កំពូលមហាសេដ្ឋី Elon Musk និងលោក វីវេក រ៉ាម៉ាស្វាមី (Vivek Ramaswamy) អតីតបេក្ខជនឈរឈ្មោះប្រជែងតំណែងប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ នឹងរួមគ្នាដឹកនាំអង្គភាពជំរុញប្រសិទ្ធភាពការងាររដ្ឋាភិបាល ដែលជាអង្គភាពថ្មីមួយដែលលោក ដូណាល់ ត្រាំ អះអាងថា នឹងដំណើរការដោយឯករាជ្យមិនស្ថិតក្រោមចំណុះរបស់រដ្ឋាភិបាល។
លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ថា លោក Elon Musk និងលោក វីវេក រ៉ាម៉ាស្វាមី (Vivek Ramaswamy) នឹងជួយរដ្ឋាភិបាលថ្មីរបស់លោកកាត់បន្ថយការិយាធិបតេយ្យរបស់រដ្ឋាភិបាល កាត់បន្ថយបទប្បញ្ញត្តិច្រើនហួសហេតុ និងកាត់បន្ថយការចំណាយខ្ជះខ្ជាយ ហើយក៏នឹងជួយរៀបចំរចនាសម្ព័ន្ធទីភ្នាក់ងារសហព័ន្ធនានាឡើងវិញផងដែរ។
ប្រធានាធិបតីទើបជាប់ឆ្នោតរូបនេះបានលើកឡើងថា អង្គភាពជំរុញប្រសិទ្ធភាពការងាររដ្ឋាភិបាលថ្មីនេះនឹងជួយសម្រេចគោលដៅដែលមានជាយូរមកហើយរបស់គណបក្សសាធារណរដ្ឋតាមរយៈការផ្តល់អនុសាសន៍ណែនាំ។ នេះមានន័យថា តួនាទីរបស់លោក Elon Musk និងលោក វីវេក រ៉ាម៉ាស្វាមី (Vivek Ramaswamy) នឹងមានលក្ខណៈក្រៅផ្លូវការ ដែលមិនតម្រូវឱ្យមានការបោះឆ្នោតអនុម័តពីព្រឹទ្ធសភានោះឡើយ ដែលអនុញ្ញាតឱ្យលោក Elon Musk នៅតែអាចបន្តដឹកនាំក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គម X និងក្រុមហ៊ុនបច្ចេកវិទ្យាអវកាស SpaceX បានដដែល។
លោក ដូណាល់ ត្រាំ បានបញ្ជាក់ផងដែរថា អង្គភាពថ្មីនេះនឹងធ្វើការជាមួយសេតវិមាន និងការិយាល័យគ្រប់គ្រង និងថវិកា ដែលជានាយកដ្ឋានដ៏សំខាន់មួយនៅក្នុងរដ្ឋាភិបាលសហព័ន្ធរបស់សហរដ្ឋអាម៉េរិក ដើម្បីជំរុញការធ្វើកំណែទម្រង់សំខាន់ៗ និងដើម្បីជួយឱ្យរដ្ឋាភិបាលមានផ្នត់គំនិតសហគ្រិនភាព។
សូមបញ្ជាក់ថា ការងាររបស់អង្គភាពថ្មីនេះគ្រោងនឹងបិទបញ្ចប់នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ ដែលជាខួបលើកទី២៥០នៃការប្រកាសឯករាជ្យរបស់សហរដ្ឋអាម៉េរិក ដែលនេះមានន័យថា អង្គភាពថ្មីនេះនឹងត្រូវរំលាយចោលវិញបន្ទាប់ពីនេះ៕
ដោយ: តែម សុខុម