វិស័យការបរទេស

អាម៉េរិក នៅតែជាបងធំលើសង្វៀនយោធា និងសេដ្ឋកិច្ច ប៉ុន្តែចិនកំពុងបោះជំហានដេញតាមពីក្រោយយ៉ាងប្រកៀក


ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បាន ទៅដល់ទីក្រុងប៉េកាំងហើយ ដែលនេះជាដំណើរទស្សនកិច្ចលើកទី២ ក្នុងប្រវត្តិសាស្ត្ររបស់លោកក្នុងនាមជាមេដឹកនាំមហាអំណាចកំពូល។ ស្របពេលដែលលោកឈានជើងជាន់ទឹកដីចិន ការវិភាគជុំវិញការប្រៀបធៀបឥទ្ធិពលរវាងមហាយក្សទាំងពីរបានក្លាយជាប្រធានបទដ៏ក្តៅគគុក។
វិស័យការបរទេស
ដោយ

បើតាមការចុះផ្សាយរបស់សារព័ត៌មាន Euro News ទោះបីជាសហរដ្ឋអាម៉េរិកនៅតែបន្តនាំមុខចិន ទាំងផ្នែកយោធា និងសេដ្ឋកិច្ចក៏ដោយ ប៉ុន្តែអ្នកជំនាញបានព្រមានថា ទីក្រុងវ៉ាស៊ីនតោន មិនអាចធ្វេសប្រហែសបានឡើយចំពោះសម្ទុះកំណើនសេដ្ឋកិច្ចរបស់ចិន។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ដូណាល់ ត្រាំ ទៅកាន់ប្រទេសចិននៅសប្តាហ៍នេះ កើតឡើងចំពេលដែលមហាអំណាចទាំងពីរកំពុងដណ្ដើមឧត្តមភាពគ្នាយ៉ាងស្វិតស្វាញលើឆាកអន្តរជាតិ។ នេះគឺជាលើកដំបូងហើយក្នុងរយៈពេលជិតមួយទសវត្សរ៍ ដែលប្រធានាធិបតីអាម៉េរិក បានមកបំពេញទស្សនកិច្ចនៅចិន ចាប់តាំងពីឆ្នាំ២០១៧ មក។ ទោះបីជាទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពរកាំរកូសខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ ប៉ុន្តែអាម៉េរិក នៅតែអាចរក្សាបាននូវតំណែងជាបងធំលើវិស័យយោធា ហិរញ្ញវត្ថុ និងបច្ចេកវិទ្យា ខណៈដែលចិន បានត្រឹមតែពង្រឹងខ្សែច្រវាក់ផលិតកម្ម និងពាណិជ្ជកម្មរបស់ខ្លួនប៉ុណ្ណោះ។ យ៉ាងណាមិញ ក្រុមអ្នកវិភាគបានកត់សម្គាល់ថា កំណើនសេដ្ឋកិច្ចដែលចិនសម្រេច បានជាបន្តបន្ទាប់ គឺជាសញ្ញាអាសន្នសម្រាប់អាម៉េរិក។ យោងតាមរបាយការណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ ចាប់តាំងពីឆ្នាំ២០១៧ មកទល់ពេលនេះ សេដ្ឋកិច្ចចិន មានសន្ទុះកំណើនជាមធ្យមប្រមាណ៥,៤% ក្នុងមួយឆ្នាំ ពោលគឺខ្ពស់ជាងសហរដ្ឋអាម៉េរិក ដែលមានត្រឹមតែ២,៥% ប៉ុណ្ណោះ។ សម្ទុះនេះបានរុញច្រានឱ្យទំហំផលិតផលក្នុងស្រុកសរុបរបស់ចិន ហក់ឡើងដល់២០ទ្រីលានដុល្លារ ខណៈដែលអាម៉េរិក មានចំនួន៣០ទ្រីលានដុល្លារ។ បើពិនិត្យលើទុនបម្រុងយុទ្ធសាស្ត្រ អាម៉េរិក នៅតែមានប្រៀបផ្នែកទុនបម្រុងមាស ដែលមានរហូតដល់ជាង ៨,១០០តោន បើធៀបនឹងចិនដែលមានត្រឹមតែ២,៣០០តោន។ ប៉ុន្តែអ្វីដែលអាម៉េរិក ត្រូវប្រុងប្រយ័ត្នបំផុតនោះ គឺទុនបម្រុងរូបិយបណ្ណអន្តរជាតិ ដែលចិន កំពុងឈរនៅលំដាប់លេខ១ក្នុងទំហំរហូតដល់ទៅ ៣,២ទ្រីលានដុល្លារ។ បច្ចុប្បន្នសេដ្ឋកិច្ចអាម៉េរិក ក្តោបក្តាប់ចំណែកប្រមាណ២៥% នៃសេដ្ឋកិច្ចសកល ចំណែកចិនមានប្រមាណ ១៧%។ ទោះបីជាគម្លាតនេះនៅមានកម្រិតក៏ដោយ ប៉ុន្តែការបោះជំហានទៅមុខរបស់ចិនលើវិស័យបច្ចេកវិទ្យាយោធា និងបញ្ញាសិប្បនិម្មិត (AI) បានបង្ហាញយ៉ាងច្បាស់ថា ពិភពលោកលែងជាសង្វៀនរបស់មហាអំណាចតែមួយដូចមុនទៀតហើយ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ក្រុមហ៊ុនយក្ស Samsung ខាតធ្ងន់ក រហូតដល់៦៦ពាន់លានដុល្លារត្រឹមមួយថ្ងៃ ដោយសារបរាជ័យក្នុងការដោះស្រាយបញ្ហាកម្មករធ្វើកូដកម្ម

ក្រុមហ៊ុនយក្សកូរ៉េខាងត្បូង Samsung Electronics កំពុងជួបព្យុះសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីតម្លៃភាគហ៊ុនរបស់ខ្លួនបានដាំក្បាលចុះយ៉ាងគំហុ…

អ៊ីរ៉ង់ បង្ខំឱ្យអាម៉េរិក ទទួលយកផែនការសន្តិភាព ខណៈចិន ជំរុញប៉ាគីស្ថាន ឱ្យខិតខំជួយសម្របសម្រួលបញ្ចប់ជម្លោះ

ស្ថានការណ៍នៅមជ្ឈិមបូព៌ាកំពុងស្ថិតក្នុងស្ថានភាពគួរឱ្យព្រួយបារម្ភជាថ្មី បន្ទាប់ពីប្រធានក្រុមអ្នកចរចារបស់អ៊ីរ៉ង់ បានព្រមានថា ក្រុងវ៉ាស៊ីនតោនគ្ម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ