ក្នុងរបាយការណ៍មួយដែលបានដាក់ទៅកាន់រដ្ឋសភារដ្ឋាភិបាលវៀតណាមថ្មីនេះ បានបង្ហាញថាពាណិជ្ជកម្មរវាងវៀតណាម ជាមួយបណ្តាប្រទេសនៅអឺរ៉ុបបានកើនឡើងយ៉ាងខ្លាំង ចាប់តាំងពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប- វៀតណាម (EVFTA) បានចូលជាធរមានកាលពីខែសីហាឆ្នាំមុនមក។
ក្នុងចំណោមប្រទេសសមាជិកអឺរ៉ុបចំនួន ២៧ គឺមានរហូតដល់ទៅ២៦ប្រទេសទៅហើយ ដែលការវិនិយោគរបស់ពួកគេមាននៅវៀតណាមបានកើនឡើងបើគិតចាប់ពីដើមឆ្នាំរហូតមកទល់ពេលនេះ ក្នុងនោះរួមមានប្រទេសសំខាន់ៗដូចជា ហូឡង់ បារាំង បែលហ្ស៊ិក អាល្លឺម៉ង់ ស៊ុយអែត ជាដើម។
ហូឡង់បានក្លាយជាអ្នកវិនិយោគធំបំផុតក្នុងប្រទេសវៀតណាម ក្នុងចំណោមប្រទេសអឺរ៉ុបផ្សេងទៀត ដោយមានទឹកប្រាក់ជាង១០ ពាន់លានដុល្លារ ដែលបានបោះទុននៅក្នុងគម្រោងចំនួន ៣៨២ គម្រោង ។ បន្ទាប់មកគឺប្រទេសបារាំងមានទឹកប្រាក់ចំនួន វិនិយោគ នៅវៀតណាមជាង ៣ពាន់៦រយលានដុល្លារ ខណៈប្រទេសអាឡឺម៉ង់មានជាង២ពាន់៣រយលានដុល្លារ។
ទន្ទឹមនេះ ការវិនិយោគនៅអឺរ៉ុបត្រូវបានគេព្យាករណ៍ថានឹងបន្តកើនឡើងក្នុងរយៈពេលមធ្យម និងវែងបន្ថែមទៀត ជាពិសេសនៅក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យាកម្រិតខ្ពស់។ពាណិជ្ជកម្មរវាងអឺរ៉ុប និងវៀតណាម មានការរីកចម្រើនខ្លាំងនៅក្នុងឆ្នាំនេះ តាំងពីកិច្ចព្រមព្រៀងពាណិជ្ជសេរីរវាងភាគីទាំងពីរបានចូលជាធរមាន បើទោះបីជាមានការរំខានដោយកូវីដ១៩យ៉ាងណាក្ដី។
សូមបញ្ជាក់ថា ខេត្ត និងទីក្រុងជាច្រើនក្នុងប្រទេសវៀតណាមកំពុងអភិវឌ្ឍន៍ដីនៅជុំវិញតំបន់ឧស្សាហកម្ម ព្រមទាំងកសាងហេដ្ឋារចនាសម្ព័ន្ធ និងការបង្កើតកម្លាំងពលកម្មជំនាញក្នុងវិស័យកសិកម្ម ផលិតកម្ម ការដឹកជញ្ជូន និងការសម្រួលដល់នីតិវិធីរដ្ឋបាល ដើម្បីទាក់ទាញការវិនិយោគរបស់សហភាពអឺរ៉ុបផងដែរ។
ត្បិតថាបែបេនេះក្ដី ប៉ុន្ដែ វៀតណាមនៅមានឧបសគ្គក្នុងការអនុវត្តស្តង់ដារបច្ចេកទេសផ្សេងទៀតនៃទីផ្សារសហភាពអឺរ៉ុប។ ក្រៅពីនេះការគាំពារនិយម និងការប្រើមធ្យោបាយដោះស្រាយពាណិជ្ជកម្ម និងរបាំងមិនមែនពន្ធគយកំពុងកើនឡើងនៅក្នុងប្លុកនេះផងដែរ៕
អត្ថបទ៖ ស៊ើង និមល់