សារព័ត៌មានVietnam News បានរាយការណ៍ថា បាតុភូតអាកាសធាតុអេននីណូ ដែលបានរសាត់ពីតំបន់ប្រមាណជា៣ ឆ្នាំទៅហើយនោះ កំពុងតែវិលមកវិញហើយ។ នៅពេលដែលវាវិលមកវិញ HSBC Vietnam បានអះអាង នៅក្នុងរបាយការណ៍របស់ខ្លួនកាលពីសប្ដាហ៍មុនថា ទិន្នផលកសិផលកសិកម្មសំខាន់ៗ ដែលកំពុងតែមានទីផ្សាររបស់វៀតណាម ដូចជា អង្ករ និងកាហ្វេ អាចរងផលប៉ះពាល់ធ្ងន់ធ្ងរ ។
របាយការណ៍នេះក៏បានអះអាងថា បាតុភូតអាកាសធាតុអេននីណូនេះ ក៏អាចនឹងបង្កហានិភ័យមួយចំនួន ពាក់ព័ន្ធនឹងឧស្សាហកម្ម និងផលិតកម្មឧបករណ៍គ្រឿងបង្គុំអេឡិចត្រូនិច ( semiconductor)ផងដែរ។
នៅឆ្នាំនេះ បាតុភូតអាកាសធាតុអេននីណូ កំពុងតែលិចរូបរាងឡើង ហើយប្រទេសនៅក្នុងតំបន់មួយចំនួន រួមទាំងវៀតណាម បានទទួលរួចមកហើយនូវបាតុភូតនៃការកើនឡើងនូវរលកកំដៅដ៏ធ្ងន់ធ្ងរ។ ទន្ទឹមនឹងនោះ ក៏នឹងមានការព្យាករអំពីការខ្វះខាតកង្វះទឹក និងគ្រោះរាំងស្ងួតធ្ងន់ធ្ងរបន្ថែមទៀតនៅពេលខាងមុខ ។
គេនៅចាំបានថា កាលពីឆ្នាំ២០១៥ និង ២០១៦ នៅពេលដែលតំបន់រងបាតុភូតអាកាសធាតុអេននីណូ ផលិតកម្មស្រូវនៅថៃ និង វៀតណាម បានធ្លាក់ចុះដល់ទៅ ១០ ភាគរយ ។
កាសែតវៀតណាមបានអះអាងថា សម្រាប់ដំណាំកាហ្វេ មិនធំដូចជា ស្រូវអង្ករទេ ប៉ុន្តែវាក៏មានទីផ្សារគួរសមដែរ ហើយអាកាសធាតុបែបនេះអាចប៉ះពាល់ដល់អ្នកដាំកាហ្វេ ពីព្រោះរស់ជាតិល្វីង និងសារធាតុនៅក្នុងកាហ្វេនោះ វាមានទំនាក់ទំនងយ៉ាងជិតស្និតនឹងកម្រិតបរិមាណទឹក ដែលដំណាំនេះត្រូវការ ។
ក្រៅពីកសិកម្ម បាតុភូតអាកាសធាតុអេននីណូ អាចនឹងអាចបណ្តាលឱ្យមានការរំខានដល់ផលិតកម្មឧស្សាហកម្មដោយសារកង្វះថាមពល ខណៈដែលគេដឹងថា មកដល់ខែមិថុនា ខេត្តភាគខាងជើងមួយចំនួនរបស់វៀតណាម ដែលជាមជ្ឈមណ្ឌលផលិតគ្រឿងអេឡិចត្រូនិកធំៗដូចជា Samsung និង Foxconn បានជួបបញ្ហាកង្វះអគ្គិសនី ពីព្រោះប្រភពអគ្គីសនីវៀតណាមមួយចំនួន ក៏ត្រូវការដំណើរការដោយវារីអគ្គីសនី ។
ក្រៅពីវៀតណាម បាតុភូតអាកាសធាតុអេននីណូ ក៏ត្រូវបានគេអះអាងថា អាចបង្កផលប៉ះពាល់ដល់ផលិតកម្ម ដូងប្រេងនៅឥណ្ឌូនេស៊ី និង ម៉ាឡេស៊ី ព្រមទាំង កសិកម្មនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ៕
ដោយៈ សរ សុជាតិ