អ្នកជំនាញសេដ្ឋកិច្ចរបស់ក្រុមហ៊ុនហិរញ្ញវត្ថុដ៏ល្បីល្បាញ Goldman Sachs កាលពីពេលកន្លងទៅបានវាយតម្លៃថា សេដ្ឋកិច្ចអាម៉េរិកអាចនឹងធ្លាក់ចូលក្នុងវិបត្តិក្នុងអត្រារហូតដល់២៥%។ ប៉ុន្តែកាលពីពេលថ្មីៗនេះ អ្នកជំនាញនៅស្ថាប័ននេះ បានបន្ទាបការព្យាករហានិភ័យនៃការធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចរបស់មហាអំណាចសេដ្ឋកិច្ចផុតលេខលើពិភពលោកមួយនេះមកត្រឹម២០%។ ហើយប្រសិនបើរបាយការណ៍ការងារប្រចាំខែសីហា ដែលគ្រោងចេញផ្សាយនៅថ្ងៃទី៦ កញ្ញា មានភាពល្អប្រសើរ នោះក្រុមហ៊ុន Goldman Sachs ទំនងជានឹងបញ្ចុះភាគរយនៃហានិភ័យសេដ្ឋកិច្ចបន្ថែម៥%ទៀត។
លោក ជេន ហាតហ្សឹស (Jan Hatzius) អ្នកជំនាញសេដ្ឋកិច្ចនៅក្រុមហ៊ុន Goldman Sachs បានអះអាងថា ការបន្ទាបទិន្នន័យហានិភ័យសេដ្ឋកិច្ចដ៏ច្របូកច្របល់នៃស្ថានភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិកម្តងបែបនេះ ម្តងបែបនោះ គឺដោយសារស្ថានភាពលក់រាយ និងទិន្នន័យការងារនៅសប្តាហ៍នេះមានស្ថានភាពប្រសើរឡើង។ អ្នកជំនាញសេដ្ឋកិច្ចរូបនេះ មានទំនុកចិត្តថា ប្រសិនបើស្ថានភាពសេដ្ឋកិច្ចអាម៉េរិកបន្តរក្សាបានភាពល្អប្រសើរ នោះធនាគារកណ្តាលអាម៉េរិក អាចនឹងកាត់បន្ថយអត្រាការប្រាក់នៅក្នុងកិច្ចប្រជុំគោលនយោបាយនៅខែកញ្ញា ខាងមុខនេះ។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ការិយាល័យស្ថិតិសហរដ្ឋអាម៉េរិក បានបង្ហាញថា ស្ថានភាពលក់រាយនៅក្នុងខែកក្កដា នៅសហរដ្ឋអាម៉េរិក មានការកើនឡើង១% ស្របពេលដែលទិន្នន័យនៃទីផ្សារការងារកម្រើកឡើងបន្តិច គឺ0,៣%។
ដោយឡែកទូរទស្សន៍ CNN វិញបានរាយការណ៍ថា សេដ្ឋកិច្ចអាម៉េរិកនៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះមានការច្របូកច្របល់ខ្លាំងណាស់។ បណ្តាញព័ត៌មាននេះបានរាយការណ៍ថា កាលពី១០ថ្ងៃមុននេះ ទីផ្សារបានបង្ហាញពីការព្រួយបារម្ភនៃការធ្លាក់ចុះសេដ្ឋកិច្ចបន្តទៀត ក្រោយរងភាពមន្ទិល៣ឆ្នាំជាប់ៗគ្នា ប៉ុន្តែនៅពេលនេះបែរជាមានភាពវិជ្ជមានឡើងវិញ ដែលនេះវាអាចនឹងមានទំនាក់ទំនងទៅនឹងដំណើរការនៃការបោះឆ្នោត ស្របពេលដែលបញ្ហាសេដ្ឋកិច្ចនេះ បានក្លាយជាប្រធានបទដ៏ក្តៅ នៃកម្មវិធីនយោបាយរបស់បេក្ខជនប្រធានាធិបតីរបស់គណបក្សប្រជាធិបតតេយ្យ និងសាធារណរដ្ឋ៕
ដោយៈ សរ សុជាតិ