អ៊ីរ៉ង់ បង្ខំឱ្យអាម៉េរិក

អ៊ីរ៉ង់ បង្ខំឱ្យអាម៉េរិក ទទួលយកផែនការសន្តិភាព ខណៈចិន ជំរុញប៉ាគីស្ថាន ឱ្យខិតខំជួយសម្របសម្រួលបញ្ចប់ជម្លោះ


ស្ថានការណ៍នៅមជ្ឈិមបូព៌ាកំពុងស្ថិតក្នុងស្ថានភាពគួរឱ្យព្រួយបារម្ភជាថ្មី បន្ទាប់ពីប្រធានក្រុមអ្នកចរចារបស់អ៊ីរ៉ង់ បានព្រមានថា ក្រុងវ៉ាស៊ីនតោនគ្មានជម្រើសអ្វីក្រៅពីទទួលយកផែនការសន្តិភាពរបស់ខ្លួននោះទេ បើមិនចង់ប្រឈមនឹងការបរាជ័យយ៉ាងអាម៉ាស។ ការព្រមាននេះធ្វើឡើងភ្លាមៗ ក្រោយលោក ដូណាល់ ត្រាំ បានបដិសេធសំណើរបស់អ៊ីរ៉ង់ទាំងស្រុង ដោយចាត់ទុកថា មិនអាចទទួលយកបាន និងបានបញ្ជាក់ថា បទឈប់បាញ់ដែលកំពុងមាននាពេលនេះជិតដល់ទីបញ្ចប់ហើយ។
អ៊ីរ៉ង់ បង្ខំឱ្យអាម៉េរិក
ដោយ

ជាមួយគ្នានេះ ចិន បានជំរុញឱ្យប៉ាគីស្ថាន បង្កើនតួនាទីជាអ្នកសម្របសម្រួលក្នុងជម្លោះដ៏តានតឹងនេះ។ សង្គ្រាមដែលបានផ្ទុះឡើងកាលពីជាង២ខែមុន ដោយសារការវាយប្រហាររួមគ្នារវាងអាម៉េរិក និងអ៊ីស្រាអែល ទៅលើអ៊ីរ៉ង់ បានរីករាលដាលទូទាំងតំបន់មជ្ឈិមបូព៌ា និងបានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកដុនដាបយ៉ាងខ្លាំង។ ទោះបីជាមានបទឈប់បាញ់បណ្តោះអាសន្នក៏ដោយ ប៉ុន្តែភាគីទាំងពីរនៅតែរក្សាឥរិយាបថរឹងត្អឹង និងគំរាមប្រើកម្លាំងបាយដាក់គ្នាទៅវិញទៅមកឥតឈប់ឈរ ដែលបញ្ហានេះបាន និងកំពុងបង្កផលប៉ះពាល់ដល់មនុស្សរាប់រយលាននាក់នៅទូទាំងពិភពលោក។ ប្រធានក្រុមអ្នកចរចាអ៊ីរ៉ង់ លោក ម៉ូហាម៉េដ បាហ្គ័រ ហ្កាលីបាហ្វ (Mohammad Bagher Ghalibaf) បានបញ្ជាក់ច្បាស់ៗនៅបណ្តាញសង្គម X ថា អាម៉េរិក ត្រូវតែទទួលស្គាល់សិទ្ធិរបស់ប្រជាជនអ៊ីរ៉ង់ តាមសំណើ១៤ចំណុចរបស់ខ្លួន។ លោកបានសង្កត់ធ្ងន់ថា ប្រសិនបើអាម៉េរិកនៅតែអូសបន្លាយពេល នោះអ្នកដែលត្រូវខាតបង់ធ្ងន់ធ្ងរ គឺប្រជាជនអាម៉េរិក ដែលជាអ្នកបង់ពន្ធជូនរដ្ឋ ហើយអាម៉េរិក គ្មានជម្រើសអ្វីក្រៅពីទទួលយកសំណើរបស់អ៊ីរ៉ង់នោះឡើយ។ ឆ្លើយតបនឹងសំណើរបស់អ៊ីរ៉ង់ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានរិះគន់យ៉ាងចាស់ដៃថា ផែនការរបស់អ៊ីរ៉ង់ មិនមានតម្លៃសម្រាប់ពិភាក្សានោះទេ ហើយលោកថែមទាំងអះអាងថា អាម៉េរិកនឹងទទួលបានជ័យជម្នះទាំងស្រុងលើអ៊ីរ៉ង់ នាពេលឆាប់ៗខាងមុខ។ មុនពេលចេញដំណើរទៅកាន់ប្រទេសចិន លោក ត្រាំ បានបង្ហើបថា លោកនឹងជជែកជាមួយប្រធានាធិបតី ស៊ី ជីនពីង អំពីបញ្ហាអ៊ីរ៉ង់ ប៉ុន្តែលោកបានបញ្ជាក់ថា លោកមិនត្រូវការជំនួយពីទីក្រុងប៉េកាំងឡើយ ក្នុងការបញ្ចប់សង្រ្គាមនេះ ទោះបីជាអ៊ីរ៉ង់នៅតែបន្តបិទច្រកសមុទ្រ Hormuz ក៏ដោយ។ ទោះជាយ៉ាងនេះក្តី ភាគីចិន ហាក់បង្ហាញកង្វល់ពីសុវត្ថិភាពថាមពលសកល។ កាលពីថ្ងៃទី១២ ខែឧសភា រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានសន្ទនាតាមទូរសព្ទជាមួយសមភាគីប៉ាគីស្ថាន លោក ម៉ូហាម៉េដ អ៊ីសាក់ ដា (Mohammad Ishaq Dar) ដោយបានអំពាវនាវឱ្យក្រុងអ៊ីស្លាម៉ាបាដ បង្កើនកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់ ជាពិសេសការស្វែងរកដំណោះស្រាយដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់របស់ពិភពលោក។ ចិនបានសន្យាថា នឹងនៅតែបន្តជួយគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងសន្តិភាពរបស់ប៉ាគីស្ថាន ដើម្បីទប់ស្កាត់កុំឱ្យសង្រ្គាមទ្រង់ទ្រាយធំផ្ទុះឡើងជាថ្មី៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


អាម៉េរិក នៅតែជាបងធំលើសង្វៀនយោធា និងសេដ្ឋកិច្ច ប៉ុន្តែចិនកំពុងបោះជំហានដេញតាមពីក្រោយយ៉ាងប្រកៀក

ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បាន ទៅដល់ទីក្រុងប៉េកាំងហើយ ដែលនេះជាដំណើរទស្សនកិច្ចលើកទី២ ក្នុងប្រវត្តិសាស្ត្ររបស់លោកក្នុងនាម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ