ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា លោកបណ្ឌិត អុិន ចាន់នី ធ្លាប់បានលើកឡើងថា នៅក្នុងបញ្ហាCovid-19នេះ វាក៏ជាឱកាសសម្រាប់ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិករីកធំធាត់ដែរ ព្រោះថា សេវាអេឡិចត្រូនិកនេះ នឹងជួយឲ្យអ្នកប្រើប្រាស់ ក៏ដូចជាពលរដ្ឋ កាន់តែមានទំនុកចិត្ត និងសុវត្ថិភាពជាងមុន។លោកបណ្ឌិតបានបន្ថែមថា «ការណែនាំខាងផ្នែកក្រសួងសុខាភិបាល ការប៉ះ ការកាន់របស់អីផ្សេងៗហ្នឹង គេអោយយើងឧស្សាហ៍លាងដៃនឹងសាប៊ូ ឬក៏មានទឹកអាល់កុលសម្រាប់លាង អញ្ចឹងការប្រើប្រាស់ក្រដាសប្រាក់ក៏អាចជាចំណែកមួយដែរ ខ្ញុំមិនចង់យកឱកាសហ្នឹងទៅផ្សាយថាកាន់ក្រដាសប្រាក់ឆ្លង អត់ទេ! ព្រោះវត្ថុមានការប៉ះហើយឆ្លង គឺកាន់បញ្ជូនពីដៃមួយទៅដៃមួយហ្នឹង ដែលយើងខ្វល់គួរតែប្រើមធ្យោបាយឌីជីថលទៅដើម្បីកុំអោយមានការសង្ស័យ ឌីជីថលអាចជួយក្នុងការទូទាត់ ក្នុងបង់ថ្លៃសេវាផ្សេងៗនេះ ជៀសវាងការប្រើអ្វីដែលឲ្យយើងខ្វល់»។
អ្នកនាង សេង ស៊ាមរ៉ុង ជាវេជ្ជបណ្ឌិតដែលធ្វើការនៅគ្លីនិកអង្គការមួយ និងជាអថិជនដែលបានប្រើប្រាស់សេវាកម្មរបស់ធនាគារអេស៊ីលីដាជាច្រើនឆ្នាំមកហើយនោះបានប្រាប់ថា ក្រោយផ្ទុះជំងឺកូវីដ១៩នេះ គាត់កម្រនឹងកាន់ក្រដាសប្រាក់ដោយផ្ទាល់ណាស់ ហើយជ្រើសរើសការប្រើ App ACLEDA ទាន់ចិត្តជំនួសវិញ។អ្នកនាងបញ្ជាក់ថា« លុយវាមានតម្លៃមែន តែវាក៏កខ្វក់ណាស់ដែរ ដូចនេះបើយើងមានប្រើប្រាស់ស្មាតហ្វូន យើងគួរតែជ្រើសរើងការទូទាត់លុយតាម App លើទូរស័ព្ទទៅ វាមានសុវត្ថិភាពជាង»។
អតិថិជនរបស់អេស៊ីលីដាមួយរូបទៀត គឹលោក រតនៈ ជាបុគ្គលិកផ្នែកលក់ក្នុងក្រុមហ៊ុនឯកជនមួយបានរៀបរាប់ថា« ការទូទាត់ប្រាក់តាមមធ្យោបាយឌីជីថលបែបនេះ នឹងអាចជួយកាត់បន្ថយហាន័យនៃឆ្លងជំងឺកូវីដ១៩ បានច្រើន ព្រោះថា ប្រើក្រដាសប្រាក់ពីដៃមួយទៅដៃ អាចមានឱកាសឆ្លងមេរោគនេះច្រើន »។
ធនាគារជាតិនៃកម្ពុជាធ្លាប់បានចេញសេចក្ដីប្រកាស ដោយមានការលើកទឹកចិត្ត ឲ្យមានការកាត់បន្ថយការប្រើប្រាស់ ឬចេញផ្សាយមូលប្បទានប័ត្រ ឬហៅថា សែក សម្រាប់ធ្វើការទូទាត់ ហើយជំនួសដោយការប្រើប្រាស់សេវាអេឡិចត្រូនិកវិញ តាមលទ្ធភាពដែលអាចធ្វើទៅបាន។ ការលើកទឹកចិត្តការប្រើប្រាស់សេវាអេឡិចត្រូនិក គឺដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺ Covid-19 ដែលកំពុងរីករាលដាល និងដើម្បីធានាសុវត្ថិភាព និងការពារហានិភ័យនានា ដែលអាចកើតមានឡើងដោយយថាហេតុ៕