ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី SK On របស់កូរ៉េខាងត្បូង បានប្រកាសពីវិបត្តិពាក់ព័ន្ធនឹងទីផ្សាររថយន្តអគ្គិសនីរបស់ខ្លួននៅអឺរ៉ុប និងនៅសហរដ្ឋអាម៉េរិក។ បើតាមការលើកឡើងរបស់លោក លី ស៊ូកហ៊ី (Lee Seok-hee) នាយកប្រតិបត្តិនៃក្រុមហ៊ុននេះ បច្ចុប្បន្នក្រុមហ៊ុន SK On បានដាក់ចេញវិធានការកាត់បន្ថយថ្លៃដើម និងយន្តការជាច្រើនទៀត ដើម្បីពង្រឹងទីផ្សាររថយន្តរបស់ខ្លួន ក្រោយការលក់ជាសកលមានការធ្លាក់ចុះខ្លាំង។ ក្រុមហ៊ុននេះអះអាងថា បរិមាណនិងល្បឿននៃការលក់រថយន្តអគ្គិសនីរបស់ខ្លួន គឺយឺតជាងការរំពឹងទុកខ្លាំងនៅទីផ្សារអឺរ៉ុប និងសហរដ្ឋអាម៉េរិក។
យោងតាមរបាយការណ៍ថ្មីៗនេះពី Financial Times ក្រុមហ៊ុន SK On ដែលជាប់ចំណាត់ថ្នាក់ជាក្រុមហ៊ុនផលិតអាគុយរថយន្តអគ្គិសនីធំជាងគេទី៤ របស់ពិភពលោក បន្ទាប់ពីក្រុមហ៊ុនយក្សរបស់ចិន គឺ CATL និង BYD ក៏ដូចជាគូប្រជែងនៅក្នុងស្រុក LG Energy Solution បានជួបបញ្ហាខាតបង់អស់រយៈពេល១០ត្រីមាសជាប់ៗគ្នា។ បច្ចុប្បន្ន ក្រុមហ៊ុននេះកំពុងស្ថិតក្នុងស្ថានភាពយ៉ាប់យ៉ឺនជាមួយបំណុលដែលមានទំហំសរុបដល់ទៅជាង២ពាន់លានដុល្លារឯណោះ។ នៅពេលនេះក្រុមហ៊ុនកំពុងរិះរកវិធានការទប់ទល់នឹងស្ថានការណ៍នេះ ដោយរួមទាំងការច្របាច់បញ្ចូលគ្នាជាថ្មីជាមួយនឹងក្រុមហ៊ុនមេ SK Innovation ផងដែរ។
ទន្ទឹមនឹងក្រុមហ៊ុននេះជួបវិបត្តិទីផ្សារ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន ដែលរួមមាន CATL និង BYD ឯណោះវិញ នៅតែមានប្រតិបត្តិការទីផ្សារ និងខ្សែច្រវាក់ផលិតកម្មល្អប្រសើរ។ មកដល់ពេលេនេះ ក្រុមហ៊ុនចិនទាំងពីរនេះ កំពុងគ្រប់គ្រងចំណែកទីផ្សារថយន្តអគ្គិសនីដល់ទៅ ជាង៥៣% ខណៈដែលក្រុមហ៊ុនកូរ៉េខាងត្បូង ដូចជា LG, SK និង Samsung SDI រួមជាមួយក្រុមហ៊ុន Panasonic របស់ប្រទេសជប៉ុន គឺកំពុងតែធាក់ថយនៅក្នុងទីផ្សារលោកខាងលិច៕
ដោយៈ សរ សុជាតិ