ទស្សនាវដ្តីធនាគារ និងហិរញ្ញវត្ថុអន្តរជាតិ ផ្តល់ពានរង្វាន់នេះដល់អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ដោយទទួលស្គាល់នូវការប្តេជ្ញាចិត្តរបស់អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ក្នុងការផ្តល់ជូនវិនិយោគិន និងសាធារណៈជននូវសេវាឈ្មួញជើងសារមូលបត្រលំដាប់អន្តរជាតិ និងផ្អែកលើលទ្ធផលសម្រចបានដូចជា ទី១.មានកំណើនខ្លាំងលើចំនួនគណនីជួញដូរ បរិមាណជួញដូរ និងតម្លៃជួញដូរ ព្រមទាំងចំណែកទីផ្សារ ក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះ។ ទី២. វិនិយោគក្នុងផ្នែកបច្ចេកវិទ្យាដើម្បីអភិវឌ្ឍសេវាឌីជីថលកាន់តែប្រសើរឡើង។ ទី៣. ផ្តល់ព័ត៌មានទូលំទូលាយសម្រាប់វិនិយោគិន និងការស្រាវជ្រាវ។ និងទី៤. មានអភិបាលកិច្ច និងការគ្រប់គ្រងហានិភ័យរឹងមាំ។
បណ្ឌិត ព្រំ វិសុទ្ធ អគ្គនាយកនៃអេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី បានមានប្រសាសន៍ថា ពានរង្វាន់នេះ ជាកិត្តិយស និងជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយទៀតរបស់អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី សម្រាប់ឆ្នាំ២០២២ នេះ បន្ថែមលើពានរង្វាន់ប្រចាំត្រីមាសជា «ឈ្មួញជើងសារឆ្នើម» និងពានរង្វាន់ជា «ឈ្មួញជើងសារល្អបំផុតប្រចាំទសវត្សរ៍» ដែលផ្តល់ដោយទីផ្សារមូលបត្រកម្ពុជា ។ បណ្ឌិត ព្រំ វិសុទ្ធ បានថ្លែងអំណរគុណដោយស្មោះស្ម័គ្រចំពោះវិនិយោគិន និងសាធារណៈជនទាំងអស់ដែលបាននិងកំពុងប្រើប្រាស់សេវាកម្ម និងជឿជាក់លើអេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី កន្លងមក ហើយពានរង្វាន់ទាំងនេះ គឺជារបស់លោក-អ្នកទាំងអស់គ្នា។ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ចាត់ទុកគុណភាពនៃសេវាកម្ម និងភាពងាយស្រួលនៃការប្រើប្រាស់សេវាកម្មតាមបែបឌីជីថល ជាអាទិភាពដំបូងបំផុតសម្រាប់វិនិយោគិន និងសាធារណៈជនទាំងអស់ ។
លោក Wanda Rich និពន្ធនាយកនៃទស្សនាវដ្តីធនាគារ និងហិរញ្ញវត្ថុអន្តរជាតិ បានប្រកាសថា អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ជា «ឈ្មួញជើងសារមូលបត្រល្អបំផុតនៅកម្ពុជាប្រចាំឆ្នាំ២០២២» ដោយសារតែ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី បានផ្តោតលើការផ្តល់ជូនវិនិយោគិន និងសាធារណៈជននូវដំណោះស្រាយឈ្មួញជើងសារមូលបត្រដែលវិនិយោគិននិងសាធារណៈជនត្រូវការ ដោយធ្វើនវានុវត្តន៍ជាប្រចាំ ធ្វើអោយសេវាកម្ម និងផលិតផលរបស់ខ្លួនកាន់តែប្រសើរឡើង ដើម្បីផ្តល់សេវាកម្មដែលល្អបំផុត និងងាយស្រួលបំផុតដល់ពួកគេ ។
លោក Wanda Rich បន្ថែមថា តម្លៃ រួមទាំងបទពិសោធន៍ និងគុណភាពសេវាកម្ម ព្រមទាំងលទ្ធផលសម្រេចបានលើចំនួនគណនីជួញដូរ បរិមាណជួញដូរ និងតម្លៃជួញដូរ ព្រមទាំងការកាន់កាប់ចំណែកទីផ្សាររបស់អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី បានធ្វើអោយ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ជាអ្នកឈ្នះពានរង្វាន់ពិតប្រាកដនៅក្នុងឆ្នាំនេះ ។ លើសពីនេះ ស្សនាវដ្តីធនាគារ និងហិរញ្ញវត្ថុអន្តរជាតិ ទន្ទឹងរងចាំមើលកំណើន និងដំណោះស្រាយឈានមុខក្នុងឧស្សាហកម្មនេះបន្ថែមទៀតរបស់អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ក្នុងឆ្នាំខាងមុខ៕