យប្រើប្រាស់បន្ទាន់នូវថ្នាំប្រភេទ អេកថេមរ៉ា សម្រាប់ការព្យាបាលកូវីដ-១៩ផងដែរ។
យ៉ាងណាមិញ អង្គការសុខភាពពិភពលោកក៏បានអំពាវនាវផងដែរឱ្យមានការចាត់វិធានការបន្ថែមទៀតដើម្បីជំរុញការទទួលបានថ្នាំព្យាបាលជំងឺកូវីដ១៩នេះ នៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យមនាពេលបច្ចុប្បន្នដែលកំពុងប្រឈមនឹងការកើនឡើងនៃជំងឺកូវីដ-១៩៕
អត្ថបទ៖ ស៊ើង និមល់