ការខាតបង់សុទ្ធដល់ទៅជាង៥ពាន់៥រយលានដុល្លារ របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates នេះ គឺជាលើកទី១ហើយនៅក្នុងរយៈពេលជាង៣ទសវត្សរ៍កន្លងមកនេះ ដែលក្រុមហ៊ុនអាកាសចរណ៍លំដាប់ខ្ពស់មួយនេះ គ្មានរកបានប្រាក់ចំណេញសូម្បីតែមួយកាក់មួយសេនដុល្លារសោះ ហើយថែមទាំងផុងខ្លួនខាតរាប់ពាន់លានដុល្លារថែមទៀត។
ប្រាក់ចំណូលរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates បានធ្លាក់ចុះ ៨ពាន់៤រយលានដុល្លារ បើទោះបីជាការចំណាយត្រូវបានកាត់បន្ថយជិត៥០%ទៅហើយក្ដី។ ក្រុមហ៊ុននេះ បានគូសបញ្ជាក់ទៀតថា ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាស និង សមត្ថភាពដឹកជញ្ជូនទំនិញមានការធ្លាក់ចុះជិត៦០% កាលពីឆ្នាំមុន។ តួយ៉ាង ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំរបស់អារ៉ាប់រួមមួយនេះ ទទួលបានអ្នកដំណើរតែប្រមាណ ៦លាន៦សែននាក់ប៉ុណ្ណោះ ធ្លាក់ចុះដល់ទៅ ៩០%។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០២០ ក្រុមហ៊ុនអាកាសចរណ៍ Emirates ក៏ទើបបានទទួលថវិកាប្រមាណ២ពាន់លានដុល្លារ ពីរដ្ឋាភិបាលក្រុងឌូបៃ ដើម្បីយកមកប្រើប្រាស់ទប់ទល់នឹងផលប៉ះពាល់ដែលបណ្ដាលមកពីកូវីដ-១៩។
នៅអំឡុងពេលមេរោគរាតត្បាតនេះ ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនពិសេសក្រុមហ៊ុនអាកាសចរណ៍ធំៗបានរងការខាតបង់យ៉ាងដំណំ ដោយសារតែការធ្វើដំណើរអន្តរជាតិត្រូវបានរឹតត្បិត។ តួយ៉ាង តាមទិន្នន័យពីអង្គការអាកាសចរណ៍ស៊ីវិល ICAO បានឲ្យដឹងថា តាមការប៉ាន់ស្មាននៅឆ្នាំ២០២០ ការខាតបង់របស់ក្រុមហ៊ុនអាកាសចរណ៍ទូទាំងសកលលោក អាចនឹងមានដល់ទៅជាង ៣៧០ពាន់លានដុល្លារអាមេរិក៕