ក្រុមប្រឹក្សាមាសពិភពលោក បានអះអាងថា សេដ្ឋកិច្ចរបស់វៀតណាមបានជួបប្រទះនឹងកំណើនយឺតនៅក្នុងត្រីមាសទី ២ នៃឆ្នាំនេះ ដែលប៉ះពាល់ដល់សតិអារម្មណ៍ទីផ្សារក្នុងស្រុក និងតម្រូវការគ្រឿងអលង្ការ។
សារព័ត៌មានវៀតណាមញូវ បានដកស្រង់ប្រភពដដែលថា តម្រូវការក្នុងស្រុកសម្រាប់មាសដុំ និងកាក់មាសបានធ្លាក់ចុះ ៥% ពោលគឺ ពីជិត១០តោន ក្នុងត្រីមាសទីពីរឆ្នាំមុនមកជាង ៩ តោនក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំនេះ។ ទន្ទឹមនឹងនេះ តម្រូវការគ្រឿងអលង្ការ ក៏បានធ្លាក់ចុះពី ៤,៥ តោនមកត្រឹម ៣,៧ តោនផងដែរ។
លោក សាវកៃ ហ្វេន (Shaokai Fan ) អ្នកទទូលខុសត្រូវសម្រាប់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក នៅក្រុមប្រឹក្សាមាសពិភពលោក បាននិយាយថា និន្នាការធ្លាក់ចុះនៅត្រីមាសទី២ នៅក្នុងប្រទេសវៀតណាម គឺមានស្ថានភាពដូចទៅនឹងទីផ្សារផ្សេងទៀតនៅក្នុងតំបន់អាស៊ានដែរ។
លោកបានបន្ថែមថា តម្រូវការមាសដុំ និងកាក់មាសក៏មានកម្រិតផងដែរ ដោយសារតែសាច់ប្រាក់ងាយស្រួលមានទាប ដែលរងផលប៉ះពាល់ដោយការធ្លាក់ចុះនៃទីផ្សារភាគហ៊ុន និងអចលនទ្រព្យ។ ជាក់ស្តែង អតិថិជនហាងមាសនៅតាមដងផ្លូវជាច្រើន ដែលមានឯកទេសលក់មាសនៅទីក្រុងហាណូយ កំពុងតែមានសភាពមិនសូវមមាញឹកឡើយ។
ប្រភពដដែលបានបន្តថា តម្លៃមាសនៅវៀតណាមកំពុងតែប្រែប្រូលនៅក្នុងចន្លោះពី ២ ទៅ ១៣ ដុល្លារនៅក្នុងមួយតម្លឹង អាស្រ័យលើទីផ្សារនិងតម្រូវការ រីឯគម្លាតរវាងតម្លៃទិញ និងលក់មាសនៅតែមានកម្រិតខ្ពស់ក្នុងរង្វង់ ៤០ ដុល្លារ នៅក្នុងមួយតម្លឹង ដែលជារឿយៗធ្វើឱ្យអ្នកទិញមាសទទួលរងការខាតបង់យ៉ាងខ្លាំង ។
ការិយាល័យស្ថិតិវៀតណាមបានរាយការណ៍ផងដែរថា សន្ទស្សន៍តម្លៃមាសក្នុងខែកក្កដា ឆ្នាំ នេះ បានធ្លាក់ចុះ ០,០៣% បើធៀបនឹងខែមុន។ ជាមធ្យម ក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំ ២០២៣ សន្ទស្សន៍តម្លៃមាសបានកើនឡើងត្រឹមតែ ជាង១%បន្តិច ប៉ុណ្ណោះ ដែលជាកម្រិតទាបបើធៀបនឹងរយៈពេលដូចគ្នាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
ក្រៅពីបញ្ហាសេដ្ឋកិច្ច គោលនយោបាយមួយក្នុងចំណោមគោលនយោបាយ ដែលប៉ះពាល់ដល់ទីផ្សារមាស គឺពាក់ព័ន្ធនឹងគោលនយោបាយគ្រប់គ្រងអាជីវកម្មមាស និងសិទ្ធិផ្តាច់មុខរបស់ធនាគាររដ្ឋវៀតណាម ក្នុងការនាំចូលមាស៕