ក្រុមអ្នកវិភាគនៅផ្សារហ៊ុនថៃ បានអះអាងថា តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនធំៗដែលទាក់ទងនឹងសម្បទានរដ្ឋ ដូចជាថាមពល សេវាកម្មលក់រាយ និងអាជីវកម្មសំណង់ ហាក់មាននិន្នាការប្រែប្រួល បន្ទាប់ពីគណបក្សឆ្ពោះទៅមុខបានទទួលការគាំទ្រពីប្រជាពលរដ្ឋនៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យមុន។
យោងតាមសារព័ត៌មាន ឌឹ ណេសិន ក្រុមអ្នកវិភាគបានអះអាងថា គណបក្សឈ្នះឆ្នោតនេះមានគោលនយោបាយសេដ្ឋកិច្ចច្បាស់លាស់សំដៅប្រឆាំងអ្នកដែលចូលចិត្តអនុវត្តប្រព័ន្ធសេដ្ឋកិច្ចបែបផ្តាច់មុខ ហើយគាំទ្រសេរីភាវូបនីយកម្មអាជីវកម្មដោយផ្តោតលើការគាំទ្រសហគ្រិនខ្នាតតូច ឬអ្នកចាប់ផ្តើមអាជីវកម្មដំបូង។ អ្នកវិភាគបាននិយាយថា គោលនយោបាយនេះបានបង្កការព្រួយបារម្ភចំពោះម្ចាស់ភាគហ៊ុននៃក្រុមហ៊ុនធំៗ ជាហេតុធ្វើឱ្យតម្លៃភាគហ៊ុនរបស់ពួកគេចាប់ផ្តើមធ្លាក់ចុះបន្ទាប់ពីលទ្ធផលបោះឆ្នោត។
លោក នុតាឆាត មេកម៉ាស៊ីន ដែលជាជំនួយការនាយកគ្រប់គ្រង និងជាអ្នកវិភាគការស្រាវជ្រាវនៅក្រុមហ៊ុនមូលបត្រ ទ្រីនីធី បាននិយាយថា ជ័យជំនះរបស់គណបក្សឆ្ពោះទៅមុខក្នុងការបោះឆ្នោត ហាក់ដូចជាបានជះឥទ្ធិពលដល់ក្រុមក្រុមហ៊ុនចុះបញ្ជីចំនួនបីប្រភេទដែលទទួលសម្បទានពីរដ្ឋ គឺក្រុមហ៊ុនថាមពល, ក្រុមហ៊ុនដែលឈ្នះការដេញថ្លៃសំណង់ឬកិច្ចសន្យាលទ្ធកម្មពីភ្នាក់ងាររដ្ឋ, និងក្រុមហ៊ុនអ្នកលក់រាយធំ។
លោក នុតតាឆាត បានបញ្ជាក់ថា ក្រុមហ៊ុនថាមពល ដែលរួមមានរោងចក្រអគ្គិសនីឯកជន រោងចក្រផលិតឧស្ម័ននិងប្រេងឥន្ធនៈ ព្រមទាំងក្រុមហ៊ុនលក់រាយនូវទំនិញទាំងនេះ អាចនឹងរងផលប៉ះពាល់ ដោយគោលនយោបាយរបស់រដ្ឋាភិបាលថ្មី។ ចំណែកឯក្រុមហ៊ុនសម្បទានទូរគមនាគមន៍ និងក្រុមហ៊ុនសម្បទានអយស្ម័យយានអគ្គិសនី ក៏ទំនងជាមានវាសនាមិនខុសគ្នាពីបណ្ដាក្រុមហ៊ុនធំៗដែលរកស៊ីលក់រាយទំនិញសព្វសារពើដែរ ព្រោះគោលនយោបាយរបស់គណបក្សឆ្ពោះទៅមុខ អំណោយផលដល់ក្រុមហ៊ុនតូចៗជាង ជាហេតុធ្វើឱ្យប្រាក់ចំណេញរបស់ក្រុមហ៊ុនធំៗប្រឈមមុខនឹងការធ្លាក់ចុះ។
លោក គីចផុន ប្រៃផៃសាលគីត ជំនួយការនាយកគ្រប់គ្រងក្រុមហ៊ុនមូលបត្រ យូអូប៊ីខាយហៀន បាននិយាយថា ក្រុមហ៊ុនអគ្គីសនី ហ្គាល ដែលជាម្ចាស់រោងចក្រថាមពលសម្បទាន និងដែលជាម្ចាស់ក្រុមហ៊ុនរួមទុនរវាងសាជីវកម្ម ទ្រូ និង ឌីតាក់ អាចនឹងរងផលប៉ះពាល់ដែរ។
លោក គីចផុន បាននិយាយថា កិច្ចសន្យានៃរោងចក្រថាមពលដែលត្រូវបានចុះហត្ថលេខារួចហើយ ប្រហែលជាមិនរងផលប៉ះពាល់ទេ ប៉ុន្តែក្រុមហ៊ុនដដែលនេះប្រហែលជាពិបាកនឹងឈ្នះការដេញថ្លៃគម្រោងថ្មីៗនៅពេលក្រោយ។
អ្នកវិភាគរូបនេះបានបន្ថែមថា និន្នាការទីផ្សារចំពោះក្រុមហ៊ុនទូរគមនាគមន៍ដែលបានចុះបញ្ជីអាចប្រែប្រួលរហ័សក្នុងថេរវេលាខ្លីមួយ ដោយសារក្រុមហ៊ុនទាំងនេះស្ថិតនៅក្រោមយន្តការទីផ្សារដែលពាក់ព័ន្ធនឹងប្រសិទ្ធភាពរបស់ក្រុមហ៊ុន៕